សមត្ថកិច្ច​កម្ពុជា​បដិសេធ​សហការ​ជាមួយ​មេធាវី​អន្តរជាតិ​ករណី​នៅ​ផ្លូវ​វ៉េងស្រេង

មន្ត្រី​កង​រាជ​អាវុធហត្ថ បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​លិខិត​ស្នើសុំ​បំភ្លឺ​របស់​មេធាវី​អន្តរជាតិ ដែល​ទទួល​ស៊ើប​អង្កេត​សំណុំ​រឿង​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា ដើម្បី​ដាក់​ជូន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC)។

0:00 / 0:00

ទោះ​ជា​យ៉ាង​ណា មេធាវី​អន្តរជាតិ​ដែល​ទទួល​រឿង​ក្ដី​នេះ បាន​ព្រមាន​រួច​ហើយ​ថា បើ​ពុំ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​មន្ត្រី​ទទួល​បន្ទុក ក្នុង​រយៈពេល ២​សប្ដាហ៍​ទេ​នោះ លោក​នឹង​ចាត់​ទុក​ថា មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ទាំង​នោះ នឹង​មិន​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ចាត់​ទុក​ថា លិខិត​ស្នើសុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឆ្លើយ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង របស់​មេធាវី​អន្តរជាតិ​នោះ គឺ​មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​ឡើយ ព្រោះ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អនុវត្ត​តាម​ផែន​ការ និង​បទ​បញ្ជា​ប៉ុណ្ណោះ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) បាន​ដាក់​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ស្នើសុំ​ឯកសារ​ភស្តុតាង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ចេញ​បញ្ជា​ប្រើ​អាវុធ​បាញ់​បង្ក្រាប​កម្មករ​អោយ​ស្លាប់ ៥​នាក់ និង​រង​របួស​មួយ​ចំនួន​ទៀត។

លោក សៅ សុខា មិន​បាន​ឆ្លើយ​តប​ចំពោះ​លិខិត​ស្នើសុំ​បំភ្លឺ​នេះ​ទេ ដោយ​អះអាង​ថា លោក​ជាប់​រវល់​ប្រជុំ។ ចំណែក លោក រ័ត្ន ស្រ៊ាង វិញ ថ្លែង​ថា លោក​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ឡើយ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ។ ទោះ​ជា​យ៉ាង​ណា លោក រ័ត្ន ស៊្រាង ឆ្លើយ​ដោយ​ខ្លី​ថា កិច្ចការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច គឺ​អនុវត្ត​មាន​ក្របខ័ណ្ឌ និង​បែប​បទ​បច្ចេកទេស។

«សំឡេង»

ចំណែក លោក ខេង ទីតូ មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ បដិសេធ​ថា រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​របស់ លោក រីឆាដ រ៉ចជើរ នៅ​ឡើយ​ទេ។ លោក​អះអាង​ថា បើ​ទោះ​ជា​បាន​ទទួល​លិខិត​ស្នើសុំ​បំភ្លឺ​ទាំង​ពីរ​នេះ​ក្ដី ក៏​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​មួយ​នេះ​មិន​អើពើ ឬ​ខ្វាយខ្វល់​អ្វី​ដែរ។ លោក​បន្ត​ថា អ្វី​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​ត្រូវ​អនុវត្ត គឺ​បទ​បញ្ជា និង​ភារកិច្ច។

«សំឡេង»

របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) រក​ឃើញ​ថា ការ​បាញ់​បង្ក្រាប​កាល​ពី​ដើម​ខែ​មករា បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់​ស្លាប់ ២៣​នាក់​ត្រូវ​ចាប់​ខ្លួន និង​ប្រមាណ ៤០​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ និង​ស្រាល។

លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) គិត​ថា វា​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ព្រងើយ​កន្តើយ​ក្នុង​កិច្ច​សហការ។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស។

«សំឡេង»

ក្នុង​លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៤ ផ្ញើ​ទៅ​កាន់ លោក សៅ សុខា និង​លោក រ័ត្ន ស្រ៊ាង លោក រីឆាដ រ៉ចជើរ បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ស្នើសុំ​ឯកសារ​ភស្តុតាង​ទាំង​ឡាយ​នេះ ដើម្បី​ពិនិត្យ​មើល​ថា ជន​រងគ្រោះ​អាច​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ឬ​ទេ ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

