ការឃុំខ្លួនស្ត្រីម្នាក់ដែលមិនដឹងរឿង គឺជាការប្រើអំណាចខុសច្បាប់ផង និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផង។
មេធាវីការពារក្ដីឱ្យជនក្រីក្ររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កំពុងទាមទារឱ្យចៅក្រមសាលាដំបូងខេត្តសៀមរាប ដោះលែងស្ត្រីម្នាក់ដែលកងរាជអាវុធហត្ថបានចាប់ខ្លួនពីទីក្រុងភ្នំពេញ ហើយតុលាការនៃខេត្តសៀមរាប បានចេញដីកាឃុំខ្លួនរយៈពេលប្រមាណជិត ៣ខែមកហើយ។
មេធាវីសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តសៀមរាប ដែលទទួលការពាររឿងក្តីនោះ គឺកញ្ញា ពូក យ៉ារ៉ាន់។ កញ្ញាបានមានប្រសាសន៍ថា ចៅក្រមសាលាដំបូងសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដោយគ្រាន់តែមានជនសង្ស័យក្នុងរឿងចែកចាយសារធាតុញៀនខ្លះ បានឆ្លើយប្រាប់សមត្ថកិច្ច ហើយប៉ះចំទៅលើលេខទូរស័ព្ទកូនក្តីរបស់នាងប៉ុណ្ណោះ។ ការគ្រាន់តែឆ្លើយដាក់ទៅលើលេខទូរស័ព្ទនោះ តាមផ្លូវច្បាប់ គឺតុលាការពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការឃុំខ្លួនទេ។
មេធាវីដដែល បានទាមទារឱ្យតុលាការដោះលែងកូនក្តីរបស់នាងឱ្យមានសេរីភាពវិញ៖ «កូនក្ដីខ្ញុំនៅភ្នំពេញ តែការចោទប្រកាន់ថានៅសៀមរាប ហើយពេលវេលាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ហ្នឹង កូនក្ដីខ្ញុំនៅភ្នំពេញ មិនមែននៅសៀមរាប ទេ។ ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេតាមផ្លូវច្បាប់ ពីព្រោះគ្រាន់តែលេខទូរស័ព្ទបច្ចុប្បន្ននេះ គឺថាយើងមិនអាចយកមកធ្វើជាភស្តុតាងចាប់ឃុំខ្លួនមនុស្សម្នាក់នោះទេ។ ក្នុងនាមខ្ញុំជាមេធាវី ខ្ញុំមិនអាចទទួលយកបានទេ។ ដោយយោងទៅតាមមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ គឺវិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ»។
កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ផល សុភាព អាយុ ៣៤ឆ្នាំ ជាអ្នកប្រកបរបរលក់ហ្គាស នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងទៅតាមដីកានាំខ្លួនរបស់ លោក អ៊ិត សុធា ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប។
កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនេះ គឺ លោក អ៊ិត សុធា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីឈ្មោះ ផល សុភាព បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀនដែលប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។ រហូតមកដល់ពេលនេះ មន្ត្រីតុលាការនៅតែប្រកាន់ជំហរមិនដោះលែងស្ត្រីម្នាក់នោះទៅតាមការទាមទាររបស់មេធាវីការពារក្ដីនៅឡើយទេ។
ចៅក្រមសាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងក្តីនោះ លោក អ៊ិត សុធា បានមានប្រសាសន៍ថា ការចាប់ខ្លួនស្ត្រីរូបនោះ ដោយសារតែសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ហើយជននោះបានប្រាប់អំពីបក្ខពួកមួយចំនួនទៀត ដោយឆ្លើយចំទៅលើលេខទូរស័ព្ទរបស់ស្ត្រី ឈ្មោះ ផល សុភាព រស់នៅឯទីក្រុងភ្នំពេញ នោះ។ លោកចៅក្រមបានបញ្ជាក់ថា ក្រៅតែពីភស្តុតាងដែលជនសង្ស័យបានឆ្លើយដាក់ចំលេខទូរស័ព្ទនោះ គឺតុលាការមិនបានរកឃើញភស្តុតាងអ្វីផ្សេងទៀតឡើយ ក៏ប៉ុន្តែទោះយ៉ាងណា លោកមិនទាន់សម្រេចដោះលែងស្ត្រីម្នាក់នោះទេ៖ «ឥឡូវនេះ កំពុងតែធ្វើការស៊ើបអង្កេតបន្តិចសិន ព្រោះតាមមេធាវី គាត់ឱ្យយើងសួរតទល់ ក៏ប៉ុន្តែយើងកំពុងតែរកឈ្មោះមួយទៀត ដើម្បីចាប់មក យើងសួរតទល់បីនាក់។ ឥឡូវហ្នឹង ខាងមេធាវីស្រី គាត់ដាក់ពាក្យសុំមកធានានៅក្រៅឃុំ។ ប៉ុន្តែ វាក្នុងដំណាក់កាលស៊ើបអង្កេត ខ្ញុំអត់ទាន់ឱ្យនៅក្រៅឃុំទេ គឺខ្ញុំស៊ើបសិន»។
