តុលាការ​​​​នឹង​បន្ត​​កាត់​ក្ដី លោក វន់ ពៅ និង​មនុស្ស​២​២​នាក់​ទៀត​នៅ​ថ្ងៃ​ស្អែក

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ លើក​សវនាការ​ជនជាប់ចោទ ២៣​នាក់ ក្នុង​នោះ​មាន លោក វន់ ពៅ ផង បន្ត​នៅ​ថ្ងៃ​ស្អែក ទី​២១ ឧសភា បន្ត​ទៀត បន្ទាប់​ពី​បាន​បើកសវនាការ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​រួច​មក។

ការ​លើក​ពេល​នេះ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ដើម្បី​កាត់​ក្ដី​សំណុំ​រឿង​អ្នក​ទាំង ២៣​នាក់​នោះ។

អ្នក​សង្កេតការណ៍​នៃ​ដំណើរការ​សវនាការ​ថ្ងៃ​នេះ ដូច​ជា​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស មេធាវី រួម​ទាំង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ បាន​រិះគន់​ដំណើរ​ការ​សវនាការ​នេះ​ថា លំអៀង​ទៅ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​បច្ចុប្បន្ន។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ដែល​តាម​ដាន​សវនាការ​នោះ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​សវនាការ​នោះ​ថា ដំណើរការ​នៃ​សវនាការ​នោះ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​នីតិវិធី​ច្បាប់។ លោក​ចៅក្រម និង​ព្រះរាជអាជ្ញា បាន​ដាក់​គំនាប​លើ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​មិន​ឲ្យ​បកស្រាយ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​ពេល​ចាប់​ខ្លួន។

លោក​ថា វាសនា​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ អាស្រ័យ​លើ​ការ​ចរចា​របស់​បក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ ដោះស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង​សព្វថ្ងៃ៖ «ខ្ញុំ​គិត​ថា រឿង​អ្នក​ទាំង ២៣​នាក់​នេះ​ជា​រឿង​នយោបាយ ហើយ​អ្នក ២៣​នាក់ ជា​ចំណាប់​ខ្មាំង​នយោបាយ អ៊ីចឹង​អ្វី​ដែល​កាត់​ក្ដី​ថ្ងៃ​នេះ បើ​សិន​ចៅក្រម​កាត់​ក្ដី​លើ​គោលការណ៍​ឯករាជ្យ អព្យាក្រឹត​នោះ​ យុត្តិធម៌​នឹង​មាន​ដល់​អ្នក​ទាំង​អស់​គ្នា។ ប៉ុន្តែ​បើ​តាម​ការ​ជជែក​ដេញ​ដោល​តាម​នីតិវិធី​នៅ​ក្នុង​សវនាការ​ថ្ងៃ​នេះ ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​សម្រាប់​យុត្តិធម៌ ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​ស្ថានការណ៍​នយោបាយ​អាច​នឹង​ប្រែប្រួល​ អាច​អ្នក​ទាំង​អស់​​រួច​ខ្លួន»

ចំណែក​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ១០​នាក់ រួម​ទាំង​លោក វន់ ពៅ ផង អះអាង​ដូច​លោក អំ សំអាត ដែរ។

រី​ឯ​អ្នកស្រី ប្រាក់ សុវណ្ណរី ប្រពន្ធ​លោក វន់ ពៅ បញ្ជាក់​ថា បើ​ទោះបី​ដំណើរការ​សវនាការ​នេះ​មាន​ភាព​លំអៀង​ទៅ​រដ្ឋាភិបាល​យ៉ាង​ណា​ក្ដី ក៏​អ្នកស្រី​សប្បាយ​ចិត្ត ព្រោះ​លើក​នេះ​តុលាការ​មិន​ពន្យារ​ពេល​យូរ ដោយ​បន្ត​បើក​សវនាការ​រឿង​ប្ដី​របស់​អ្នកស្រី​ដូច​លើក​មុន។

