តើការបែងចែកឲ្យដាច់ពីគ្នារវាងអំណាចអង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ មានផលប្រយោជន៍អ្វីខ្លះដល់សង្គមប្រជាធិបតេយ្យ សេរីពហុបក្ស?
ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រព័ន្ធសភានិយម ធ្វើឡើងតាមរបៀបនៃគោលការណ៍បែងចែក និងកំណត់អំណាច។ រដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឲ្យគោរព និងអនុវត្តគោលការណ៍នៃការបែងចែកអំណាច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា បទពិសោធន៍ប្រវត្តិសាស្ត្រ ការអនុវត្តគោលការណ៍បែងចែកអំណាចរវាងអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ នៅតាមបណ្ដាប្រទេសមួយចំនួនទទួលបានជោគជ័យ។
លោក អ៊ូ វីរៈ ព្រមានថា ប្រសិនបើអំណាចអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ មិនបែងចែកឲ្យនៅដាច់ពីគ្នាទេ ប្រទេសជាតិនឹងជួបប្រទះបញ្ហា ហើយពលរដ្ឋជាម្ចាស់ឆ្នោតងាយនឹងទទួលរងនូវអំពើអយុត្តិធម៌ នៅពេលអំណាចមួយ ជាពិសេសរដ្ឋាភិបាលជ្រៀតជ្រែកលូកដៃចូលក្នុងកិច្ចការរបស់អំណាចតុលាការ៖ «ច្បាប់មិនឆ្លុះបញ្ចាំងពីរាស្ត្រ ដើម្បីការពារបក្ខពួករបស់ខ្លួន តុលាការខ្វះជំនឿលើប្រព័ន្ធតុលាការ ច្របូកច្របល់ មិនឯករាជ្យ និងជឿជាក់បាន សង្គមហិង្សា និងប្រេះឆា»។
របាយការណ៍ប្រចាំឆ្នាំ២០១២ របស់អង្គការ ខុមហ្វ្រែល (Comfrel) រកឃើញថា រដ្ឋាភិបាលតំណាងឲ្យស្ថាប័ននីតិប្រតិបត្តិ កំពុងបន្តគ្រប់គ្រង និងត្រួតត្រាលើស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ។ របាយការណ៍បន្តថា អំណាចរបស់នីតិប្បញ្ញតិ និងតុលាការ ត្រូវបានធ្វើឲ្យអន់ថយដោយសារតែការខ្វះឯករាជភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារ ដើម្បីនាំមកនូវតម្លាភាព និងគណនេយ្យភាព។ ចំណែកអង្គនីតិប្បញ្ញត្តិ ត្រូវបានធ្វើឲ្យខ្សោយដោយសារតែបទបញ្ជាផ្ទៃក្នុងមួយចំនួនក្នុងរដ្ឋសភា និងខ្វះខាតថវិកា។ រដ្ឋាភិបាលនៅបន្តខកខានមិនធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
របាយការណ៍របស់ ខុមហ្វ្រែល បង្ហាញថា កម្ពុជា កំពុងដើរលើផ្លូវខុស ប្រាសចាកពីការកំណត់ដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញ មាត្រា ៥១ថ្មី ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចបែងចែកដាក់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ចំណែកមាត្រា ១២៨ថ្មី ចែងថា អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ហើយមាត្រា ១៣០ ចែងបន្ថែមទៀតថា គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលជំនួសអំណាចតុលាការអ្វីបានឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីអនុញ្ញាតឲ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះ អំណាចទាំងបីនេះត្រូវតែនៅឲ្យដាច់ឆ្ងាយពីគ្នា ដូចកំណត់រដ្ឋធម្មនុញ្ញកម្ពុជា៖ «មានតែការបែងចែក តែការអនុវត្តមិនគោរពទៅតាមការបែងចែកអំណាចនោះ ប្រទេសនោះមិនអាចក្លាយជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ»។
របាយការណ៍ ខុមហ្វ្រែល ក៏បានបង្ហាញថា សម្រាប់នីតិកាលទី៤ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានត្រួតត្រាសភាជាតិទាំងស្រុង។ តំណាងរាស្ត្រពីគណបក្សប្រឆាំងមិនមានតំណែងណាមួយនៅក្នុងគណៈកម្មការទាំងប្រាំបួននៃរដ្ឋសភាឡើយ។ ការគ្រប់គ្រងរដ្ឋសភាដោយសមាជិកគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង ហើយរដ្ឋាភិបាលដែលតំណាងឲ្យនីតិប្រតិបត្តិ មិនសូវយកចិត្តទុកដាក់នឹងការសាកសួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងឡើយ។
ចំណែកប្រព័ន្ធយុត្តិធម៌វិញ ក៏កំពុងជួបវិបត្តិដែរ។ ភាពឯករាជនៃប្រព័ន្ធយុត្តិធម៌ កំពុងចោទជាបញ្ហា ដោយសារតែឥទ្ធិពលនយោបាយចូលជ្រៀតជ្រែកពីគណបក្សប្រជាជន និងច្បាប់ចាំបាច់ចំនួនបី សម្រាប់ជួយធ្វើអោយតុលាការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយឯករាជ្យ នៅមិនទាន់អនុម័តដោយរដ្ឋសភាដែលជាស្ថាប័នកំពូលមួយ ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចដែរ។ ការគ្មានឯករាជភាពនៃប្រព័ន្ធយុត្តិធម៌ បណ្ដាលឲ្យមានការចាប់ឃុំខ្លួន និងកាត់ទោសប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយប្រឆាំង បាតុករ និងអ្នកសារព័ត៌មាន ព្រមទាំងមានការឃុំខ្លួនជនសង្ស័យ ឬពិរុទ្ធជនហួសកំណត់នៃច្បាប់ ឬខុសនីតិវិធីជាដើម។
លោក អំ សំអាត បន្តថា ពលរដ្ឋជាម្ចាស់ឆ្នោតនឹងទទួលបានផលប្រយោជន៍ជាច្រើន តាមរយៈនៃការអនុវត្តឲ្យបានត្រឹមត្រូវនូវគោលការណ៍បែងចែកអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ និងអំណាចតុលាការឲ្យបានត្រឹមត្រូវ៖ «មិនត្រូវមានអំណាចមួយណារំលោភលើអំណាចមួយណា។ វាជាការសំខាន់បំផុតនៃការបែងចែកអំណាចដោយឯករាជ្យពីគ្នា នេះបានបង្ហាញថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
លោក អំ សំអាត បន្តថា ដើម្បីជៀសវាងការរំលោភអំណាចទាំងបីនេះ រដ្ឋាភិបាលត្រូវតែគោរព និងអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ។ ស្ថាប័នទាំងបីត្រូវគោរពតួនាទីរបស់ខ្លួន ស្របទៅតាមច្បាប់កំណត់ កុំជ្រៀតជ្រែកស្ថាប័នផ្សេងគ្នា។
អនុសាសន៍អង្គការ ខុមហ្រ្វែល ស្នើឲ្យរដ្ឋាភិបាលបង្កើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ត្រូវពង្រឹងការបែងចែកអំណាចទាំងបីឲ្យមានប្រសិទ្ធភាព។ រដ្ឋាភិបាលត្រូវដោះស្រាយដោយជម្នះបញ្ហាច្របូកច្របល់គ្នារវាងអំណាចទាំងបី គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងប្រព័ន្ធយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
