តុលាការ​សម្រេច​តម្កល់​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី របស់​បេក្ខជន​ដែល​ឈរ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​តម្កល់​សំណុំ​រឿង​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជាង ២​សប្ដាហ៍​ក្រោយ​ពី​តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង។

0:00 / 0:00

យុវជន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​ឆ្លើយ​តប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ចាត់​វិធាន​ការ​ប្រឆាំង​លោក ហ៊ុន សែន តាម​បណ្ដឹង​របស់​លោក ថា​បាន​បង្ហាញ​យ៉ាង​ប្រាកដ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ពុំ​មាន​ភាព​ឯករាជ្យ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន និង​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សួង សុភ័ណ្ឌ ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ថ្ងៃ​ទី៥ កក្កដា ថា លោក​សោកស្ដាយ​ភាព​ព្រងើយ​កន្តើយ​របស់​តុលាការ​ដែល​មិន​ចាត់​វិធាន​ការ​កាត់​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដឹង​របស់​លោក។ លោក​គិត​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ពិត​ជា​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ នៅ​ពេល​មាន​បណ្ដឹង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ជា​ពិសេស​លោក ហ៊ុន សែន។

លោក​បន្ត​ថា បើ​ទោះ​ជា​តុលាការ​បង្ហាញ​ភាព​ទន់​ជ្រាយ​ក្នុង​សំណុំ​រឿង​របស់​លោក​យ៉ាង​ណា​ក្តី ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ។ បើ​ទោះ​ជា​លោក សួង សុភ័ណ្ឌ មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ប្ដឹង​ជា​ថ្មី​ឡើង​វិញ​ប្រឆាំង​លោក ហ៊ុន សែន យ៉ាង​ណា​ក៏ដោយ តែ​លោក​អះអាង​ថា បណ្ដឹង​របស់​លោក​ដែល​ត្រូវ​បាន​តុលាការ​ទាត់​ចោល​នេះ លោក​នឹង​ប្ដឹង​ជា​ថ្មី​ម្ដង​ទៀត។

កាល​ពី​ថ្ងៃ​ទី២០ មិថុនា លោក សួង សុភ័ណ្ឌ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ថា​បាន​ផ្ដើម​គំនិត​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។ នៅ​ក្នុង​បណ្ដឹង​នោះ ចោទ​លោក ហ៊ុន សែន ថា​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ស៊ឺ វណ្ណនី ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទេ​នៅ​ថ្ងៃ​ទី៥ កក្កដា ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ។

លិខិត​ចុះ​ថ្ងៃ​ទី៤ កក្កដា របស់​លោក​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​តម្កល់​ទុក​ឥត​ចាត់​ការ ប៉ុន្តែ​ខ្លឹមសារ​នៃ​លិខិត​ជូន​ដំណឹង​នោះ បាន​ឲ្យ​ដឹង​ថា បណ្ដឹង​នេះ​ត្រូវ​បាន​តម្កល់​ទុក​រួច​ហើយ ចុះ​ថ្ងៃ​ទី៤ កក្កដា ឆ្នាំ​២០១៣។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ គិត​ថា តុលាការ​គួរ​បង្ហាញ​ភាព​យុត្តិធម៌​ក្នុង​ចំណាត់​ការ​របស់​ខ្លួន​ឲ្យ​បាន​ស្មើ​គ្នា​រវាង​ពលរដ្ឋ និង​មន្ត្រី​សាធារណៈ​របស់​រដ្ឋាភិបាល។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្យាយាម​ច្រាន​ចោល​បណ្ដឹង​របស់​លោក សួង សុភ័ណ្ឌ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​កាល​ពី​ថ្ងៃ​ទី៤ កក្កដា។ បន្ទាប់​ពី​បណ្ដឹង​ស្រដៀង​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ របស់​លោក សួង សុភ័ណ្ឌ ត្រូវ​បាន​តុលាការ​ទាត់​ចោល​ម្ដង​រួច​ហើយ​ដែល​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។