តំណាងសហជីពគាំទ្រឲ្យបង្កើតតុលាការការងារសម្រាប់ដោះស្រាយវិវាទកម្មករនៅកម្ពុជា។ ទន្ទឹមគ្នានេះ តំណាងសហជីពចង់បានតុលាការការងារដែលឯករាជ្យ និងយុត្តិធម៌ពិតប្រាកដ ដើម្បីផ្ដល់ទំនុកចិត្តដល់កម្មករ។ ការលើកឡើងនេះ ខណៈក្រសួងការងារ មានគម្រោងបង្កើតតុលាការការងារ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៧ ខាងមុខ។
តំណាងសហជីពនៅកម្ពុជា ចង់បានតុលាការការងារ ដែលក្រសួងការងារ អះអាងថា នឹងបង្កើតនៅពេលខាងមុខ ជាតុលាការដែលឈរលើគោលការណ៍ឯករាជ្យពិតប្រាកដ មិនដូចតុលាការសព្វថ្ងៃនេះនោះឡើយ។
ការលើកឡើងរបស់អ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករនៅពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាសថា នៅដើមឆ្នាំ២០១៧ ខាងមុខនេះ ក្រសួងការងារនឹងបង្កើតឱ្យមានតុលាការការងារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារដែលកើតឡើងរវាងកម្មករ និងនិយោជកប្រកបដោយប្រសិទ្ធភាព។
ករណីនេះត្រូវបានប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ខណៈបច្ចុប្បន្ន កម្ពុជាមានតែក្រុមប្រឹក្សាអាជ្ញាកណ្ដាលប៉ុណ្ណោះជាអ្នកដោះស្រាយរាល់វិវាទការងារដែលបានកើតទ្បើង ហេតុនេះការបង្កើតតុលាការការងារជារឿងប្រសើរ។ ប៉ុន្តែអ្នកស្រីបារម្ភថា តុលាការការងារនេះអាចនឹងមិនមានតម្លាភាព និងមិនអាចរកយុត្តិធម៌ជូនកម្មករបាន ប្រសិនបើតុលាការនោះនៅតែពុំមានឯករាជ្យដូចតុលាការបច្ចុប្បន្ន។ អ្នកស្រីថា កន្លងមកភាគច្រើននៃរឿងក្ដីរបស់កម្មករ ត្រូវបានគេកាត់ក្ដីដោយអយុត្តិធម៌ ឬមិនបានស៊ើបអង្កេតអោយបានត្រឹមត្រូវនោះទេ៖ «បច្ចុប្បន្នរឿងក្តីខ្លះ និងវិវាទមួយចំនួនរបស់កម្មករ ខ្លះប្រើពេល ៥ឆ្នាំ ខ្លះ ៧ ទៅ ៨ឆ្នាំ ហើយអត់ទាន់ហៅគាត់ទៅសាកសួរទេ កន្លែងហ្នឹងហើយជាមូលហេតុកម្មកររបស់យើងអត់សប្បាយចិត្ត»។
ប្រធានសម្ពន្ធសហជីពកម្ពុជា រូបនេះចង់ឲ្យតុលាការការងារដែលក្រសួងគ្រោងបង្កើត មានឯករាជ្យ និងមានឆន្ទៈបម្រើផលប្រយោជន៍ជូនកម្មករពិតប្រាកដ៖ «ឆ្នាំ២០១៧ មែន ត្រូវតែធ្វើឡើងដោយភាពឯករាជ្យ មានឆន្ទៈពិតប្រាកដ ស្មោះត្រង់ ចង់ឲ្យកម្មករបានប្រយោជន៍ពិតមែន អាហ្នឹងហើយដែលកម្មករយើងចង់បាន»។
ចំណែកឯប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោក សរ ម៉ូរ៉ា មានប្រសាសន៍ថា កន្លងមកការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានប្រសើរច្រើនក្តី ប៉ុន្តែការដោះស្រាយនៅប្រើពេលវេលាយូរ ធ្វើឲ្យខកខានរាល់ការដោះស្រាយវិវាទដែលបានកើតឡើងនោះ។ លោកសង្ឃឹមថា តុលាការការងារនេះ នឹងមានគោលនយោបាយច្បាស់លាស់ និងមានការចូលរួមពីត្រីភាគី ព្រោះកន្លងមក ដោយសារតែដោះស្រាយគ្មានយុត្តិធម៌ ធ្វើឲ្យកម្មករ និងសហជីពជាច្រើនបានជាប់ពន្ធនាគារ និងការរំលោភសិទ្ធិផ្សេងៗ៖ «មិនមែនតុលាការការងារដែលគ្រប់គ្រងតែភាគីរដ្ឋ ឬភាគីណាមួយទេ ត្រូវតែចូលរួមដោយត្រីភាគី កុំដូចតុលាការបច្ចុប្បន្ន នាំឲ្យមានបញ្ហាច្រើនដល់កម្មករ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២ ខែមករា។ ប៉ុន្តែ ក្នុងសន្និបាតសហភាពសហព័ន្ធសហជីពជាតិកម្ពុជា អាណត្តិទី៥ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង អះអាងថា ក្រសួងនិងភាគីពាក់ព័ន្ធកំពុងសិក្សាលើទិដ្ឋភាពបច្ចេកទេស និងដកបទពិសោធន៍ពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសិក្សាអំពីប្រព័ន្ធតុលាការការងារ ដើម្បីយកមកអនុវត្តឲ្យសមស្របទៅនឹងបរិបទនៅក្នុងប្រទេសកម្ពុជា។
សហជីពកម្ពុជា ក្រៅពីចង់បានតុលាការការងារឯករាជ្យ និងយុត្តិធម៌ ក៏ស្នើឲ្យប្រព័ន្ធតុលាការការងារនេះអនុវត្តបានសមស្របទៅនឹងបរិបទនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្របសម្រួលរវាងភាគីកម្មករ សហជីព និងថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
