បក្ស​ប្រឆាំង​ក្នុង​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​លើក​លែង​បទ​ចោទ​លើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់

0:00 / 0:00

មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​សាលា​ឧទ្ធរណ៍ លើក​លែង​បទ​ចោទ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​មក​ពី​គណបក្ស សម រង្ស៊ី។ ការ​អំពាវនាវ​នេះ នៅ​ពេល​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជា​ជនជាតិ​ដើម​ភាគ​តិច​ទំពួន កំពុង​ជាប់​ពន្ធនាគារ​តាម​បណ្ដឹង​របស់​មេ​ឃុំ​តាឡាត។ ក្រុមប្រឹក្សា​ឃុំ​រូប​នោះ ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​កាប់​ឆ្ការ​ព្រៃ​ក្បាល​ស្រែ ដើម្បី​ពង្រីក​ផ្ទៃ​ដី​កសិកម្ម​មួយ​ហិកតារ​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ទំពួន កាល​ពី​ឆ្នាំ​២០១៤។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាឡាត លោក ណ ឡិត កាល​ពី​ដើម​ឆ្នាំ​២០១៥ ថា​ជា​ចេតនា​រើសអើង​បក្ស​នយោបាយ និង​ជា​រឿង​អយុត្តិធម៌ បន្ទាប់​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​រូប​នោះ​ជា​ជនជាតិ​ដើម​ភាគ​តិច​ទំពួន បាន​កាប់​ឆ្ការ​ព្រៃ​មួយ​ហិកតារ​ជា​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ធ្វើ​ចម្ការ​លក្ខណៈ​គ្រួសារ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង លោក សាត ស៊ិន ឲ្យ​ដឹង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាឡាត លោក ណ ឡិត បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជិត ១​ឆ្នាំ​ហើយ តាម​ពាក្យ​បណ្ដឹង​របស់​មេ​ឃុំ​តាឡាត លោក សឿង ខង ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់។ លោក​កត់​សម្គាល់​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​រូប​នោះ បាន​កាប់​ឆ្ការ​ព្រៃ​ក្នុង​ភូមិ​ក្បែរ​លំនៅឋាន ដើម្បី​ពង្រីក​ផ្ទៃ​ដី​កសិកម្ម​ប្រហែល ១​ហិកតារ​កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​អាស្រ័យ​ផល​លក្ខណៈ​គ្រួសារ​ជនជាតិ​ដើម​ភាគ​តិច និង​ជា​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​ទំពួន។ លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក ណ ឡិត ថា​ជា​ចេតនា​បំបាក់​ស្មារតី​អាជ្ញាធរ​មក​ពី​គណបក្ស​ជំទាស់ និង​ដើម្បី​កេង​ចំណេញ​នយោបាយ ខណៈ​ដែល​ព្រៃ​ឈើ​នៅ​តំបន់​នោះ និង​នៅ​តំបន់​ផ្សេង​ទៀត ត្រូវ​បាន​គេ​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​រាប់​ម៉ឺន​ហិកតារ ពុំ​ត្រូវ​បាន​ចាប់​ខ្លួន​អនុវត្ត​ច្បាប់​ឡើយ៖ « ក្បែរ​ដី​គាត់​ហ្នឹង​មាន​ទាំងអស់ ហើយ​មក​ដាក់​បន្ទុក​តែ​គ្រួសារ​គាត់​មួយ។ នេះ​ជា​រឿង​រើសអើង​នយោបាយ មិន​មែន​ជា​រឿង​ច្បាប់ ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា ខ្ញុំ​ចុះ​ទៅ​តាឡាត គេ​កាប់​រាប់​ម៉ឺន​រាប់​សែន​ហិកតារ​កណ្ដាល​ព្រៃ អត់​មាន​ទោស មក​ធ្វើ​បាប​តែ​គ្នា​គណបក្ស​ប្រឆាំង ចាប់​គ្នា​ដាក់​គុក។ នេះ​ជា​រឿង​អត់​សម​ហេតុ​សម​ផល »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​តាឡាត លោក សឿង ខង ដែល​ជា​ដើម​បណ្ដឹង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ លោក ជូង ជូងី មើល​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក គឺ​ជា​ចេតនា​រើសអើង​បក្ស​នយោបាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​ខេត្ត​ស្ទឹងត្រែង ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​កត់​សម្គាល់​ថា លោក​បាន​ធ្វើ​លិខិត​ស្នើសុំ​សាលា​ឧទ្ធរណ៍ ឲ្យ​កូន​ក្តី​លោក​នៅ​ក្រៅ​ឃុំ តែ​សាលា​ឧទ្ធរណ៍​បដិសេធ។ ដូច្នេះ លោក​បាន​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត៖ « កាប់​ព្រៃ​ដើម្បី​សង់​លំនៅឋាន​ជា​លក្ខណៈ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។ ចឹង​គឺ​គាត់​កាប់​អត់​ខុស​ច្បាប់​ទេ។ តែ​គាត់​ប្ដឹង​ដោយសារ​តែ​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន គាត់​រើសអើង​គណបក្ស​នយោបាយ ហើយ​ប្ដឹង​ទៅ​តុលាការ ឲ្យ​តុលាការ​កាត់​ក្តី​ក៏​មាន​លក្ខណៈ​រើសអើង​នយោបាយ​ដែរ »

ករណី​នេះ​ដែរ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ហាក់​មិន​អស់​ចិត្ត​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ខណៈ​ដែល​មាន​ឧកញ៉ា​មួយ​ចំនួន និង​ឈ្មួញ​ជនជាតិ​វៀតណាម ជាច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ច្រើន​សន្ធឹកសន្ធាប់ មិន​ត្រូវ​បាន​ចាប់​ខ្លួន ឃើញ​តែ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​គណបក្ស​ប្រឆាំង។ លោក​ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​តុលាការ ថា​មិន​ស្មើ​ភាព ដែល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស់​ជំនឿ​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​លើ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ៖ « គេ​ចាប់​ហ្នឹង​ដោយសារ​តែ​គាត់​ពាក់ព័ន្ធ​គណបក្ស​ប្រឆាំង។ ចឹង​ហើយ​សូម​ឲ្យ​រដ្ឋាភិបាល គួរ​តែ​អនុវត្ត​ច្បាប់​ដូចៗ​គ្នា គួរ​តែ​ចាត់​វិធានការ​ជាមួយ​នឹង​ឧកញ៉ា​ដែល​ស៊ី​ឈើ​កន្លង​មក​ឲ្យ​បាន​ម៉ត់ចត់ មិន​គួរ​ដោះ​លែង ហើយ​មាន​ការ​សម្រប​សម្រួល​ណា​មួយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រិះគន់​អនុវត្ត​ច្បាប់​មិន​មាន​លក្ខណៈ​សុក្រឹត មាន​ការ​រើសអើង​គណបក្ស​នយោបាយ »

សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាឡាត មក​ពី​គណបក្ស សម រង្ស៊ី លោក ណ ឡិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក ណ ឡិត ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត ហើយ​រហូត​បច្ចុប្បន្ន សំណុំ​រឿង​នេះ​ត្រូវ​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ និង​មិន​ទាន់​កំណត់​ពេល​កាត់​ក្តី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។