គ្រួសារកុមារីអាយុ ៤ឆ្នាំម្នាក់នៅខេត្តបាត់ដំបង ស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការលីកាដូ (LICADHO) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដើម្បីឲ្យជួយដាក់ពាក្យប្ដឹងអភិបាលរងម្នាក់នៃក្រុងបាត់ដំបង ទៅតុលាការខេត្ត ដែលបានបង្ករបួសស្នាមទៅលើកុមារី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
ការប្ដឹងនេះ បន្ទាប់ពីឪពុកម្ដាយពិនិត្យឃើញថា ស្ថានភាពរបស់កុមារីដែលរងរបួសនោះធ្ងន់ធ្ងរ មិនទាន់ធូរស្រាលនៅឡើយ ប៉ុន្តែអភិបាលរងក្រុងអះអាងថា រឿងរ៉ាវដែលកើតឡើងនោះ ជារឿងអចេតនា និងដោយចៃដន្យទេ។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង បានប្រតិកម្មភ្លាមៗទៅនឹងការបង្ករបួសស្នាមរបស់លោកអភិបាលរងក្រុងនេះ ថាជាការប្រើអំពើហិង្សាទៅលើកុមារ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងរបស់ម្ដាយកុមារីនោះរួចហើយ។ លោកបន្ថែមថា ករណីនេះគឺជាការប្រើអំពើហិង្សាលើកុមារ ដែលលោកអភិបាលរងក្រុងត្រូវតែទទួលទោសតាមផ្លូវច្បាប់ ដើម្បីជាគំរូដល់មន្ត្រីមានអំណាចដទៃ មិនឲ្យប្រើអំណាចរបស់ខ្លួនទៅគំរាមកំហែងលើប្រជាពលរដ្ឋតាមអំពើចិត្តទៀត៖ « បទល្មើសនេះ គឺជាអំពើព្រហ្មទណ្ឌមិនអាចអនុគ្រោះឲ្យបាននោះទេ។ ម្យ៉ាងទៀតមិនមែនយកប្រាក់ ១៥០ដុល្លារនោះមកលុបលាងទោសនេះបានឡើយ »។
ឪពុកកុមារីរងរបួសរស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺលោក ឯម និល រៀបរាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ លោកអភិបាលរងក្រុងបាត់ដំបង ឈ្មោះ ឌី ពៅ បានយកកំណាត់ឈើប្រវែងជិតកន្លះម៉ែត្រគប់ទៅលើកូនស្រីរបស់គាត់ឈ្មោះ និល ឡុងអឺ អាយុ ៤ឆ្នាំ ត្រូវចំផ្ទៃមុខ បណ្ដាលឲ្យរងរបួសហើមថ្ពាល់ខាងឆ្វេង និងគុម្ពត្រចៀកជាទម្ងន់។ លោកអះអាងថា ភ្លាមៗនោះ លោកបានប្ដឹងទៅប៉ូលិសក្រុងបាត់ដំបង និងមន្ត្រីកងរាជអាវុធហត្ថខេត្ត ដើម្បីឲ្យលោកអភិបាលរងក្រុងទទួលខុសត្រូវចំពោះមុខច្បាប់។ លោកថា នៅថ្ងៃទី២៧ កុម្ភៈ រឿងរ៉ាវនោះត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្ត ហៅលោកទៅសម្រុះសម្រួលគ្នាបញ្ចប់រឿង ដោយលោកអភិបាលរងក្រុងប្រគល់ប្រាក់ចំនួន ១៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់យកទៅព្យាបាលរបួលកូនរបស់គាត់ទៅវិញ៖ « លោកចៅហ្វាយក្រុងរូបនេះបើនិយាយឲ្យចំទៅ គាត់មិនគួរបានធ្វើជាអ្នកដឹកនាំគេនោះទេ ពីព្រោះកន្លងមក គាត់តែងវាយធ្វើបាបកូនរបស់ខ្ញុំ និងប្រពន្ធរបស់គាត់រហូតមក »។