សវនាការ​បាន​បញ្ចប់​នៅ​ម៉ោង​ជិត ៤​ល្ងាច។ លោក វន់ ពៅ និង​ជន​ជាប់​ចោទ​ទាំង ២២​នាក់​ទៀត​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ខ្លួន​ចូល​ឡាន​នៅ​បរិវេណ​តុលាការ មិន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​កាសែត ឬ​ថតរូប​ឡើយ។

ចំណែក​ក្រុម​អ្នក​តវ៉ា​វិញ​ក៏​បាន​នាំគ្នា​រំសាយ​ដែរ។ ប៉ូលិស​បាន​បើក​ផ្លូវ​មុខ​តុលាការ ដែល​បាន​បិទ​អស់​រយៈ​ពេល​មួយ​ថ្ងៃ​មក​ហើយ​នោះ ឲ្យ​ចរាចរ​ដូច​ដើម​វិញ នៅ​ម៉ោង ៥​ល្ងាច ថ្ងៃ​ដដែល។

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បើក​សវនាការ​កាត់​ក្ដី លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស កម្មករ និង​អ្នក​តវ៉ា ២២នាក់​ផ្សេង​ទៀត ក្រោម​ការ​ការពារ​ពី​កងកម្លាំង​ប៉ូលិស ​ប៉េអិម យ៉ាង​ប្រុងប្រយ័ត្ន។

តុលាការ​ភ្នំពេញ បាន​បើក​សវនាការ​ករណី លោក វន់ ពៅ និង​មនុស្ស ២២​នាក់​ជា​ពីរ​សវនាការ។ សវនាការ​ទី​១ មាន​ក្រុម​លោក វន់ ពៅ មាន​មនុស្ស ១០​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រោងចក្រ​យ៉ាកជីន និង​សវនាការ​ទី​២ ក្រុម​ជន​ជាប់​ចោទ​នៅ​ផ្លូវ វ៉េង ស្រេង ចំនួន ១៣​នាក់។

ចំណែក​ឯង​នៅ​ខាង​ក្រៅ​បរិវេណ​ជុំវិញ​តុលាការ​ កាល​ពី​ព្រឹក​ថ្ងៃ​នេះ កង​កម្លាំង​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​បិទ​ច្រក​ផ្លូវ​ជា​ច្រើន​ដែល​មិន​អាច​ចេញ​ចូល​ទៅ​កាន់​អាគារ​តុលាការ​ឡើយ។

សហជីព​កម្មករ សមាជិក​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វន់ ពៅ អ្នក​មាន​ជម្លោះ​ដីធ្លី ជា​ពិសេស​អ្នក​បឹងកក់ និង​ព្រះសង្ឃ​ជាដើម​ សរុប​ប្រមាណ ៣០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ច្រក​ផ្លូវ​ចូល​ទៅ​ខាង​មុខ​តុលាការ ដោយ​ចែក​ជា ២​ក្រុម។ មួយ​ក្រុម​នៅ​ក្បែរ​រង្វង់​មូល​អាងទឹក និង​មួយ​ក្រុម​ទៀត នៅ​រង្វង់មូល​វត្ត​ព្រះពុទ្ធ។ ពួក​គេ​ស្រែក​តវ៉ា​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​អ្នក​ទាំង ២៣​នាក់​អោយ​មាន​សេរីភាព។

នៅ​​ម៉ោង​ជាង ៨​ព្រឹក នៅ​ក្បែរ​រង្វង់​មូល​មុខ​វត្ត​ព្រះពុទ្ធ មាន​ការ​ប៉ះទង្គិច​មួយ​រវាង​អ្នក​តវ៉ា និង​ក្រុម​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ។ ការ​ប៉ះទង្គិច​នោះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​តវ៉ា និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ប៉ុនប៉ង​ចូល​ទៅ​ខាង​មុខ​តុលាការ។

ក្រុម​អ្នក​តវ៉ា​បាន​តដៃ​បណ្ដាល​អោយ​សន្តិសុខ​មួយ​ចំនួន​របួស​ស្រាល ហើយ​ពួក​គេ​បាន​ដកថយ​ទៅ​វិញ។

សូម​ស្ដាប់​​សេចក្ដី​រាយការណ៍​​របស់​លោក ម៉ម មុនីរតន៍ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។