ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនប្រធានក្រុមហ៊ុន ប៊ុណា្ណ រៀលធី លោក ស៊ឹង ប៊ុណ្ណា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងនៅថ្ងៃទី១០ មិថុនា ថា លោក ស៊ឹង ប៊ុណ្ណា ត្រូវបានព្រះរាជអាជ្ញារងលោក សេង ហៀង ចេញដីកាបង្គាប់ឱ្យចូលខ្លួន ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ។
យ៉ាងណាក៏ដោយលោក លី សុផាណា មិនទាន់បញ្ជាក់ថា ចំនួនទឹកប្រាក់នៃសែកស្អុយនោះមានចំនួនប៉ុន្មានទេ ប៉ុន្តែសារពត៌មានក្នុងស្រុកផ្សព្វផ្សាយថា សែកនោះមានទឹកប្រាក់ជាង៤០ម៉ឺនដុល្លារ តាមបណ្តឹងរបស់ឧកញ៉ា កែវ ហ៊ុន។
មាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ចែងថា បុគ្គលណា មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ នឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ពី ២លាន ដល់៦លានរៀល និងជាប់ពន្ធនាគារពី ១ឆ្នាំ ដល់៣ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សំណងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់។
ក្រុមហ៊ុន ប៊ុណា្ណ រៀលធី ជាក្រុមហ៊ុនផ្នែកអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលបានចាប់ផ្ដើមដំណើររបស់ខ្លួនតាំងពីឆ្នាំ១៩៩៩មក ដោយចាប់ផ្ដើមពីការិយាល័យដ៏តូចជាមួយតុ និងម៉ូតូចាស់មួយប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
