តុលាការ​រាយការណ៍​ទៅ​ប្រធាន​រដ្ឋសភា​អំពី​ករណី​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា

ដោយ អ៊ុង សេរីវុទ្ធ
2016.05.27
ហេង សំរិន ២០១៦ ៨៥៥ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២៧ ឧសភា ដើម្បី​រាយការណ៍​ពី​មូលហេតុ នៃ​ការ​តាម​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

លិខិត​របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​មូលហេតុ​ពី​ការ​បង្គាប់​ចាប់​ខ្លួន​លោក កឹម សុខា នេះ ដោយ​លើក​ហេតុផល​ថា លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំនួន​ពីរ​លើក ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម​ក្នុង​នាម​ជា​សាក្សី ក្រោយ​ពី​អយ្យការ​បាន​ស្ដាប់​ចម្លើយ​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ១២៨០ ចុះ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦។

លិខិត​នោះ​ក៏​បញ្ជាក់​ពី​សកម្មភាព​ដែល​តុលាការ​បាន​ស្ទាក់​ឃាត់​រថយន្ត​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា នៅ​តាម​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក តែ​ពុំ​មាន​វត្តមាន​លោក កឹម សុខា។

ចំណែក​មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៧ ឧសភា នេះ ថា អភ័យឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា មិន​អាច​រារាំង​ការ​ចោទ​ប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​នោះ​បាន​ទេ សម្រាប់​ទង្វើ​ដែល​ជា​បទល្មើស​ជាក់ស្ដែង​តាម​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក គឹម សន្តិភាព អះអាង​បែប​នេះ ដោយ​លោក​យោង​នីតិវិធី​ព្រហ្មទណ្ឌ​បាន​កំណត់​ច្បាស់​លាស់​លើ​មាត្រា ៨៦ ៨៧ និង១០៦ ហើយ​លោក​បន្ត​ថា មាន​តែ​សំឡេង​គាំទ្រ ៣ ភាគ ៤ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ទេ ទើប​អាច​ផ្អាក​នីតិវិធី​ចាប់​ខ្លួន​លោក កឹម សុខា បាន។

មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា បុគ្គល​ណា​ដែល​មិន​ចូល​ទៅ​ឆ្លើយ​ជា​សាក្សី​នៅ​ចំពោះ​មុខ​អយ្យការ ចៅក្រម​ស៊ើបសួរ ឬ​តុលាការ​ព្រហ្មទណ្ឌ តាម​ដីកា​កោះហៅ ដោយ​គ្មាន​មូលហេតុ​សមស្រប នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១០​ម៉ឺន​រៀល ទៅ​១លាន​រៀល។

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​សម្រុក​ចូល​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ដោយ​​មិន​​បញ្ជាក់​ពី​មូលហេតុ ហើយ​មុន​ហេតុការណ៍​នោះ សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម ក៏​បាន​ឃាត់​រថយន្ត​របស់​លោក កឹម សុខា ខណៈ​ដែល​ប្រពន្ធ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ផង​ដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។