ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការតាមព្រះរាជក្រមនៅដើមឆ្នាំ២០១៦ នេះ។ ការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះ បន្ទាប់ពីអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាមានការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីបញ្ចៀសនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាក្ដី មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យនេះ នៅតែយល់ថា រដ្ឋាភិបាលនៅមិនទាន់មានការផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់នេះបានទូលំទូលាយនៅឡើយ។
«សំឡេងចរាចរណ៍លើដងផ្លូវ»៖ នេះជាការដាក់គោលដៅរឹតបន្តឹងចរាចរណ៍លើកំណាត់ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីពិនិត្យមើលអ្នកជិះម៉ូតដែលល្មើសច្បាប់។
អធិការរងនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌមានជ័យ លោក ណិប វិបូ ប្រចាំការនៅគោលដៅនេះមានប្រសាសន៍ថា ការរឹតបន្តឹងការអនុវត្តច្បាប់នៅលើដងផ្លូវនេះ គឺកម្លាំងសមត្ថកិច្ចបានយកគោលការណ៍អប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់បន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែទន្ទឹមនឹងការពង្រឹងច្បាប់នេះ លោកថា ចំពោះការផាកពិន័យអ្នកជិះម៉ូតដែលល្មើសច្បាប់ ក៏ករណីខ្លះក៏មានការលើកលែងដែរ។
លោក ណិប វិបូ៖ «ការអនុគ្រោះនេះមិនមែនច្បាប់ឲ្យអនុគ្រោះទេ ប៉ុន្តែអ្វីដែលយើងឃើញជាក់ស្ដែងមនុស្សមានផ្ទៃពោះ មនុស្សចាស់ជរាដែលគាត់ពាក់មួកអត់កើតគាត់លើសឈាម ឬមួយក៏អ្នកបីកូនទទឹងនៅតូចនៅឡើយ នេះជាមនុស្សធម៌ ជាសីលធម៌ អ៊ីចឹងប៉ូលិសខុសត្រង់ហ្នឹង ចំពោះច្បាប់មែន ប៉ុន្តែបើសិនជាយើងឃាត់គាត់ មានកំណើនច្រើន មានកូនខ្ចី គាត់ក្ដៅ កូនគាត់អាចឈឺ ហើយគាត់ចាស់ គាត់លើសឈាម គាត់ប្រញាប់ទៅពេទ្យបើកថ្នាំ បើទុកគាត់អ៊ីចឹង គាត់ដួលគ្រោះថ្នាក់អ៊ីចឹងវាជាផលលំបាកមួយសម្រាប់សមត្ថកិច្ចទៀត»។
បន្ទាប់ពីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់ពីដើមខែមករា មកដល់ពាក់កណ្ដាលខែមីនា ឆ្នាំ ២០១៦នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ចំនួនផាកពិន័យអ្នកជិះម៉ូតូល្មើសច្បាប់ចរាចរណ៍ក្នុងកំឡុងជាង ៣ខែមកនេះ មានជាង ៩ម៉ឺនគ្រឿង (៩៣.៤១៤)។ ដោយឡែកចំនួនម៉ូតូដែលពិន័យទៅតាមច្បាប់មានជិត ៥ម៉ឺនគ្រឿង (៤៩.៩៦១)។ ចំណែកឯម្ចាស់ម៉ូតូជាង ៤ម៉ឺនគ្រឿងទៀត (៤៣.៤៥៣) ទទួលការអប់រំឲ្យយល់ពីច្បាប់នេះ ហើយប្រាក់ពិន័យដែលសមត្ថកិច្ចប្រមូលចាប់ថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា បានជិត ៦៤លានរៀល៖ «សំឡេងប៉ូលិសនិយាយពិន័យ»។
ប៉ុន្តែពលរដ្ឋមួយចំនួនយល់ឃើញថា ពួកគាត់នៅមិនទាន់យល់ច្បាស់ពីច្បាប់នេះនៅឡើយ។ រីឯក្ដីបារម្ភរបស់ពួកគេមួយទៀតនោះ ស្នើឲ្យការផាកពិន័យមានតម្លាភាព៖ «ពាក់ (មួកសុវត្ថិភាព) រហូតខ្លាចអស់លុយដែរ។ ពីមុនពាក់ដែរ តែពេលខ្លះអត់។ ខ្ញុំគិតថា ច្បាប់នេះល្អជួយឲ្យប្រជាពលរដ្ឋពាក់មួកច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលផ្ដល់ការពារល្អជាងហ្នឹងទៀត។ ច្បាប់ចរាចរណ៍ចេញថ្មីនេះ គេឲ្យយើងពាក់មួក ម៉ូតូមួយដឹកបានតែពីរនាក់។ តៃកុងហើយនិងអ្នកជិះមួយ លើកលែងតែកូនក្មេងតូច។ ខ្ញុំមានមួកពីរ មានភ្ញៀវមកជិះអ៊ីចឹង ខ្ញុំពាក់របស់ខ្ញុំមួយ ខ្ញុំហុចមួកមួយឲ្យគាត់ ដើម្បីជៀសវាងកុំឲ្យប៉ូលិសផាក។ ធ្វើនេះត្រឹមត្រូវហើយ តែកន្លែងខ្លះអត់ត្រឹមត្រូវ ការបង់ ១៥.០០០អ៊ីចឹង ជួនធ្វើវិក្កយបត្រឲ្យ ជួនកន្លែងខ្លះអត់។ ចង់ឲ្យប៉ូលិសធ្វើចរាចរណ៍ផាកពិន័យម៉ូតូឲ្យមានតម្លាភាពឲ្យយុត្តិធម៌ល្អ»។
