ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងផ្ដល់យោបល់លើច្បាប់ចំនួន៣ ដែលពាក់ព័ន្ធនឹងវិស័យតុលាការ នៅម៉ោង ៨ព្រឹកថ្ងៃទី១២ ខែមិថុនា។
សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ប្រកាសជាថ្មីទៀតថា នឹងមិនចូលរួមកិច្ចប្រជុំឆ្លងច្បាប់ថ្មីទាំងនេះទេ ដោយសំអាងថា ច្បាប់នេះពុំបានឆ្លងយោបល់តំណាងរាស្ត្រមកពីគណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាច និងមិនទទួលបានការចូលរួមពីសាធារណជនផង។
ព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងអង្គការមិនមែនរដ្ឋាភិបាល នៅតែទទូចអោយព្រឹទ្ធសភាពិចារណាពីភាពខ្វះចន្លោះ នៃការចូលរួមយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទៅលើច្បាប់ទាំងបី ដែលពាក់ព័ន្ធនឹងវិស័យតុលាការ បើពុំនោះសោត នៅពេលច្បាប់ចេញទៅ គឺនៅតែមិនអាចទទួលបានការទុកចិត្ត។
ការទាមទារនេះ គឺបន្ទាប់ពីគណៈកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានសម្រេចបើកកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃទី១២ មិថុនា ដើម្បីពិនិត្យ និងផ្ដល់យោបល់យកសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំអង្គការតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានក្រុមសមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍ថា ក្រុមលោកនៅតែទទូចអោយព្រឹទ្ធសភាពិចារណាបង្វិលសេចក្ដីព្រាងច្បាប់ទាំង៣នោះ ទៅរដ្ឋសភាវិញ ដើម្បីឆ្លងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ៖ «គួរបង្វិលច្បាប់ហ្នឹងទៅរដ្ឋសភា ហើយរដ្ឋសភាត្រូវតែពហុបក្សក៏ដោយហ្នឹង គួរតែគោរពនីតិវិធីតាក់តែងច្បាប់ ដែលមានន័យថា អោយដាក់ជូនសាធារណមតិ បានរួមយោបល់អោយបានទូលំទូលាយ នេះជំហរមួយ។ ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅតែប្រកាន់ជំហរមិនចូលរួមប្រជុំពេញអង្គ ដោយសារតែច្បាប់នេះបានបញ្ជូនមកដោយសភា ដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហៅថារដ្ឋសភាឯកបក្សនោះ»។
កន្លងមក អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ ធ្លាប់មានប្រសាសន៍ថា បើទោះបីជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មិនចូលរួមប្រជុំ ក៏ការប្រជុំនៅតែដំណើរការជាធម្មតាដូចគ្រោងទុក និងមានសុពលភាពតាមច្បាប់កំណត់ ដ្បិតសមាជិកមកពីខាងគណបក្សប្រជាជនកម្ពុជា មានច្រើនលើសពីរភាគបី។
ករណីនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលក៏នៅតែតវ៉ាថា សេចក្ដីព្រាងច្បាប់ទាំង៣នេះ ពិតជាត្រូវការឆ្លងយោបល់តំណាងរាស្ត្រពីគ្រប់គណបក្ស និងសាធារណជនទូទៅដែរ។
ប្រធានការិយាល័យក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការឆ្លងច្បាប់ដោយមានតែតំណាងរាស្ត្រមកពីបក្សតែមួយ គឺធ្វើអោយប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យ៖ «បើយើងមើលទៅលើរដ្ឋធម្មនុញ្ញដែលបានកែវិសោធនកម្ម សភាបច្ចុប្បន្នអាចធ្វើចឹងវាបានហើយ។ ប៉ុន្តែបើយើងមើលស្មារតីនៃរដ្ឋធម្មនុញ្ញ ជាគោលដែលថាប្រទេសកម្ពុជា ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហ្នឹង ខ្ញុំគិតថា ច្បាប់ទាំងឡាយដែលអត់មានពហុបក្សចូលរួមយោបល់ មិនគួរណាសភាឆ្លងទេ»។
កាលពីថ្ងៃទី២១ ឧសភា រដ្ឋសភាបានបើកសម័យប្រជុំដោយមានគណបក្សនយោបាយតែមួយប៉ុណ្ណោះ ក្នុងចំណោមគណបក្សនយោបាយទាំង២ដែលជាប់ឆ្នោត ហើយអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងការកែទម្រង់វិស័យតុលាការនេះ។
អ្នកវិភាគសង្គម លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ដែរថា ច្បាប់ដែលអនុម័តដោយគណបក្សតែមួយបែបនេះ នឹងធ្វើអោយសាធារណជនបាត់ទំនុកចិត្ត។ លើសពីនេះ ការអនុវត្តក៏នឹងមានភាពប្រទាំងប្រទើសច្រើនជាងច្បាប់ដែលបានចូលរួមពីគ្រប់ភាគី៖ «ប្រសិនបើច្បាប់ហ្នឹងព្រាងដោយរដ្ឋាភិបាលមួយដែលលេចចេញពីរដ្ឋសភា មិនមានលក្ខណៈស្របច្បាប់ គឺអាចសន្និដ្ឋានថា ច្បាប់ហ្នឹងអត់មានលក្ខណៈស្របច្បាប់ និងអាចចាត់ទុកបានថាអត់ធម្មនុញ្ញភាព ដោយសារពុំមានបទប្បញ្ញត្តិច្បាស់លាស់ ការពិតអត់មានផង គឺចែងធានាការបែងចែកអំណាចទាំង៣»។
ក្រៅពីរិះគន់ចំពោះដំណើរការអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ទាំងនេះ សង្គមស៊ីវិលក៏ព្រួយបារម្ភពីខ្លឹមសារមួយចំនួន ដោយលើកឡើងថា ច្បាប់ទាំងនេះនឹងធ្វើឲ្យប្រព័ន្ធតុលាការដែលជាស្ថាប័នឯករាជ្យដាច់ដោយឡែកមួយ ក្លាយទៅជាស្ថិតនៅក្រោមអំណាចរបស់ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។