លិខិត លោក រីឆាដ រ៉ចជើរ បន្ត​ថា ដើម្បី​ជា​ជំនួយ​ការ​ស៊ើប​អង្កេត​របស់​លោក​ស្នើ​ឲ្យ លោក សៅ សុខា បង្ហាញ​នូវ​បទ​បញ្ជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ទៅ​កាន់ លោក រ័ត្ន ស្រ៊ាង ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គ្រាប់​ពិត​បាញ់​ទៅ​លើ​ក្រុម​កម្មករ។ លោក​ក៏​ចង់​ដឹង​ដែរ​ថា តើ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​បង្ក្រាប មាន​បំណង​ចង់​ការពារ​មិន​ឲ្យ​មាន​កម្មករ​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ​ដែរ​ឬ​ទេ។ លោក​ក៏​ចង់​ដឹង​ទៀត​ថា តើ​កម្លាំង​កង​រាជ​អាវុធហត្ថ មាន​បាន​ផ្តល់​សញ្ញា​ព្រមាន​ប្រាប់​ដល់​បាតុករ​មុន​ឬ​ទេ ថា​ខ្លួន​នឹង​ប្រើប្រាស់​គ្រាប់​ពិត។ ហើយ​ថា តើ​មាន​ការ​ដាក់​ពិន័យ​ដល់​មន្ត្រី​ណា​ដែល​បាន​បាញ់​សម្លាប់​កម្មករ​ដែរ​ទេ?

លោក​មេធាវី រីឆាដ រ៉ចជើរ បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន លោក សៅ សុខា និង​លោក រ័ត្ន ស៊្រាង ទៀត​ថា នៅ​ពេល​ប្រឈម​ជាមួយ​បាតុករ​ដែល​ជា​ជន​ស៊ីវិល នគរបាល និង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ត្រូវ​គោរព​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ប្រើ​កម្លាំង និង​អាវុធ​ដែរ​ឬ​យ៉ាង​ណា? អាវុធ​ជា​កាំភ្លើង​អាច​ប្រើ​ទៅ​បាន​តែ​ក្នុង​ដំណាក់​ការ​ចុង​ក្រោយ បន្ទាប់​ពី​ប្រើ​អស់​មធ្យោបាយ​ផ្សេង​ទៀត អាវុធ​ជា​កាំភ្លើង​អាច​ប្រើ​សម្រាប់​តែ​ពេល​ចាំបាច់​បំផុត​ប៉ុណ្ណោះ គឺ​ក្នុង​កាលៈទេសៈ​ដើម្បី​ការពារ​ជីវិត​ខ្លួន និង​ជីវិត​អ្នក​ដទៃ។

លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មករា របស់​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ ព្រមាន​ថា ប្រសិន​បើ​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ ក្រុម​មេធាវី​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ ក្រុម​មេធាវី​នឹង​សន្មត​ថា កង​រាជ​អាវុធហត្ថ​មិន​សហការ​នឹង​ការ​ស៊ើប​អង្កេត​នេះ។ លិខិត លោក រីឆាដ រ៉ចជើរ ផ្ញើ​ទៅ​កាន់ លោក សៅ សុខា និង​លោក រ័ត្ន ស្រ៊ាង បញ្ជាក់​ថា ក្រុមហ៊ុន​ច្បាប់​របស់​លោក​មាន​ឈ្មោះ​ថា ក្លូបាល់ ឌីលីចែនស៍ អិលអិលភី (Global Diligence LLP) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស គឺ​តំណាង​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឯកសារ​ភស្តុតាង​ទាំង​ឡាយ​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ដើម្បី​ដាក់​បណ្ដឹង​បន្ត​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

ទោះ​ជា​បែប​ណា មាត្រា​១​នៃ​អនុក្រឹត្យ​ស្ដីពី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ទូទៅ​នៃ​កង​រាជ​អាវុធហត្ថ ចុះ​កាល​បរិច្ឆេទ​ខែ​ធ្នូ ឆ្នាំ​១៩៩៤ ដោយ​សហ​នាយក​រដ្ឋមន្ត្រី គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​ពីរ កាល​ណោះ​ចែង​ថា កង​រាជ​អាវុធហត្ថ​ដែល​គ្រប់គ្រង​ដោយ​អគ្គសេនាធិការ​កងយោធពល​ខេមរភូមិន្ទ​នោះ ត្រូវ​នៅ​ក្រោម​បញ្ជា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។