សាលាដំបូងខេត្តតាកែវ ប្រកាសសាលក្រមនៅថ្ងៃទី៨ កក្កដា ដោយសម្រេចផ្ដន្ទាទោសខ្មែរក្រោម ៤នាក់ ពីបទរុករានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ។ មានខ្មែរក្រោមម្នាក់ក្នុងចំណោម ៤នាក់នោះ ត្រូវអនុវត្តទោសខ្លះ ក្រៅពីនេះតុលាការព្យួរទោសដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ។
ពាក់ព័ន្ធរឿងនេះ មន្ត្រីការពារសិទ្ធិជនជាតិភាគតិច រិះគន់ថា ការសម្រេចរបស់តុលាការ ធ្វើឡើងដោយអយុត្តិធម៌ នៅពេលដែលពួកគេទាមទារដី ដើម្បីសម្រាប់រស់រានមានជីវិត។
ខ្មែរក្រោមចំនួន ៧៤គ្រួសារ នៅភូមិសង្គមមានជ័យ និងភូមិក្តុលជ្រុំ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ត្រៀមប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ទាក់ទងនឹងការសម្រេចរបស់តុលាការខេត្ត ដែលផ្ដន្ទាទោសឲ្យតំណាងពួកគេ ៤នាក់មានទោស ពាក់ព័ន្ធនឹងការរានដីព្រៃសង់លំនៅឋាន និងធ្វើស្រែចម្ការ។
ចៅក្រមសាលាដំបូងខេត្តតាកែវ លោក ឡុង សិកា បើកសវនាការជម្រះក្តីលើករណីខ្មែរក្រោម ៤នាក់ ដែលត្រូវមន្ត្រីជលផលប្ដឹងពីបទរានដីព្រៃក្នុងតំបន់អភិរក្សសត្វក្រៀល កាលពីខែមិថុនា ហើយសាលក្រមបានប្រកាសនៅព្រឹកថ្ងៃទី៨ កក្កដា ដោយសម្រេចផ្ដន្ទាទោសខ្មែរក្រោម ៣នាក់ គឺលោក វី ចាន់ លោក វី ម៉ៃ និងលោក ស៊ុំ រុំ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរ។ រីឯ លោក សៅ មឿន ដែលសព្វថ្ងៃកំពុងជាប់ពន្ធនាគារតាំងពីខែមករា មកនោះ ត្រូវផ្ដន្ទាទោស ៣ឆ្នាំ ៧ខែ ប៉ុន្តែត្រូវព្យួរទោស ៣ឆ្នាំដូចគ្នា ហើយទោស ៧ខែនោះ បើគិតពីថ្ងៃចាប់ខ្លួនរហូតដល់ថ្ងៃប្រកាសសាលក្រមនោះ គឺលោកនៅសល់ត្រូវអនុវត្តទោស ១ខែ ៦ថ្ងៃទៀត ទើបរួចផុតពីមន្ទីរឃុំឃាំង។
តំណាងខ្មែរក្រោមម្នាក់ គឺលោក វី ម៉ៃ គិតថា ត្បិតតុលាការសម្រេចព្យួរទោសលោក និងខ្មែរក្រោម ៣នាក់ទៀត តែការសម្រេចនោះជារឿងអយុត្តិធម៌ ដែលពួកលោកមិនអាចទទួលយកបាន។ លោកបន្តថា ពួកគាត់ពិតជាបានរានដីព្រៃ ដើម្បីសង់លំនៅឋាន និងធ្វើស្រែចម្ការពិតមែន ប៉ុន្តែពួកគាត់បានមករស់នៅ និងរានព្រៃ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ គឺមុនពេលដែលរាជរដ្ឋាភិបាលដាក់តំបន់នោះជាតំបន់អភិរក្សសត្វក្រៀល៖ «ប្រសិនណាប្រជាពលរដ្ឋមិនឃាត់ឃាំង អ៊ីចឹងដីនេះក្លាយជាដីឧកញ៉ា ហើយប្រាកដណាក្លាយជារបស់គេ ដល់ពេលពួកខ្ញុំធ្វើមួយគ្រួសារស្មើនឹង ១ពាន់ម៉ែត្រការ៉េ តុលាការមើលឃើញដល់ពេលឈ្មួញធ្វើរាប់រយហិកតារ រាប់ពាន់ហិកតារ តុលាការមើលអត់ឃើញ»។
