ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នឹង​ក្រុមហ៊ុន KDC បដិសេធ​របាយការណ៍​តុលាការ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

អ្នក​ភូមិ​នៅ​ឃុំ​តាជេស ខេត្ត​កំពង់ឆ្នាំង ចំនួន ៥​នាក់ បាន​ដាក់​បណ្ដឹង​ជាប់ៗ​គ្នា​ទៅ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​សើរើ​សំណុំ​រឿង​ចាប់​ពួក​គាត់​ដាក់​គុក​ទាំង​អយុត្តិធម៌។ តំណាង​ដើម​បណ្ដឹង​នេះ​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ ថា​នឹង​ទទួល​បាន​យុត្តិធម៌​ឡើង​វិញ ដោយ​ពួក​គេ​យល់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មាន​ស្តង់ដារ​ពីរ។

ពាក្យ​ថា​ប្រព័ន្ធ​តុលាការ​មាន​ស្តង់ដារ​ពីរ ដែល​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) លើក​ឡើង​នា​ពេល​នេះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចាប់​ដាក់​គុក​ជាង ១​ខែ និង​ខ្លះ​កន្លះ​ខែ កាល​ពី​ចុង​ឆ្នាំ​២០១៤។ ពួក​គេ​ថា ចៅក្រម​មាន​ភាព​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន​ដោយ​មិន​ចោទ​ប្រកាន់ ឬ​ចាប់​កម្មករ​ដែល​បាន​បង្ក​របួស​ស្នាម​ដាក់​គុក​នោះ​ទេ។

ពលរដ្ឋ និង​ជា​ដើម​បណ្ដឹង​ម្នាក់ គឺ​លោក សៀង ហេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ពាក្យ​បណ្ដឹង​សុំ​បដិសេធ​របាយការណ៍​របស់​តំណាង​អយ្យការ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ចូល​ស្ថាប័ន​ទាំង​ពីរ​រួច​ហើយ។ លោក​ថា របាយការណ៍​បំភ្លឺ​របស់​តំណាង​អយ្យការ​ជូន​ទៅ​ក្រសួង​យុត្តិធម៌ តប​តាម​បណ្ដឹង​ពលរដ្ឋ​នោះ គឺ​មាន​លក្ខណៈ​បំផ្លើស​ការ​ពិត៖ «អា​នេះ​យើង​ដាក់​ដើម្បី​បំពេញ​ទៅ​តាម​ផ្លូវ​ច្បាប់ កុំ​ឲ្យ​គេ​បន្ទោស​មក​ថា ពេល​មាន​កង្វល់ ឬ​មាន​បញ្ហា​អ្វី​មួយ​មិន​ដែល​ឃើញ​មាន​បណ្ដឹង​ទៅ​ក្រសួង ឬ​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋ​ទេ។ កន្លង​មក គេ​ចោទ​លើ​យើង​អ៊ីចឹង»

របាយការណ៍​កម្រាស់​បី​ទំព័រ​របស់​តំណាង​អយ្យការ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា លោក យូ ទិត្យវឌ្ឍនៈ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បង្ហាញ​ថា លោក​ជំទាវ ជា ខេង បាន​ជួល​កម្មករ​ធ្វើ​របង​ព័ទ្ធ​ដី​គាត់​នៅ​ចំណុច​ភូមិ​ឡពាង ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ មាន​ពលរដ្ឋ​មក​រំខាន និង​បង្ក​របួស​ដល់​កម្មករ ៦​នាក់​ទៀត​ផង។

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។ (RFA/Chin Chetha)

ក្រោយ​មក តំណាង​កម្មករ លោក ថៃ ហ៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច។ មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឃាត់​ខ្លួន លោក ម៉ាង យ៉ាវ និង​លោក សៀង ហេង។ ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប្រើ​ចម្ពាម​គ្រាប់​ដែក ធ្នូ ដប​សាំង​កែច្នៃ ដែក​ត្បែង ចបជីក និង​ញញួរ វាយ​ទម្លុះ​របង​ជិត ១០​ប្រឡោះ និង​វាយ​ប្រហារ​ទៅ​លើ​កម្មករ​ដែល​កំពុង​ធ្វើ​របង​នោះ​ពិត​មែន។

ក្រោយ​មក​ទៀត គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ដល់​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ហើយ​តំណាង​អយ្យការ បាន​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ចំនួន ១០​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៧ មាត្រា​២១៨ មាត្រា​៤១០ និង​មាត្រា​៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ។

លុះ​មក​ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤ ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៦​នាក់​ទៀត ប៉ុន្តែ​ពេល​នោះ នាំ​ខ្លួន​បាន​តែ លោក ស្ងួន ញឿន លោក គុជ ហុក និង​លោក ស្រ៊ុន ផា ហៅ លូ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ ចៅក្រម​ចេញ​ដីកា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឲ្យ​ជន​ដែល​ឃាត់​ខ្លួន​បាន​ទាំង ៥​នាក់ ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​វិញ។

ពលរដ្ឋ​បញ្ជាក់​ថា របាយការណ៍​របស់​តំណាង​អយ្យការ​នេះ​មាន​លក្ខណៈ​បំផ្លើស​ការ​ពិត​ច្រើន​ចំណុច ហើយ​ពួក​គាត់​បាន​ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជួយ​អន្តរាគមន៍។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ បាន​ស្នើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​ទាំង​ពីរ សុំ​ស៊ើប​អង្កេត​ពី​ចំណាត់​ការ​ដែល​មាន​លក្ខណៈ​លម្អៀង និង​រើសអើង​របស់​ចៅក្រម ញូង ចន្ធី និង​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លើ​សំណុំ​រឿង​ពួក​គាត់។ ពួក​គាត់​ក៏​ស្នើ​ឲ្យ​មោឃភាព​ការ​កសាង​សំណុំ​រឿង​របស់​ពលរដ្ឋ​ចោល និង​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ឲ្យ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ ថៃ ហ៊ី ស៊ិន ឃីម និង​បក្ខពួក ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មក​លើ​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។