បុរស​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​នៅ​សៀមរាប

ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​កាណាដា (Canada) ម្នាក់ ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ខ្មែរ។

អធិការ​នគរបាល​ក្រុង​សៀមរាប គឺ​លោក ទិត្យ ណារ៉ុង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លង​ទៅ​កម្លាំង​របស់​លោក​ដែល​សហការ​ជាមួយ​ប៉ូលិស​នៃ​ការិយាល័យ ប្រឆាំង​ការ​ជួញ​ដូរ និង​ការពារ​អនីតិជន បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​កាណាដា ម្នាក់​ឈ្មោះ ព្យែរ៍ ឌីស្តូ រីយើ (Pierre Destauriers) អាយុ ៧០​ឆ្នាំ ដែល​បាន​ជួល​បន្ទប់​ស្នាក់​នៅ​១​កន្លែង​ក្នុង​សង្កាត់​ស្លក្រាម៖ «ខាង​ជំនាញ​ជួញ​ដូរ គេ​តាម​យូរ​ហើយ វា​អំពើ​អនាចារ អំពើ​អាស វា​រួម​ភេទ​ជាមួយ​ក្មេង​ប្រុសៗ។ ដល់​ពេល​វា​ភ័យ វា​ទៅ​វា​គេច​ទៅ​ជួល​បន្ទប់​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស។ ពេល​ដឹង​ថា យើង​ទៅ​ចាប់​វាៗ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក វា​អារ​ដៃ វា​ធ្វើ​ដូច​ជា​ញៀន​ថ្នាំ ក៏ប៉ុន្តែ​ឯកសារ​គេ​មាន​គ្រប់គ្រាន់​ហើយ»

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ និង​ការពារ​អនីតិជន លោក ជា ហេង បាន​ឱ្យ​ដឹង​ថា ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បុរស​ម្នាក់​នោះ ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​ជាមួយ​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៥​ឆ្នាំ។ បច្ចុប្បន្ន បុរស​ជនជាតិ​កាណាដា រូប​នោះ​មិន​ទាន់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​តុលាការ​នៅ​ឡើយ​ទេ ដោយ​កំពុង​តែ​ព្យាបាល​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។