ទណ្ឌិត សោម ឯក ដែលតុលាការចោទថាជាមេខ្លោងនៃចលនាភេរវកម្មក្បាលខ្លា ត្រូវក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ តុលា យកមកសាកសួរបន្ទាប់ពីចាប់ខ្លួនមកវិញ។ លោក សោម ឯក បានលួចរត់ពីការជាប់ពន្ធនាគារកាលពីយប់ថ្ងៃទី៨ តុលា ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរី ថា លោក សោម ឯក ត្រូវបានគេចាប់ខ្លួនបានមកវិញនៅថ្ងៃទី២៦ តុលា នៅខេត្តសៀមរាប។
លោក សោម ឯក នឹងប្រឈមមុខការជាប់ទោសជាប់ពន្ធនាគារបន្ថែមទៀតប្រមាណពីរឆ្នាំបន្ថែមទៀត ករណីលួចរត់គេចពីពន្ធនាគារ។ ទណ្ឌិត សោម ឯក ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១០ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ ពីបទបង្កៃគ្រឿងផ្ទុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម។
លោក សោម ឯក ត្រូវគេឃុំខ្លួននៅពន្ធនាគារប៉េស្ស៊ី (PJ)។ លោកអាចនឹងត្រូវគេដាក់នៅពន្ធនាគារថ្មី បន្ទាប់ពីការសាកសួរហើយ។
ទាក់ទងថាតើអ្នកគ្រប់គ្រងពន្ធនាគារ ត្រូវទទួលខុសត្រូវបែបណាចំពោះការលួចគេចខ្លួននេះ? លោក នុត សាវនា បញ្ជាក់ថា ក្រសួងនឹងស៊ើបអង្កេតពីអ្នកជាប់ពាក់ព័ន្ធឲ្យមានការរត់គេច៖ « ករណីនេះមានអង្គភាពច្រើនចុះធ្វើការវាយតម្លៃ ថាតើឧបទ្ទវហេតុនេះជាកំហុសអ្នកណា ? ហើយអ្នកខ្លះមានការពាក់ព័ន្ធ។ មិនមែនតែអង្គភាពក្រោមអគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះទេ អគ្គស្នងការនគរបាលជាតិ ក៏ធ្វើរឿងនេះដែរ។ ចឹងដោយសារបញ្ហានេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខ្ញុំមិនអាចបង្ហើបបានទេនៅពេលនេះ »។
លោក នុត សាវនា ថ្លែងថា នាយកដ្ឋានពន្ធនាគារនឹងពង្រឹងសន្តិសុខនៅពន្ធនាគារបន្ថែមទៀត ការពារករណីលួចរត់កើតមានបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
