អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជំរុញអោយមានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាថា ច្បាប់នេះនឹងពង្រឹងសមត្ថភាពរបស់អង្គការសមាគម។ ការលើកឡើងនេះ ស្របពេលដែលរដ្ឋសភាប្រកាសថា នឹងបើកអោយមានកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ថ្មីនេះ។
ឆ្លើយតបនឹងការលើកឡើងនេះដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះបានឆ្លងកាត់ការពិគ្រោះយោបល់ច្រើនលើកមកហើយ។ យ៉ាងណារដ្ឋាភិបាលនឹងបន្តស្ដាប់យោបល់លើករណីនេះទៀត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E.Todd) បញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាចំណែកមួយសំខាន់ក្នុងការជំរុញអោយមានអភិបាលកិច្ចល្អ និងធ្វើអោយប្រទេសជាតិរីកចម្រើន។
លោកថ្លែងបែបនេះនៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកការទូត តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកចូលរួមអបអរទិវារំលឹកខួបឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៤ ខែកក្កដា នៅស្ថានទូតសហរដ្ឋអាមេរិក។
លោក ថត បន្តថា អង្គការសង្គមស៊ីវិលគួរទទួលបានសេរីភាពពេញលេញក្នុងការបំពេញតួនាទីរបស់ពួកគេ៖ «ទុក្ខកង្វល់របស់ប្រជាជន អាចត្រូវបានគេស្ដាប់ឮតាមរយៈសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំ ហើយនេះក៏ជាមូលហេតុដែលយើងជំរុញឲ្យមានការជជែកគ្នារវាងភាគីផ្សេងៗ លើបញ្ហាទាំងឡាយណាដែលជះឥទ្ធិពលលើអង្គការសង្គមស៊ីវិល ដូចជាសេចក្ដីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលជាដើម។ ក្នុងស្មារតីថ្ងៃទី៤ ខែកក្កដា នេះ ខ្ញុំនៅតែជឿជាក់ថា សង្គមស៊ីវិលដែលសេរី និងរឹងមាំ គឺជាគ្រឿងម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់ការរីកចម្រើន។ សង្គមស៊ីវិលដ៏រឹងមាំ ជាមូលដ្ឋាននៃភាពចម្រុងចម្រើនរបស់ប្រទេសនីមួយៗ រួមទាំងសហរដ្ឋអាមេរិក។ ប្រទេសកម្ពុជា ពិតជាមានសំណាងដែលមានធនធានដ៏ល្អទាំងនេះ។ នេះជាមូលហេតុដែលសហរដ្ឋអាមេរិក បន្តអបអរសាទរចំពោះការងារអង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ សមត្ថភាព និងតម្លាភាពដែលជាធាតុផ្សំនៃសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យដែលរឹងមាំ»។
ទាក់ទិននឹងសេចក្ដីព្រាងច្បាប់នេះអគ្គលេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹងថា រដ្ឋសភានឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៨ ខែកក្កដា សប្ដាហ៍ក្រោយ។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា រដ្ឋាភិបាលធ្លាប់បានបើកឱកាសអោយមានការផ្លាស់ប្ដូរយោបល់លើសេចក្ដីព្រាងច្បាប់នេះច្រើនលើកច្រើនសាមកហើយ។ លើសពីនេះរដ្ឋាភិបាលបានកាត់ចោលនូវចំណុចដែលជាការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល៖ «ទោះបីយ៉ាងណាក៏ដោយ បញ្ហាដែលអាចថាជាបញ្ហាសេសសល់ យើងខ្ញុំនឹងបន្តខិតខំ ដើម្បីនឹងទទួលយកមតិទាំងឡាយបន្តទៀត ដើម្បីធ្វើការកែលំអឲ្យកាន់តែល្អប្រសើរថែមទៀត»។
ទាក់ទិននឹងច្បាប់អង្គការសង្គមស៊ីវិលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងដែរថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាកម្ពុជា គ្រោងនឹងប្រជុំអនុម័តនៅថ្ងៃទី១០ ខែកក្កដា ថា ជាច្បាប់ដែលជួយដល់អង្គការសមាគមទៅវិញទេ។
ទាក់ទិននឹងច្បាប់នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានតវ៉ាជាច្រើនលើកច្រើនសាមកហើយ អោយរដ្ឋាភិបាល និងរដ្ឋសភាទម្លាក់ចោលច្បាប់នេះ ឬត្រូវពិគ្រោះយោបល់សេចក្ដីព្រាងច្បាប់នេះអោយបានពេញលេញ ដោយសំអាងថា ជាច្បាប់ដែលរឹតត្បិតសេរីភាព និងបង្អាក់ដំណើរការរបស់ពួកគេក្នុងការបំពេញការងារបម្រើសហគមន៍។ លើសពីនេះពួកគេអំពាវនាវអោយម្ចាស់ឆ្នោតពិចារណាពុំបោះឆ្នោតអោយគណបក្សណាដែលគាំទ្រការអនុម័តច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
