តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​លោក ហេង សំរិន

0:00 / 0:00

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក សម រង្ស៊ី មួយ​ករណី​ទៀត​ហើយ​ទាក់ទង​រឿង​បរិហារ​កេរ្តិ៍ លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ កោះ​អញ្ជើញ លោក សម រង្ស៊ី មក​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ។ ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បណ្ដឹង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត​តាំង​តាម​ផ្លូវ​ច្បាប់​ទេ គឺ​រក​ច្រក​ចេញ​តាម​រយៈ​ដំណោះស្រាយ​នយោបាយ។

តុលាការ​ចេញ​ដីកា​កោះ​ហៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តាម​បណ្ដឹង​របស់ លោក ហេង សំរិន ដែល​ប្ដឹង​ចោទ លោក សម រង្ស៊ី ជុំវិញ​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចង​ចាំ​ថា របប​កើត​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ"។

ដោយឡែក​គណបក្ស​ប្រឆាំង មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ដីកា​របស់​តុលាការ​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​ជន​ដៃ​ដល់​ផ្សេង​ទៀត​ដែល​បង្ក​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​ក្តី​ក្ដាំ​នៅ​តុលាការ​នេះ គឺ​គណបក្ស​កាន់​អំណាច​ជា​អ្នក​ចង។ ដូច្នេះ ទុក​ឲ្យ​គណបក្ស​នេះ​ជា​អ្នក​ស្រាយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក​ដំណោះស្រាយ​នយោបាយ ឬ​វប្បធម៌​សន្ទនា​នៃ​ជំនួប​កំពូល​របស់​គណបក្ស​ទាំង​ពីរ។ លោក​បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ​ទេ បើ​ធៀប​នឹង​ការ​រិះគន់​នានា​របស់ លោក សម រង្ស៊ី កន្លង​មក៖ «គេ (គណបក្ស​ប្រជាជន) ជា​អ្នក​ចង​ហើយ​ជា​អ្នក​កាន់​អំណាច​ទៀត គេ​មាន​ឥទ្ធិពល​លើ​តុលាការ គេ​ម៉េច​ជា​រឿង​របស់​គេ? ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ នៅ​តែ​រក​ដំណោះស្រាយ»។

នេះ​ជា​សំណុំ​រឿង​ទី​បី​របស់ លោក សម រង្ស៊ី នៅ​តុលាការ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តានតឹង។ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ត្រូវ​ជាប់​បទ​ចោទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា លោក​ត្រូវ​រង​បទ​ចោទ​ប្រកាន់​មួយ​ទៀត គឺ​ការ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ក្រៅ​ពី​ប្រធាន​គណបក្ស​ប្រឆាំង​ជាប់​បណ្ដឹង​នៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តុលាការ ចេញ​ដីកា​ចាប់​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី ដែល​ជា​ជំនួយការ​របស់ លោក ហុង សុខហួរ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​តុលាការ​ចេញ​ដីកា​ព្រោះ​មាន​បណ្ដឹង ហើយ​បណ្ដឹង ព្រោះ លោក សម រង្ស៊ី ជា​អ្នក​បង្ក​ឡើង។ លោក​ថា ការ​ដែល​មាន​បណ្ដឹង​នៅ​ពេល​នេះ ព្រោះ​សាមី​ខ្លួន​ជា​ម្ចាស់​បណ្ដឹង មិន​អាច​អត់ធ្មត់​ចំពោះ​ទង្វើ​របស់ លោក សម រង្ស៊ី បន្ត​ទៀត​បាន ហើយ​វប្បធម៌​សន្ទនា​ក៏​មិន​អាច​រលត់​បណ្ដឹង​នៅ​តុលាការ​បាន​ដែរ៖ «អត់ធ្មត់​បាន​គេ​អត់ធ្មត់ បើ​អត់ធ្មត់​មិន​បាន​រក​ផ្លូវ​ច្បាប់ ព្រោះ​ណែនាំ​សព្វគ្រប់ កុំ​វាយ​ប្រហារ នៅ​តែ​ព្រហើន​ទៀត»

មេធាវី​តំណាង លោក ហេង សំរិន គឺ​លោក គី តិច ឲ្យ​ដឹង​ថា ការ​ដាក់​បណ្ដឹង​នេះ ធ្វើ​ឡើង​តាម​ការ​សម្រេច​ចិត្ត​របស់ លោក ហេង សំរិន ចំពោះ​ការ​សរសេរ​របស់ លោក សម រង្ស៊ី នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ប៉ះពាល់​ដល់ លោក ហេង សំរិន ព្រោះ​ក្នុង​របប លោក ហេង សំរិន គ្រប់គ្រង មិន​បាន​កាត់​ទោស​សម្ដេច​ព្រះ​នរោត្តម សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង​ទេ។ លោក​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ហើយ​លោក​ក៏​បាន​ចូល​បំភ្លឺ​លើ​បណ្ដឹង​រួច​ហើយ មុន​ពេល​តុលាការ​កោះ​ហៅ លោក សម រង្ស៊ី៖ «ការ ​ចោទ​ប្រកាន់​នេះ​ក្នុង​ជំនាន់​សម្ដេច ហេង សំរិន ដឹក​នាំ ព្រោះ​ឯកឧត្ដម សម រង្ស៊ី គាត់​ប្រើពាក្យ​ថា របប​ដែល​កើត​ចេញ​ពី​ថ្ងៃ​៧ មករា»

ទាក់ទង​រឿង​នេះ​ដែរ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​នេះ។ សភា​អឺរ៉ុប សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​អាស៊ាន អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់ លោក សម រង្ស៊ី វិញ។ ចំណែក​សភា​អឺរ៉ុប ព្រមាន​ផ្តាច់​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​ដល់​កម្ពុជា។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន និយាយ​ថា ប្រសិន​បើ​មាន​ការ​កាត់​ទោស​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ក្នុង​របប​គ្រប់គ្រង​របស់ លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយ​មិន​ខុស​ទេ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​គ្មាន​ការ​កាត់​ទោស​សម្ដេច សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង គឺ​ទាមទារ​ឲ្យ លោក សម រង្ស៊ី ពន្យល់​ឲ្យ​បាន​ច្បាស់​ថា លោក​បាន​ពាក្យ​សម្ដី​នេះ​មក​ពី​ណា៖ «លោក សម រង្ស៊ី ដឹង​ពាក្យ​ហ្នឹង​មក​ពី​ណា ឬ​ក៏​សម្ដេច សីហនុ កាល​នោះ ព្រោះ​មាន​បន្ទូល​អ៊ីចឹង គាត់​ថា តាម​ព្រះអង្គ​អ៊ីចឹង ឲ្យ​លោក សម រង្ស៊ី ពន្យល់​មក​វិញ»

មេធាវី​របស់ លោក សម រង្ស៊ី គឺ​លោក​មេធាវី ជូង ជូងី យល់​ថា បណ្ដឹង​របស់ លោក ហេង សំរិន មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល លោក ហេង សំរិន ជា​ប្រធាន​រដ្ឋសភា ដែល​ជា​បុគ្គល​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។