ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ លើកពេលសវនាការក្នុងសំណុំរឿងលោក ហុង សុខហួរ ដោយមិនកំណត់ថ្ងៃ ទៅខែកុម្ភៈ ខាងមុខ។
លោក សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកពេលនៃការជំនុំជម្រះភ្លាមៗ កាលពីព្រឹកថ្ងៃទី៥ ខែមករា ទៅខែកុម្ភៈ វិញ ដោយសារអវត្តមានមេធាវីការពារក្តី។ នៅក្នុងបន្ទប់សវនាការ ទាំងមេធាវី និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ពុំបានបង្ហាញវត្តមានទៅតាមការកំណត់នៅថ្ងៃបើកសវនាការទេ គឺមានតែចៅក្រម និងតំណាងអយ្យការ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ ផ្ដន្ទាទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីខាងបក្សប្រឆាំង ដាក់ពន្ធនាគារ ៧ឆ្នាំ ក្រោមបទចោទចំនួន ៣បទល្មើសគឺក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ នៅពេលលោក ហ៊ុន សែន ចោទប្រកាន់ថា ក្បត់ជាតិ ក្រោមហេតុផលថា លោក ហុង សុខហួរ ហ៊ានចោទថា រដ្ឋាភិបាលកម្ពុជា រំលាយសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយទៅជាព្រំដែនរួមរវាងកម្ពុជា-វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