តំណាងខ្មែរក្រោមរូបនេះបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមជាង ៧០គ្រួសារ នឹងដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ទាមទារឲ្យតុលាការលុបការចោទប្រកាន់ និងស្នើសុំឲ្យដីទំនាស់នោះជាដីសម្បទានសង្គមកិច្ចឲ្យពួកគាត់សម្រាប់រស់នៅ និងបង្កបង្កើនផល។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច លោក អាង ច័ន្ទឬទ្ធិ គិតថា ការផ្ដន្ទាទោសតំណាងខ្មែរក្រោមទាំង ៤នាក់នោះ ជារឿងអយុត្តិធម៌ នៅពេលដែលពួកគេចង់បានដីសម្រាប់រស់រានមានជីវិត៖ «ជីវភាពរបស់ពួកគាត់ពឹងអាស្រ័យទាំងស្រុងទៅលើដីនោះតែម្តង បើគាត់អត់មានទេ វាបង្កើនភាពក្រីក្រអត់ឃ្លានមិនអាចឲ្យគាត់អភិវឌ្ឍខ្លួនបាន ដូចជា មិនអាចឲ្យកូនទៅរៀន ឬមានមុខរបរសមរម្យ»។
តំណាងខ្មែរក្រោមអះអាងថា កាលពីឆ្នាំ១៩៩៧ នៅទឹកដីកម្ពុជាក្រោម មានវិបត្តិដីធ្លី ទើបពួកគាត់ភៀសខ្លួនចូលមករស់នៅប្រទេសកម្ពុជា និងបានចាប់ដីជាង ២០០ហិកតារក្នុងភូមិសង្គមមានជ័យ និងភូមិក្តុលជ្រុំ ក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ជាប់ព្រំដែនកម្ពុជាវៀតណាម រស់នៅ និងធ្វើស្រែប្រាំង។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា ប្ដូរដីបឹងពីឡូនេសាទ ទៅជាតំបន់អភិរក្សសត្វក្រៀល ទើបនៅឆ្នាំ២០១៣ ពួកគាត់ត្រូវមន្ត្រីរដ្ឋបាលជលផលខេត្តចោទថា បានរុករានដីព្រៃលិចទឹកនៅតំបន់អភិរក្ស។
ក្រោយពីការស្តាប់ការប្រកាសសាលក្រមរួច ខ្មែរក្រោមជាង ៧០គ្រួសារ ទៅដាក់លិខិតស្នើសុំទៅសាលាខេត្តតាកែវ ឲ្យបង្វែរដីជម្លោះជាង ២០០ហិកតារ ដែលពួកគាត់កំពុងរស់នៅនោះ ទៅជាដីសម្បទានសង្គមកិច្ចឲ្យពួកគាត់ ដោយសារតែពួកគាត់ត្រូវការដីនោះជាចាំបាច់ សម្រាប់រស់នៅ និងអាស្រ័យផល។
យ៉ាងណា លិខិតស្នើសុំនោះត្រូវបានមន្ត្រីសាលាខេត្តទទួលយក តែមិនទាន់សម្រេចយ៉ាងណានៅឡើយ។
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ឲ្យដឹងថា លោកនៅមិនទាន់ឃើញលិខិតស្នើសុំរបស់ខ្មែរក្រោមនោះនៅឡើយទេ ដោយសារតែលោកមានបេសកកម្មមកប្រជុំនៅក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។ តែពេលត្រឡប់ទៅវិញ លោកនឹងពិនិត្យ និងធ្វើសេចក្តីជូនដំណឹងមួយ ទៅក្រសួងមហាផ្ទៃ ចំពោះសំណើសុំសម្បទានសង្គមកិច្ចនោះ៖ «ខេត្តនឹងកោះប្រជុំអង្គភាពពាក់ព័ន្ធ និងគណៈអភិបាល ដើម្បីពិចារណា ហើយនឹងធ្វើសេចក្តីជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងផ្តល់អនុសាសន៍មកថា អាចធ្វើសំណើទៅរាជរដ្ឋាភិបាលឬអត់? ព្រោះអីការផ្តល់ដីសម្បទានសង្គមកិច្ច មិនមែនជាសមត្ថកិច្ចរបស់ខេត្តទេ ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកផ្តល់»។
តំណាងខ្មែរក្រោមប្រកាន់ជំហរថា ពួកគេទាំង ៧០គ្រួសារនោះ នៅតែបន្តរស់នៅលើដីមានទំនាស់នោះដដែល រហូតដល់មានដំណោះស្រាយជូនពួកគាត់។ ប្រសិនបើគ្មានការសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចតាមការស្នើសុំទេនោះ ពួកគាត់នឹងឡើងមកតវ៉ានៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