ថ្វីត្បិតតែមានការរឹតបន្តឹងយ៉ាងនេះក្ដី នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា យល់ឃើញថា រដ្ឋាភិបាលគួរបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មីនេះ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងទូលំទូលាយជាងនេះ៖ «ខ្ញុំសង្កេតឃើញប្រជាពលរដ្ឋកម្ពុជា យើងសព្វថ្ងៃ ភាគច្រើននៅពុំទាន់យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនេះនៅឡើយទេ។ រាជរដ្ឋាភិបាលគួរបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់នេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសកម្ពុជា យើងនេះ ពិសេសក្រសួងអប់រំយុវជន និងកីឡា គួរតែជំរុញឲ្យមានការអប់រំនៅតាមសាលារៀនតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់សកលវិទ្យាល័យដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជា យើងនេះ គាត់បានយល់ដឹងឲ្យបានច្រើនទូលំទូលាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី»។
ការផាកពិន័យអ្នកជិះម៉ូតូមិនដាក់កញ្ចក់ ២០.០០០រៀល និងមិនពាក់មួកសុវត្ថិភាព ១៥.០០០រៀល។ ចំពោះអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវាត់ចំនួន ២៥.០០០រៀល។
នៅពេលថ្ងៃសមត្ថកិច្ចតម្រូវអ្នកត្រូវជិះម៉ូតូល្មើសច្បាប់ចរាចរណ៍ទៅបង់ប្រាក់ផាកពិន័យនៅសាលាខណ្ឌនីមួយៗ។ ជាក់ស្ដែង ការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍លើផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ នេះ អ្នករងការផាកពិន័យត្រូវបង់នៅសាលាខណ្ឌមានជ័យ មិនឲ្យលើសពីមួយ ១សប្ដាហ៍ទេ។
ផ្ទុយទៅវិញ ចំពោះការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកនៅពេលយប់ ការផាកពិន័យយានយន្តដែលជិះល្មើសច្បាប់ ដូចជាម៉ូតូគ្មានកញ្ចក់ អ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពនគរបាលចរាចរណ៍តម្រូវឲ្យពួកគេបង់ប្រាក់ផាកពិន័យនៅនឹងកន្លែង។ ឯការដាក់គោលដៅនៅពេលយប់ ដើម្បីពិនិត្យជាតិអាល់កុលអ្នកបើកបរជាចម្បង៖ «សំឡេងប៉ូលិសវាស់ជាតិអាល់កុល»។
អធិការរងនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌមានជ័យ លោក ណិប វិបូ ថ្លែងទៀតថា ចំពោះអ្នកបើកយានយន្តពេលខ្លួនស្រវឹង សមត្ថកិច្ចចាត់វិធានការផ្សេងពីនេះ អ្នកបើកបរម៉ូតូគ្មានកញ្ចក់ អ្នកបើកម៉ូតូគ្មានពាក់មួកសុវត្ថិភាព៖ «មានភាគច្រើនគឺក្មេងស្ទាវ មានភាគច្រើនអ្នកគាត់សម្បូរលុយគាត់ដើរហូបចុកដល់ពេលគាត់ស្រវឹងអ៊ីចឹង គាត់ជិះលឿន ឬក៏គាត់ក្រោម ០,២៥ ដែលអាចអប់រំបាន ២កំប៉ុងអីហ្នឹង អ្នកខ្លះគាត់អត់អាចទៅដល់ការផាកពិន័យទេ»។
ច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៧៧ ចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាកុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន (ប្រាំបីសែន) រៀល ទៅ ៤លានរៀល៖ «សំឡេងសមត្ថកិច្ចវាយខ្នោះ»។
ការដាក់គោលដៅរឹតបន្តឹងចរាចរណ៍នៅពេលយប់មិនត្រឹមតែផ្ដោតលើអ្នកដែលជិះយានយន្តខុសច្បាប់ចរាចរណ៍ទេ ប៉ុន្តែសមត្ថកិច្ចក៏ឆែកឆេរអ្នកធ្វើដំណើរ ដើម្បីរកមើលគ្រឿងញៀនផងដែរ។
ដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធភាពខ្ពស់ លោក អ៊ា ចរិយា បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរផ្ដោតលើការផ្សព្វផ្សាយស្របជាមួយនឹងការរឹតបន្តឹងច្បាប់ និងកែតម្រូវពីកត្តាផ្សេងៗដែលអាចជួយកាត់ករណីគ្រោះថ្នាក់ចរាចរណ៍។ លោកថា កត្តាទាំងនោះមាន ដូចជាការពិនិត្យលើសុវត្ថិភាពយានយន្តនិងកត្តាផ្លូវថ្នល់។ លើសពីនេះ ការបង្កើនមធ្យោបាយដឹកជញ្ជូនឡានក្រុងរបស់រដ្ឋ ដោយពង្រីកទៅបណ្ដាខេត្តនានា ក៏ជាកត្តាមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
