នគរបាលខេត្តពោធិ៍សាត់ កំពុងស្នើតំណាងអយ្យការចេញដីកាកោះហៅមនុស្សពីរនាក់ ដើម្បីសាកសួរ ដែលសង្ស័យថាបានបាញ់សម្លាប់បុរសជនជាតិចាម ម្នាក់កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា។
ស្នងការរងខេត្តពោធិ៍សាត់ ទទួលបន្ទុកព្រហ្មទណ្ឌ លោក កែវ សុគន្ធា ថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកា ថា ក្រោយឃាតកម្មពីរថ្ងៃ សមត្ថកិច្ចបានដាក់ការសង្ស័យលើបុរសពីរនាក់ដែលរស់នៅភូមិព្រៃឪម៉ាល់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ជាមួយជនរងគ្រោះដែរ។ ជនរងគ្រោះចិញ្ចឹមគោប្រមាណ ៤០ក្បាល ធ្លាប់ចូលស៊ីដំណាំគេ ហើយម្ចាស់ដំណាំក៏ធ្លាប់ព្រមានគាត់ទាក់ទងនឹងរឿងនេះដែរ៖ « គាត់ថាហ៊ឺ ! បើគោស៊ីដំណាំរបស់ប្អូនឯង គាត់សងជាដំឡូងវិញក៏បាន សងជាលុយក៏ បានលើ ការខូចខា ត នោះណា។ ហើយអាម្ចាស់ដំណាំក៏អត់មាត់អត់កអី វាគ្រាន់តែប្រើពាក្យមួយម៉ាត់ថា កុំឲ្យមាន លើកទីពីរ ។ អានេះមុនកើតហេតុ ។ ដល់ពេលកើតហេតុ បានយើងចាប់ផ្ដើមសង្ស័យ ហើយសុំទៅព្រះរាជអាជ្ញា ដើម្បីធ្វើការសាកសួរក្រែងលោមានពន្លឺ »។
សមត្ថកិច្ចសន្និដ្ឋានបឋមលើករណីឃាតកម្មនេះថា កើតចេញពីរឿងគំនុំគោស៊ីដំឡូងរបស់ជនសង្ស័យ ហើយជនដៃដល់អាចប្រើកាំភ្លើងខ្លីម៉ាកអាកា (AK) បាញ់ប្រហារលើជនរងគ្រោះពីរគ្រាប់ផ្ទួនៗ។
បុរសវ័យ ៦៤ឆ្នាំឈ្មោះ ភាស់ ភា ត្រូវឃាតកបាញ់ពីរគ្រាប់ ដោយ ១គ្រាប់ត្រូវគុម្ពត្រចៀក និង ១គ្រាប់ទៀតត្រូវក្បាលធ្លាយខួរស្លាប់ភ្លាមៗ ឋិតនៅភូមិព្រៃឪម៉ាល់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
