តុលាការ​កំពូល​សម្រេច​ឲ្យ​លោក ហេង ពៅ ជាប់​គុក​១៦​ឆ្នាំ​ពី​បទ​ជាប់​ពាក់ព័ន្ធ​មនុស្ស​ឃាត

ដោយ ទេព សុរ៉ាវី
2014.10.24
ហេង ពៅ ៦២០ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត លោក សៅ សុខា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Tep Soravy

តុលាការ​កំពូល ប្រកាស​សាល​ដីកា​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សួរ​ដេញដោល​ផ្ទាល់​មាត់​រួច​រាល់​ហើយ កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ។

អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ឲ្យ​ជាប់​ទោស ១៦​ឆ្នាំ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត លោក សៅ សុខា។

អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល ដោយ​បញ្ជាក់​ថា លោក​នឹង​បន្ត​ប្ដឹង​រឿង​នេះ​ទៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ឲ្យ​សើរើ​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត​លើ លោក សៅ សុខា នេះ​ឡើង​វិញ។ លោក ហេង ពៅ ប្រាប់​អ្នក​កាសែត​ក្រៅ​បន្ទប់​សវនាការ​ថា លោក​មិន​មាន​ជំនឿ​ទៅ​លើ​ការ​កាត់​ក្តី​របស់​តុលាការ​កំពូល ទេ។

លោក​បញ្ជាក់​ថា លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជា​អ្នក​ប្រឌិត​រឿង​ធ្វើ​បាប​គាត់។ លោក ហេង ពៅ បញ្ជាក់​ថា លោក ម៉ក់ ជីតូ មាន​ករណី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​មនុស្ស ហើយ​លោក​គ្រោង​ប្ដឹង​ទៅ​រដ្ឋសភា ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត ជុំវិញ​បណ្ដឹង​របស់​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ប្ដឹង លោក ម៉ក់ ជីតូ ដែល​ត្រូវ​តុលាការ​ផ្អាប់​ទុក​កន្លង​មក៖ «ករណី លោក ម៉ក់ ជីតូ សម្លាប់​មនុស្ស​ជាច្រើន​ករណី​ដែល​មាន​បណ្ដឹង​នៅ​ព្រះរាជ​អាជ្ញា​ក្រុង​ភ្នំពេញ ហើយ​ព្រះរាជ​អាជ្ញា​ក្រុង​ភ្នំពេញ មិន​ចាត់​ការ​តាម​ច្បាប់។ ខ្ញុំ​នឹង​ប្ដឹង​សុំ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​នៅ​តុលាការ​ក្រុង​ភ្នំពេញ ហើយ អំ សំខេង មុន​ស្លាប់​ប្រហែល​ពីរ​បី​ឆ្នាំ ក៏​បាន​ប្ដឹង​ដែរ សុំ​ឲ្យ​ព្រះរាជ​អាជ្ញា​ចាត់​ការ​បណ្ដឹង​ហ្នឹង ដែល​គាត់ (ម៉ក់ ជីតូ) យក​គេ​ទៅ​បាញ់​សម្លាប់​នៅ​មុខ​សាលា​គុយបា​ច្បារ​អំពៅ»

លោកស្រី ស៊ុន សុភ័ណ្ឌ ប្អូន​ស្រី លោក ហង្ស វុទ្ធី និង​លោក ហង្ស វុត្ថា ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ប៉ុនប៉ង​មនុស្ស​ឃាត​លើ លោក សៅ សុខា បញ្ជាក់​ថា លោក ម៉ក់ ជីតូ ជា​អ្នក​ដឹក​នាំ​សាច់​រឿង​នេះ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​បង​ប្រុស​របស់​គាត់ និង​អ្នក​ពាក់ព័ន្ធ​ឯ​ទៀត។ លោកស្រី​ក៏​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង លោក ម៉ក់ ជីតូ ទៅ​តុលាការ​ដែរ៖ «រឿង​ហ្នឹង​ដោយសារ លោក ម៉ក់ ជីតូ ទាំងអស់​ជា​អ្នក​ប្រឌិត ហើយ​មក​ចោទ​ប្រកាន់​ពួក​គាត់ ហើយ​តុលាការ​ឲ្យ​រួច​ខ្លួន​តែ​ម្នាក់។ អ៊ីចឹង​បាន​ន័យ​ថា ម៉េច​ខ្ញុំ​អត់​យល់​សោះ​រឿង​ហ្នឹង ហើយ​ទម្លាក់​លើ​បង​ខ្ញុំ ហង្ស វុទ្ធី ទាំងអស់ តាម​ពិត​សាច់​រឿង​ហ្នឹង​ទាំងអស់ គឺ​លោក ម៉ក់ ជីតូ ដឹក​នាំ​ទាំងអស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ក់ ជីតូ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលា។

សំណុំ​រឿង​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សន្និដ្ឋាន​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០០៦ ចោទ​ប្រកាន់ លោក លី រ៉ាស៊ី អតីត​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក ព្រំ សោភារិទ្ធ អតីត​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ លោក ហង្ស វុត្ថា លោក ហង្ស វុទ្ធី ហៅ យមរាជ លោក អំ សំខេង ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​គិត​ទុក​ជា​មុន។ បច្ចុប្បន្ន លោក អំ សំខេង បាន​ស្លាប់​ក្នុង​ពន្ធនាគារ ហើយ លោក ហង្ស វុទ្ធី ហៅ យមរាជ មិន​បាន​ប្ដឹង​សារទុក្ខ​ពី​រឿង​នេះ​ទេ។ រីឯ លោក ហេង ពៅ ជាប់​ចោទ​ពី​បទ​សម​គំនិត​ប៉ុនប៉ង​មនុស្ស​ឃាត និង​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៦​ឆ្នាំ ក្រៅ​ពី​នេះ ដាក់​គុក​ម្នាក់ៗ ១៥​ឆ្នាំ។

(ដៃ​ជាប់​ខ្នោះ) អតីត​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក លី រ៉ាស៊ី (ឆ្វេង) និង​លោក ហង្ស វុត្ថា ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត លោក សៅ សុខា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។
(ដៃ​ជាប់​ខ្នោះ) អតីត​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក លី រ៉ាស៊ី (ឆ្វេង) និង​លោក ហង្ស វុត្ថា ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំ​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត លោក សៅ សុខា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Tep Soravy

ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​កំពូល លោក យូ ឧត្តរា ប្រកាស​សាល​ដីកា​ដោយ​សម្រេច​រក្សា​សាលក្រម​សាលា​ឧទ្ធរណ៍​ដដែល គឺ​ឲ្យ លោក ហេង ពៅ ជាប់​ពន្ធនាគារ ១៦​ឆ្នាំ លើក​លែង​ទោស​ចំពោះ លោក ព្រំ សោភារិទ្ធ។ ចំណែក លោក លី រ៉ាស៊ី លោក ហង្ស វុត្ថា ជាប់​ពន្ធនាគារ ១៥​ឆ្នាំ។ រីឯ លោក ហង្ស វុទ្ធី ហៅ យមរាជ មិន​បាន​ប្ដឹង​សារទុក្ខ​នោះ​ទេ។

យ៉ាង​ណា ប្អូន​ស្រី លោក ព្រំ សោភារិទ្ធ ដែល​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ គិត​ថា ការ​សម្រេច​របស់​តុលាការ​កំពូល នេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​បង​ប្រុស​របស់​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។