អយ្យការ​កោះ​ហៅ​តំណាង​សហគមន៍​ប៊ូស្រា​ចូល​បំភ្លឺ​រឿង​ប្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន

0:00 / 0:00

មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​កោះ​ហៅ​តំណាង​សហគមន៍​ប៊ូស្រា​ចំនួន ៤​នាក់ ឲ្យ​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ដើម​បណ្ដឹង​បរិហារ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន ៧​នាក់​ពី​បទ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំលៀ។

សមាជិក​សហគមន៍​ប៊ូស្រា​ចំនួន ១០​នាក់ គ្រោង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​អម​ដំណើរ​តំណាង​ពួក​គេ​ចូល​បំភ្លឺ​ជា​ដើម​បណ្ដឹង​បរិហារ​មន្ត្រី ៧​រូប ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ធ្វេសប្រហែស​នាំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា បាន​ចេញ​លិខិត​ចំនួន​៤ ផ្សេង​គ្នា​កោះ​ហៅ​តំណាង​សហគមន៍ រួម​មាន ឈ្មោះ ក្រើង តុលា ថ្លាង ថូ ស្រោង ក្រុន និង តយ ញ៉ាន ឲ្យ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​មន្ត្រី​អយ្យការ​វេលា​ម៉ោង ២​រសៀល​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា។

តំណាង​មួយ​រូប គឺ​លោក ថ្លាង ថូ បង្ហាញ​ជំហរ​ពេញ​ចិត្ត​ចំពោះ​ដីកា​កោះ​ហៅ​នេះ និង​ចាត់​ទុក​ចំណាត់ការ​របស់​មន្ត្រី​អយ្យការ ថា​ជា​ការ​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​សហគមន៍ ដែល​ខិតខំ​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក​បន្ត​ថា តំណាង​ទាំង ៤​រូប រួម​ទាំង​សមាជិក​សហគមន៍​ផ្សេង​ទៀត ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​បង្ហាញ​ភស្តុតាង​ទាក់ទិន​ការ​កាប់​រាន​ព្រៃ​យក​ដី​ដែល​សហគមន៍​បាន​រក​ឃើញ និង​ថត​រូប​វត្ថុ​តាង​ទាំងអស់​សម្រាប់​ជូន​មន្ត្រី​អយ្យការ​បើក​ការ​ស៊ើប​អង្កេត៖ « រឿង​អី​មិន​ពេញ​ចិត្ត ដោយសារ​ខាង​អាជ្ញាធរ​គាត់​មិន​អើពើ ដឹង​ហើយ​ធ្វើ​មិន​ដឹង ឃើញ​ហើយ​ធ្វើ​មិន​ឃើញ​អ៊ីចឹង​ណា

កាល​ពី​ខែ​កុម្ភៈ តំណាង​សហគមន៍​ប៊ូស្រា​មាន​គ្នា ៩​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត និង​ប្ដឹង​បន្ថែម​ទៅ​ក្រសួង​បរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ស្ថាប័ន​រដ្ឋសភា ក្រោយ​ពេល​អ្នក​ភូមិ​រក​ឃើញ​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​ច្រើន​កន្លែង​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ។

អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ថា ការ​កោះ​ហៅ​នេះ​ជា​ការ​បំពេញ​នីតិវិធី​ស៊ើប​អង្កេត​បឋម ដើម្បី​ពិនិត្យ​អង្គ​ហេតុ​របស់​ដើម​បណ្ដឹង មុន​នឹង​សម្រេច​កោះ​ហៅ​ជន​សង្ស័យ​មក​សាកសួរ​បន្ត។ លោក​ថា មន្ត្រី​អយ្យការ​នឹង​សម្រេច​ចោទ​ប្រកាន់ ឬ​សម្រេច​មិន​ចាត់ការ​លើ​ពាក្យ​បណ្ដឹង​សហគមន៍ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​បឋម​ទទួល​បាន​លទ្ធផល​យ៉ាង​ណា៖ « យើង​ចាប់​ផ្ដើម​អង្កេត​បឋម​ហើយ​ហ្នឹង។ វគ្គ​ដំបូង​ត្រូវ​ហៅ​គាត់​សិន គាត់​ជា​ដើម​បណ្ដឹង ដើម្បី​សាកសួរ។ តើ​វា​មាន​អង្គ​ហេតុ​អត់ ? កើត​នៅ​កន្លែង​ណា

មន្ត្រី​ទាំង ៧​នាក់​ដែល​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​រួម​មាន មេ​ភូមិ​ពូឡេះ លោក ព្យឺយ គីម មេ​ឃុំ​ដាក់ដាំ លោក សម វណ្ណី មេ​ឃុំ​ប៊ូស្រា លោក យើត សារីន អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន អភិបាល​ស្រុក​អូររាំង លោក ណង ទុនណ្ណារី អនុប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ លោក ហាន ខន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក កែវ សុភ័ក្រ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC)ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា បណ្ដឹង​សហគមន៍​មាន​ចរិត​អភិរក្ស​ធនធាន​ធម្មជាតិ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ហេតុ​នេះ លោក​រំពឹង​ថា មន្ត្រី​អយ្យការ​នឹង​ស៊ើប​អង្កេត​ជាក់លាក់​ឆ្លើយតប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍។ លោក​ថា មន្ត្រី​អយ្យការ​គួរ​ចុះ​ទៅ​ទីតាំង​ផ្ទាល់ ដើម្បី​វាយ​តម្លៃ​អង្គ​ហេតុ​បាន​កាន់​តែ​ច្បាស់៖ « ចំពោះ​ការ​ចូល​បំភ្លឺ​របស់​ពួក​គាត់ ក្នុង​នាម​សង្គម​ស៊ីវិល​យើង​សូម​លើក​ទឹក​ចិត្ត​សហគមន៍​ដែល​គាត់​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ »

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ សហគមន៍​ប៊ូស្រា បាន​ចុះ​ល្បាត​ព្រៃ​ពីរ​លើក​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ ក្បែរ​តំបន់​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ​៧ និង​លេខ​៨ ព្រំប្រទល់​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង។ ក្នុង​ពេល​ល្បាត​ព្រៃ​នេះ សហគមន៍​រក​ឃើញ​ព្រៃ​ឈើ​ជាច្រើន​ចំណុច​នៅ​តំបន់​នោះ​រង​ការ​កាប់​រាន​យក​ដី​ថ្មីៗ ដែល​សហគមន៍​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ១​ពាន់​ហិកតារ និង​បាន​រក​ឃើញ​រោង​ស្នាក់នៅ​របស់​ប៉ូលិស​មួយ​ក្រុម ដែល​បោះ​ទីតាំង​ក្នុង​ព្រៃ​យាម​ការពារ​សកម្មភាព​កាប់​រាន​ព្រៃ​នោះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។