តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពុងសាកសួរបុរសពីរនាក់ជាច្រើនម៉ោង ចាប់តាំងតែពីព្រឹករហូតមកដល់ល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ។ ការសាកសួរកំពុងបន្តតាមនីតិវិធីច្បាប់ ដើម្បីឈានទៅដល់ការចោទប្រកាន់ បន្ទាប់ពីកងរាជអាវុធហត្ថ និងប៉ូលិស បានចាប់ខ្លួនបុរសឈ្មោះ ចាន់ ឆាយ ហៅ សំ ភារ៉ាត អាយុ ៤០ឆ្នាំ ដោយសង្ស័យថាជាជនដៃដល់ និងបុរសម្នាក់ទៀតឈ្មោះ ណឹប សិទ្ធិ អាយុ ២៤ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យថៅកែចិន ពីបទសង្ស័យរួមគំនិត។
មន្ត្រីក្រឡាបញ្ជីនៃតុលាការខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅល្ងាចថ្ងៃអាទិត្យ ទី១៤ កុម្ភៈ ថា តំណាងអយ្យការនៃសំណុំរឿងក្តីនោះ នៅតែបន្តការសាកសួរបុរសទាំងពីរមិនទាន់ឈានដល់ការចោទប្រកាន់យ៉ាងណានៅឡើយ។
កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ គេបានប្រទះឃើញដងខ្លួនស្ត្រីឈ្មោះ ឡេន សិលា អាយុ ២៤ឆ្នាំ ជាអ្នកភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ប្រាសាទកែវ កណ្ដាលទីក្រុងសៀមរាប ដោយជនដៃដល់បានកាត់យកក្បាលរបស់នាងទៅបាត់។
ក្រោយពីមានឃាតកម្មប្រហែលជាង ១០ម៉ោងមក កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ចាន់ ឆាយ ដែលធ្លាប់ជាអតីតគូដណ្ដឹងរបស់នាង ប៉ុន្តែត្រូវនាងផ្ដាច់ពាក្យទៅហើយនោះ។ បន្ទាប់ពីចាប់ខ្លួន បុរសឈ្មោះ ចាន់ ឆាយ សារភាពថា រូបគាត់ពិតជាបានសម្លាប់ស្ត្រីឈ្មោះ ឡេន សិលា មែន ព្រមទាំងនាំសមត្ថកិច្ចទៅយកក្បាលរបស់ស្ត្រីដែលគេកាត់ ហើយយកទៅដុតកប់ចោលនោះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
