កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅតុលាការ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមេសា ថា បច្ចុប្បន្ន កញ្ញា ស្រីមុំ មិនទាន់រកមេធាវីការពារក្ដីករណីចូលបំភ្លឺតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ។
ទោះបីជាយ៉ាងណា លោក នី សុខា ថ្លែងថា សមាគមអាដហុក នៅតែផ្ដល់ជំនួយផ្នែកច្បាប់ដល់ កញ្ញា ស្រីមុំ ប្រសិនបើនាងបន្តស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក។ លោក នី សុខា ប្រមើលមើលថា ប្រសិនបើតុលាការប្រកាន់យកឯករាជភាព យុត្តិធម៌ នោះការចូលឆ្លើយបំភ្លឺរបស់ កញ្ញា ស្រីមុំ នឹងមិនប៉ះពាល់អ្វីដល់នាងឡើយ៖ « ពីព្រោះថា រឿងរបស់ ស្រីមុំ នេះ គាត់អត់មានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសហ្នឹងទេ។ ចឹងខ្ញុំគិតថា មិនមានបញ្ហាទេ ព្រោះបទល្មើសទាំងពីរដែលតុលាការបានកោះហៅទៅសួរតាមរបាយការណ៍របស់ប៉ូលិសនេះ គឺមិនទាក់ទងនឹងកំហុសខុសច្បាប់អីទេសម្រាប់ ស្រីមុំ »។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ឲ្យចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរកឃើញថា កញ្ញា ស្រីមុំ ជាប់ពាក់ព័ន្ធការផ្ដល់សក្ខីកម្មក្លែង និងអំពើពេស្យាចារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
