គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ស្នើ​មាន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ សាន សែល
2016.07.13
គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ២០១៦ ៨៥៥ ១៣-កក្កដា-២០១៦៖ គេហទំព័រ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ)។ Screenshot
Screenshot

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា អំពាវនាវ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឲ្យ​ឆាប់​រហ័ស មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​នៃ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ថ្លែង​ថា «លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេចធ្លោ​ម្នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ខណៈ​មាន​ការ​ចាប់​ខ្លួន​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង»

លោក​បន្ត​ថា «ក្នុង​បរិបទ​នៃ​ប្រវត្តិ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​របស់​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នយោបាយ ហើយ​បើ​ទោះ​បី​ជា​ជន​សង្ស័យ​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ អាជ្ញាធរ​ត្រូវ​បន្ត​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​វិធីសាស្ត្រ​ត្រឹមត្រូវ រហូត​ដល់​អស់​លទ្ធភាព និង​សមត្ថភាព»

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ផ្តល់​យោបល់​ថា ខណៈ​កម្ពុជា ខ្វះ​សមត្ថភាព​ស៊ើប​អង្កេត កម្ពុជា គួរ​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​បរទេស​ដែល​មាន​ជំនាញ​ខាង​វិភាគ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​ទិន្នន័យ​ទំនាក់ទំនង អង្កេត និង​ការ​ធ្វើ​កោសល្យវិច័យ​រាង​កាយ​លោក កែម ឡី ទីកន្លែង​កើត​ហេតុ និង​រថយន្ត ដែល​មាន​សារសំខាន់​អាច​ជួយ​កំណត់​អត្តសញ្ញាណ និង​សកម្មភាព​របស់​ឧក្រិដ្ឋជន និង​ដើម្បី​ដឹង​ថា តើ​គេ​ប្រព្រឹត្ត​តែ​ម្នាក់​ឯង ឬ​ផ្សំ​គំនិត​ជាមួយ​អ្នក​ដទៃ។

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​ថា រាល់​អ្នក​ស៊ើប​អង្កេត និង​ចៅក្រម​ស៊ើប​អង្កេត ត្រូវ​តែ​ឯករាជ្យ និង​មិន​លម្អៀង គ្មាន​រង​ឥទ្ធិពល​អ្វី​ទាំងអស់ ហើយ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​គ្មាន​ការ​គំរាម​កំហែង ធ្វើ​បាប ការ​បន្ទច់បង្អាក់ ឬ​ការ​ជ្រៀតជ្រែក។

មួយ​ទៀត​នោះ ដំណើរ​ស៊ើប​អង្កេត និង​លទ្ធផល ត្រូវ​តែ​បង្ហាញ​ដោយ​តម្លាភាព និង​បើក​ទូលាយ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ និង​សាធារណជន​ពិនិត្យ​មើល។

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ បន្ថែម​ថា អាជ្ញាធរ​ត្រូវ​ការពារ​សិទ្ធិ​គ្រួសារ​ជន​រងគ្រោះ ដោយ​ធានា​ថា​គ្រួសារ​លោក កែម ឡី ទទួល​បាន​ព័ត៌មាន​ទៀងទាត់​អំពី​ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត និង​ទទួល​បាន​នូវ​រាល់​ជំនួយ និង​ការ​គាំទ្រ។

លើស​ពី​នេះ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​គ្រួសារ​ជន​រងគ្រោះ និង​ជន​ទាំងឡាយ​ណា​ពី​ការ​គំរាម ឬ​ទណ្ឌកម្ម ពេល​សហការ​ចូលរួម​ដំណើរ​ការ​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។