ក្រុមយុវជន ព្រះសង្ឃ មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងសមាជិកសភាសរុបជាង ១០០អង្គ និងនាក់ ជួបជុំគ្នានៅព្រឹកថ្ងៃទី២៨ ធ្នូ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹង។
ពួកគេយល់ឃើញដូចគ្នាថា គ្រឿងស្រវឹងកំពុងបំពុល និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម តាមរយៈឥទ្ធិពលអវិជ្ជមានរបស់វា ដែលប្រការនេះទាមទារឲ្យភាគីពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល យកចិត្តទុកដាក់បន្ថែមលើការបង្កើតច្បាប់ដើម្បីគ្រប់គ្រង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ផលវិបាកធ្ងន់ធ្ងរនឹងកើតឡើងចំពោះអ្នកនយោបាយ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទៅ បើសិនជាសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង មិនត្រូវបានរដ្ឋាភិបាលពន្លឿនការប្រជុំត្រួតពិនិត្យ និងបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័តទេនោះ៖ «អ្នកនយោបាយត្រូវតែពិចារណាដែរថា ប្រជាពលរដ្ឋគេត្រូវការ។ ចុះបើគាត់អត់ឲ្យ បើគាត់ប្រឆាំង បើគាត់នៅតែមិនចាត់ទុកបញ្ហានេះជាអាទិភាពទៀត តើប្រជាពលរដ្ឋគេនៅតែបោះឆ្នោតឲ្យពួកគាត់ទៀតឬ? នេះជាសំណួរដែលអ្នកនយោបាយត្រូវឆ្លើយខ្លួនឯង»។
ការសម្ដែងពីក្ដីព្រួយបារម្ភរបស់ប្រធានអង្គការរូបនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាក់នៅទ្រឹងស្ងៀម មិនឃើញរដ្ឋាភិបាលធ្វើការប្រជុំត្រួតពិនិត្យ ខណៈដែលគ្រឿងស្រវឹង ត្រូវបានរកឃើញថា ជាមូលហេតុនៃបញ្ហាជាច្រើនក្នុងប្រទេសកម្ពុជា។
របាយការណ៍ស្រាវជ្រាវថ្នាក់ជាតិរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងការអភិវឌ្ឍឆ្នាំ២០១៥ បង្ហាញថា គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់យុវជន ហើយពួកគេទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។ ចំណែកឯមូលនិធិអាស៊ីវិញ រកឃើញថា គ្រឿងស្រវឹង គឺជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងអំពើហិង្សាប្ដីប្រពន្ធ ឬដៃគូស្និទ្ធស្នាល ហើយស្រដៀងគ្នានេះ អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកគ្រឿងស្រវឹងជាទំនិញដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសង្គម។
ដោយឡែករបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីពាក់កណ្ដាលខែធ្នូ នេះវិញ ក៏បង្ហាញដែរថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជិត ៥ពាន់ករណី (៤.៥៩៥ករណី) មាន ១១ភាគរយ បង្កឡើងដោយអ្នកបើកបរស្រវឹង។
ដោយមើលឃើញពីផលអវិជ្ជមានដ៏ច្រើន យុវជនមួយចំនួនសំណូមពរយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតយន្តការផ្សេងៗ ពិសេសគឺបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃមួយនេះ៖ «មិនចង់ឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទូរទស្សន៍អ៊ីចឹងទេ ព្រោះការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមកញ្ចក់ទូរទស្សន៍ គឺវាជះឥទ្ធិពលខ្លាំងមែនទែន។ ចង់ឲ្យរដ្ឋាភិបាលរឹតបន្តឹងទៅលើក្រុមហ៊ុនផលិតគ្រឿងស្រវឹង ទាក់ទងនឹងការផ្សព្វផ្សាយ យើងមិនអាចផ្សព្វផ្សាយ។ កន្លងមក ការផ្សព្វផ្សាយគ្រឿងស្រវឹងមានភាពទូលំទូលាយមែននៅគ្រប់កម្មវិធីទូរទស្សន៍ទាំងអស់។ កុំឲ្យនាំចូលកាន់តែច្រើន ជាពិសេសការផ្សព្វផ្សាយនេះតែម្តង។ ទាំងវិទ្យុ ទាំងទូរទស្សន៍ គឺមានគ្រប់បែបយ៉ាងទាំងអស់ ដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយពីបញ្ហានេះបានទេ នៅថ្ងៃទី២៨ ធ្នូ។
សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៨ នៃព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា លោក អាំ សំអាត បញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនេះ មានសារសំខាន់សម្រាប់សង្គមកម្ពុជា ហើយក្នុងនាមលោកជាសមាជិកព្រឹទ្ធសភាមួយរូប ក៏ចង់ឲ្យច្បាប់នេះចេញឲ្យបានឆាប់ដែរ៖ «ចំពោះច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ខ្ញុំយល់ថាជាការចាំបាច់ក្នុងពេលនេះ។ ចាប់ពីពេលនេះទៅ ពិតមែនថាសង្គមយើងរីកចម្រើន ក៏ប៉ុន្តែច្បាប់នេះក៏ចាំបាច់ត្រូវមានដែរ»។
សេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង មាន ១១ជំពូក និង ៣៩មាត្រា មានគោលបំណងការពារសុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។ បន្ថែមពីលើនេះ ច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ក៏មានគោលបំណងចាត់វិធានការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ព្រមទាំងហាមមិនឲ្យស្ត្រីមានផ្ទៃពោះ និងយុវជនអាយុក្រោម ២១ឆ្នាំ ទិញស្រាផឹកនោះឡើយ។
អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង អះអាងថា បើសិនជាមានច្បាប់នេះមែន កម្ពុជា នឹងអាចកាត់បន្ថយហានិភ័យដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូចជា អំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ លើសពីនេះ ច្បាប់នេះនឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម សីលធម៌សង្គម ព្រមទាំងជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងបង្កើតភាពជាដៃគូពិតប្រាកដរវាងបុរស និងស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