ក្រុមគ្រួសាររបស់ស្ត្រីដែលកំពុងជាប់ឃុំ បានហៅការសម្រេចរបស់តុលាការខេត្តសៀមរាប ថា គឺជាការអនុវត្តច្បាប់ដោយមិនមានភស្តុតាងត្រឹមត្រូវ។
បុរសឈ្មោះ ប៉ែន ផល បានអះអាងថា តុលាការខេត្តសៀមរាប ដែលចោទប្រកាន់ទៅលើកូនស្រីរបស់គាត់ ថាបានរក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នោះ គឺមិនត្រឹមត្រូវទេ ពីព្រោះនៅក្នុងថ្ងៃនោះកូនស្រីរបស់គាត់នៅផ្ទះលក់ដូរហ្គាស ឯទីក្រុងភ្នំពេញ។ លោក ប៉ែន ផល បានបញ្ជាក់ថា មានសាក្សីជាច្រើនទៀតដែលសុទ្ធតែបានឃើញកូនស្រីគាត់នៅទីក្រុងភ្នំពេញ មិនមែននៅខេត្តសៀមរាប ក្នុងថ្ងៃទី៣០ ខែមេសា ទេ៖ «គេចាប់ទៅហ្នឹង អត់មានស្អីជាភស្តុតាងសោះ។ អានេះគេចោទប្រកាន់ឈ្មោះ ស៊ឹម ចំរើន ហើយ ស៊ឹម ចំរើន នោះ ឆ្លើយដាក់។ ប៉ុន្តែ ការពិត ឈ្មោះ ស៊ឹម ចំរើន ហ្នឹង មិនដឹងជានៅស្រុកណាផងទេ អត់ដែលស្គាល់គ្នាផង។ ខ្ញុំសំណូមពរដល់តុលាការដោះស្រាយដល់កូនខ្ញុំឱ្យបានរួចចេញពីពន្ធនាគារឡើងវិញ ឱ្យមានសេរីភាព។ កុំទុកកូនខ្ញុំផ្អឹបចោល! ម្យ៉ាង កូនខ្ញុំមានផ្ទៃពោះផង ៤-៥ខែហើយ»។
បុរសម្នាក់ទៀតដែលជាអ្នកធ្វើការនៅកន្លែងលក់ហ្គាស ជាមួយស្ត្រីជាប់ឃុំនោះ បានអះអាងថា គាត់មិនជឿតុលាការដែលចោទប្រកាន់ទៅលើស្ត្រីឈ្មោះ ផល សុភាព ពីបទរក្សាទុក ឬជួញដូរសារធាតុញៀននោះទេ។ គាត់បញ្ជាក់ថា ស្ត្រីឈ្មោះ ផល សុភាព នោះ គឺនៅតែក្នុងផ្ទះនាទីក្រុងភ្នំពេញ ពីព្រោះ១ថ្ងៃៗជាប់រវល់តែរបរលក់ហ្គាស ហើយស្ត្រីនោះក៏មិនដែលទៅខេត្តសៀមរាប ដែរ ដោយសារមិនមានបងប្អូនរស់នៅទីនោះ៖ «ដល់ពេលគេថាគាត់លក់គ្រឿងញៀនអីចឹង ខ្ញុំអត់ជឿទេ។ ព្រោះអី គាត់មិនដែលទៅសៀមរាប ផង គាត់នៅតែផ្ទះ។ បើបងប្អូនអត់មាននៅសៀមរាប ទេ មានតែនៅកំពង់ចាម ហើយនិងភ្នំពេញ»។
អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានហៅការឆ្លើយប្រាប់សមត្ថកិច្ចអំពីលេខទូរស័ព្ទ ដើម្បីធ្វើឱ្យពាក់ព័ន្ធបទល្មើសទៅលើជនណាម្នាក់នោះ គឺគ្រាន់តែជាព័ត៌មានដែលសមត្ថកិច្ចត្រូវស្រាវជ្រាវប៉ុណ្ណោះ មិនអាចយកធ្វើជាភស្តុតាង និងឈានទៅដល់ឃុំខ្លួនតាមផ្លូវច្បាប់បានទេ។ លោក ចាន់ សុវ៉េត បានបញ្ជាក់ទៀតថា តុលាការដែលឃុំមនុស្សដោយគ្រាន់តែមានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឆ្លើយដាក់លេខទូរស័ព្ទនោះ គឺជារឿងមិនត្រឹមត្រូវឡើយ។
មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានព្រមានថា ក្នុងរយៈពេលជាង ១ខែមកនេះ គេបានដាក់ពាក្យស្នើសុំតុលាការខេត្តសៀមរាប ចំនួន ២លើកហើយ ឱ្យដោះលែងស្ត្រីឈ្មោះ ផល សុភាព បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ប្រសិនបើតុលាការមិនព្រមដោះលែងទេ គឺគេនឹងដាក់ពាក្យប្ដឹងបន្តទៅសាលាឧទ្ធរណ៍ ព្រមទាំងប្ដឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
