តុលាការ​ច្រាន​ចោល​បណ្ដឹង​របស់​លោក គឹម សុខ ករណី​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​ពីរ

ដោយ រ៉ាន់ សំណាង
2017-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ (ខោ​អាវ​ពណ៌​ទឹក​ក្រូច) ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក គឹម សុខ (ខោ​អាវ​ពណ៌​ទឹក​ក្រូច) ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Rann Samnang

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​បណ្ដឹង​មេធាវី​របស់​លោក គឹម សុខ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា។ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ ថា​ការ​សម្រេច​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ក្ដី​ខ្លួន។ ចំណែក​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង សាទរ​ការ​សម្រេច​នេះ។

អស់​រយៈពេល​ជាង ៥​ខែ​ហើយ​ដែល​លោក គឹម សុខ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ទោះ​បី​ជា​លោក ជូង ជូងី ជា​មេធាវី​ការពារ​លោក គឹម សុខ ខំ​ដាក់​ពាក្យ​ប្ដឹង​ជាច្រើន​ដង​នៅ​តុលាការ​ជាន់​ខ្ពស់ ដើម្បី​ឲ្យ​កូន​ក្ដី​លោក​បាន​នៅ​ក្រៅ​ឃុំ​យ៉ាង​ណា​ក្ដី។

ពាក្យ​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជា​លើក​ទី​ពីរ​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី សម្រេច​បដិសេធ​ចោល ដោយ​ហេតុ​ថា​មិន​អាច​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​សម្រាប់​ថ្ងៃ​បើក​សវនាការ។

ឈរ​និយាយ​ក្នុង​រង្វង់​ក្រចក​សេះ លោក គឹម សុខ ស្នើសុំ​ចៅក្រម​ជំនុំ​ជម្រះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​មួយ​សប្ដាហ៍ ដើម្បី​ធ្វើ​ការ​ជាមួយ​មេធាវី​របស់​ខ្លួន មុន​នឹង​ឈាន​ដល់​ថ្ងៃ​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ខាង​មុខ​នេះ។ លោក គឹម សុខ នៅ​តែ​អះអាង​មុខ​លោក​ចៅក្រម​ថា លោក​នឹង​មិន​រត់​ទៅ​ណា​នោះ​ទេ និង​ព្រម​អនុវត្ត​តាម​ចំណាត់ការ​ដែល​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

លើក​ឡើង​ក្នុង​បន្ទប់​សវនាការ លោក ជូង ជូងី ថា​ផ្អែក​តាម​ផ្លូវ​ច្បាប់ តុលាការ​អាច​ឲ្យ​កូន​ក្ដី​លោក​នៅ​ក្រៅ​ឃុំ​បាន ដោយ​ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ។ មេធាវី​រូប​នេះ​ថា តុលាការ​អាច​បង្គាប់​ឲ្យ​លោក គឹម សុខ ឈប់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ឈប់​ចូលរួម​សិក្ខាសាលា​ធំៗ ឬ​ក៏​អាច​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ណា​មួយ​តាម​ការ​កំណត់ ប្រសើរ​ជាង​ដាក់​ឃុំ​ខ្លួន​លោក​ក្នុង​គុក។

យោង​តាម​មាត្រា​២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ លោក ជូង ជូងី ថា​មិន​មាន​ចំណុច​ពិសេស​ណា​មួយ​ដែល​ត្រូវ​ឃុំ​ខ្លួន​កូន​ក្ដី​លោក​នៅ​ក្នុង​គុក​ទៀត​ទេ។ លោក ជូង ជូងី ថា​ការ​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ដើម្បី​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ នោះ​ជា​ការ​បំពាន​សិទ្ធិ​សេរីភាព​របស់​ជន​ត្រូវ​ចោទ«លោក គឹម សុខ ចង់​បាន ១០​ថ្ងៃ ដោះលែង​គាត់​នៅ​ក្រៅ ដើម្បី​គាត់​ធ្វើ​ការ​ជាមួយ​ខ្ញុំ ដើម្បី​តតាំង​ក្ដី​នៅ​ថ្ងៃ​ទី​២៦ ប៉ុន្តែ​មិន​ព្រម​អនុញ្ញាត។ ចឹង​តាំង​ពី​មុន​មក ពេល​ហ្នឹង​ហើយ​ពី​ពេល​ហ្នឹង​ទៅ​ថ្ងៃ​សវនាការ លោក គឹម សុខ នៅ​តែ​មាន​ការ​លំបាក​ធ្វើ​ការ​ជាមួយ​ខ្ញុំ ខ្វះ​លទ្ធភាព​ពេញលេញ​ដើម្បី​តតាំង​ក្ដី»

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ជំទាស់​ដោយ​លោក គី តិច ជា​មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន និង​លោក សៀង សុខ ជា​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក គី តិច ស្នើសុំ​ចៅក្រម​ឲ្យ​រក្សា​ឃុំ​ខ្លួន​លោក គឹម សុខ ទុក​នៅ​ដដែល ដោយ​បារម្ភ​ថា​លោក គឹម សុខ នៅ​ក្រៅ​ឃុំ អាច​បង្ក​បទល្មើស​ណា​ផ្សេង​ទៀត ដោយសារ​តែ​ការ​និយាយ​របស់​គាត់។ មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន ចង់​ឲ្យ​តុលាការ​ដាក់​ទោស​លោក គឹម សុខ ជា​អតិបរមា ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ការ​និយាយ​របស់​លោក គឹម សុខ បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា«ជាក់ស្ដែង គឺ​បទល្មើស​របស់​លោក គឹម សុខ ដែល​បាន​ប្រព្រឹត្ត​នេះ ធ្វើ​ឲ្យ​មាន​ការ​ខូចខាត ឬ​មាន​ទំហំ​ធំធេង។ ចឹង​ការ​ដែល​ចោទ​ប្រកាន់​ផ្ទុយ​ពី​ការពិត ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន បាត់បង់​ប្រជាប្រិយភាព ក៏ដូចជា​បាត់​កិត្យានុភាព ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បាត់បង់​ដោយសារ​អំពើ​របស់ គឹម សុខ។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ផ្ដន្ទាទោស គឹម សុខ ក្នុង​កម្រិត​ទោស​អតិបរមា​នៃ​ច្បាប់»

នៅ​សល់​ពេល​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ នឹង​ត្រូវ​គេ​នាំ​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី តាម​ពាក្យ​បណ្ដឹង​របស់​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លោក គឹម សុខ ថ្លែង​ដោយ​ប្រយោល​កាល​ពី​ខែ​កុម្ភៈ ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​បណ្ឌិត កែម ឡី។

លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ប្ដឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ ២​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hun Sen is coward, he does not dare to meet face to face in the court with Mr. Kim Sok

Jul 19, 2017 12:51 AM

គេហទំព័រ​ទាំងមូល