ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា នៅរសៀលថ្ងៃទី៨ ធ្នូ នេះ បានបញ្ចប់ការសាកសួរសាក្សីម្នាក់បន្ថែមទៀត វ័យ ៧៥ឆ្នាំ គឺលោកស្រី ង៉ែត ឃុន។
លោកស្រីត្រូវបានតុលាការក្រុងភ្នំពេញ ហៅទៅសាកសួរពាក់ព័ន្ធនឹងសំណុំរឿងអំពើហិង្សារវាងក្រុមស្ត្រីបឹងកក់ ជាមួយនឹងអាជ្ញាធរក្រុងភ្នំពេញនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។ ក្នុងសំណុំរឿងនេះ សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី ត្រូវតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស។
លោកស្រី ង៉ែត ឃុន ឲ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីបញ្ចប់ការសាកសួរថា លោកស្រីមានជំនឿថា អ្នកស្រី ទេព វន្នី អាចនឹងត្រូវតុលាការបន្ធូរបន្ថយទោស។ លោកស្រី ង៉ែត ឃុន អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យអ្នកស្រី ទេព វន្នី ទទួលបានយុត្តិធម៌៖ «សុំឱ្យសម្ដេចជួយធ្វើអន្តរាគមន៍ ហើយនិងប្រព័ន្ធតុលាការហ្នឹងឲ្យឯករាជ្យ ឲ្យយុត្តិធម៌ ឲ្យជួយរកយុត្តិធម៌ដល់អ្នកស្រី ទេព វន្នី ផង ព្រោះអ្នកស្រី ទេព វន្នី មិនបានប្រើអំពើហិង្សាទៅលើបុគ្គលណាមួយទេណា! មានតែពួកកម្លាំងសមត្ថកិច្ចទេ រាប់រយនាក់ដែលមកប្រើអំពើហិង្សាលើពួកខ្ញុំ»។
កាលពីថ្ងៃទី៧ ធ្នូ លោក នូ វាសនា បានកោះហៅសកម្មជនបឹងកក់ ពីរនាក់ គឺលោកស្រី បូ ឆវី និងលោកស្រី គង់ ចន្ថា ទៅសាកសួរ។
ពាក់ព័ន្ធនឹងសំណុំរឿងសកម្មជនដីធ្លី និងជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំ អ្នកស្រី ទេព វន្នី ប្រើអំពើហិង្សាក្បែរផ្ទះនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣ នេះ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។ អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ក៏ត្រូវចោទពីរករណីផ្សេងទៀត គឺពីបទជេរប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ និងរឿងក្តីទាក់ទងនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
