តុលាការនៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែកញ្ញា បានសម្រេចតាមបណ្តឹងរបស់មេធាវីលោក មាជ សុវណ្ណារ៉ា ដែលស្នើឲ្យតុលាការបង្គាប់ឲ្យភាគីលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា បង្ហាញឯកសារពាក់ព័ន្ធនឹងបណ្ដឹងនេះ រួមទាំងឯកសារដែលរដ្ឋាភិបាលមិនដែលប្រាប់សាធារណជនឲ្យដឹងពីមុន។
លោក មូរតុន ក្លា (Morton Sklar) មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកចៅក្រម ចច វូ (George Wu) សម្រេច ១០០% តាមសំណើខាងភាគីលោក មាជ សុវណ្ណារ៉ា៖ «ជាលទ្ធផលក្នុងសវនាការនេះ ចៅក្រម ចច វូ បានសម្រេចតាមអ្វីគ្រប់យ៉ាងដែលយើងបានស្នើសុំ។ នេះជាជោគជ័យដ៏ត្រចះត្រចង់មួយសម្រាប់ពួកយើង។ ចៅក្រមបានសម្រេចផ្តល់សិទ្ធិឲ្យពួកយើងទាមទារយកព័ត៌មានសំខាន់ៗពីរដ្ឋាភិបាលកម្ពុជា និង ហ៊ុន ម៉ាណែត ជាពិសេសព័ត៌មានសម្ងាត់ដែលមិនដែលធ្លាប់បង្ហាញពីមុន»។
ពាក់ព័ន្ធទៅនឹងករណីនេះដែរ ភរិយារបស់លោក មាជ សុវណ្ណារ៉ា ដែលជាដើមបណ្ដឹងក្នុងរឿងក្ដីនេះបានសម្តែងការសាទរចំពោះសម្រេចរបស់តុលាការក្រុងឡូសអែនជឺឡេសនេះ។ អ្នកស្រីបន្តថា អ្នកស្រីបានផ្សព្វផ្សាយព័ត៌មានអំពីលទ្ធផលនៅក្នុងភោជនីយដ្ឋាន ហាក់ ហៀង ដែលមានការចូលរួមពីមេធាវីរបស់អ្នកស្រី ព្រមទាំងមានការសម្ដែងសិល្បៈរបស់លោក DJ ខ្លា សាទរចំពោះលទ្ធផលនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។