លោកបន្ថែមថា រឿងនេះ ប្រពន្ធរបស់លោកមិនព្រមទទួលយកប្រាក់ ១៥០ដុល្លារនោះឡើយ ហើយបានប្ដឹងទៅអង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្សប្រចាំខេត្តបាត់ដំបង ដើម្បីឲ្យដោះស្រាយតាមផ្លូវច្បាប់ និងជាការព្រមាន ដើម្បីកុំឲ្យលោកអភិបាលរងក្រុងបង្កហិង្សាទៅលើគ្រួសាររបស់គាត់បន្តទៀត៖ « កូនខ្ញុំតាំងពីលោកអភិបាលរងក្រុងគាត់គប់ត្រូវមុខមក វាចេះតែហូរឈាមតាមច្រមុះមិនឈប់សោះ មិនដឹងថាធ្វើយ៉ាងម៉េចបាត់ទេ »។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងក្រុងបាត់ដំបង លោក ឌី ពៅ មានប្រសាសន៍ថា នៅថ្ងៃកើតហេតុនោះ មានកុមារចំនួន ៣នាក់ បាននាំគ្នាលេងពំនូកខ្សាច់នៅក្បែរផ្ទះរបស់លោក។ លោកអះអាងថា គ្រានោះលោកព្រួយបារម្ភក្រែងដីខ្សាច់ចូលភ្នែករបស់ពួកគេ ហើយក៏បានដេញពួកគេឲ្យឈប់លេងជាច្រើនដង ប៉ុន្តែក្មេងៗទាំងនោះមិនព្រមស្ដាប់ ទើបលោកសម្រេចចិត្តយកបន្ទះឈើស្ដើងគប់បង្អើលពួកគេ ដើម្បីឲ្យឈប់លេងដីខ្សាច់ទៀត ហើយស្រាប់តែខ្យល់បក់ក៏ប៉ើងបន្ទះក្ដារប្លាតទៅចំមុខកុមារីនោះតែម្ដង ប៉ុន្តែលោកថាមិនធ្ងន់ធ្ងរដូចការចោទប្រកាន់នោះឡើយ៖ « បាទ ! រឿងនេះតាមពិតទៅគេមួលបង្កាច់ខ្ញុំទេ ព្រោះអីឪពុកម្ដាយរបស់ក្មេងនោះគាត់ស្អប់គ្រួសារខ្ញុំ »។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង អះអាងថា របួសស្នាមរបស់កុមារីនោះធ្ងន់ធ្ងរ មានឈាមហូរតាមច្រមុះ និងមានស្នាមជាំត្រង់គុម្ពត្រចៀកខ្លាំង។ លោកស្នើឲ្យតុលាការខេត្តបាត់ដំបង ត្រូវចាត់វិធានការតាមផ្លូវច្បាប់ទៅលោកអភិបាលរងក្រុងរូបនេះឲ្យខាងតែបាន និងដោយមិនមានការបន្ធូរបន្ថយទោសនោះឡើយ៖ « រឿងនេះយើងពិនិត្យមើលទៅតាមរបួសស្នាមកុមារីរងគ្រោះ គឺជាចេតនារបស់លោកអភិបាលរងក្រុងទៅលើរូបនាងយ៉ាងពិតប្រាកដ »។
គ្រួសារកុមារីរងគ្រោះអះអាងថា រូបគាត់ក៏បានដាក់ពាក្យប្ដឹងលោកអភិបាលរងក្រុងទៅសាលាដំបូងខេត្តបាត់ដំបង រួចមកហើយដែរ ប៉ុន្តែមិនទាន់មានចំណាត់ការថាយ៉ាងណាពីខាងតុលាការនៅឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីសាលាដំបូងខេត្តបាត់ដំបង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ មីនា។
ទោះជាយ៉ាងណាក៏ដោយ សមាគមការពារសិទ្ធិមនុស្សអាដហុក ត្រៀមចេញសេចក្ដីថ្លែងការណ៍លើករណីនេះនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ ចំណែកឯស្ថានភាពរបស់កុមារីរូបនោះ រហូតមកទល់ពេលនេះ មិនទាន់បានធូរស្រាលនៅឡើយ។ ម្យ៉ាងទៀត ចាប់តាំងពីកុមារីនេះរងរបួសមក ឪពុកម្ដាយរបស់នាងបាននាំទៅជួបគ្រូពេទ្យនៅខេត្តបាត់ដំបង ដើម្បីព្យាបាលរបួសជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
