វៀតណាម​កាត់​ទោស​បុរស​ខ្មែរ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១៣​ឆ្នាំ

បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម ឈ្មោះ តូយត្រែ ញូវ (Tuoitre News) បាន​អោយ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​តៃនិញ (Tay Ninh) ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ស្វាយរៀង របស់​ប្រទេស​កម្ពុជា បាន​កាត់​ទោស​បុរស​ខ្មែរ​ម្នាក់​អោយ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១៣​ឆ្នាំ ពី​បទ​ជួញ​ដូរ​គ្រឿន​ញៀន និង​អំពើ​ប្លន់។

បុរស​ខ្មែរ​នោះ​មាន​ឈ្មោះ បន សូលីម (Bon SoLim) អាយុ ២៨​ឆ្នាំ ត្រូវ​បាន​តុលាការ​វៀតណាម ធ្វើ​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង ៥​ឆ្នាំ​ទៀត​ពី​បទ​ប្លន់។

បណ្ដាញ​ផ្សព្វផ្សាយ តូយត្រែ ញូវ បាន​អោយ​ដឹង​បន្ថែម​ថា ប៉ូលិស​វៀតណាម ក្នុង​ស្រុក​តឹងចូវ ខេត្ត​តៃនិញ បាន​ចាប់​ខ្លួន លោក បន សូលីម នៅ​ពេល​ដែល​គាត់​កំពុង​លក់​ថ្នាំ​មេតំហ្វេតាមីន (Methamphetamine) ឬ​ម៉ា​ទឹកកក ឬ​ថ្នាំ​ឆ្កួត​ប្រមាណ​ជា ១​ក្រាម អោយ​អ្នក​ទិញ​ម្នាក់​នៅ​ឃុំ​តឹងដុង ហើយ​ដែល​ថ្នាំ​ញៀន​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា លោក សូលីម នាំ​យក​ទៅ​ពី​កម្ពុជា។ លោក បន សូលីម ក៏​បាន​សារភាព​ថា គាត់​ធ្លាប់​បាន​ប្លន់​ម៉ូតូ​ស្ត្រី​ជនជាតិ​វៀតណាម ម្នាក់​នៅ​ស្រុក​តឹងចូវ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣។

ក្រៅ​ពី​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ១៣​ឆ្នាំ តុលាការ​វៀតណាម ក៏​បាន​តម្រូវ​អោយ លោក សូលីម ផ្តល់​សំណង​អោយ​ស្ត្រី​ជនជាតិ​វៀតណាម ដែល​ជា​ម្ចាស់​ម៉ូតូ​ប្រមាណ ១៦​លាន​ដុង ស្មើ​នឹង​ប្រមាណ ៨០០​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។