អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាមេឈ្មួញរកស៊ីកាយអាចម៍ដីភ្នំលក់នៅក្នុងខេត្តនេះ នៅព្រឹកថ្ងៃទី១៦ ឧសភា ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពីបទឆបោក។ មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជាគំរូល្អមួយសម្រាប់សង្គមជាតិ ដើម្បីធ្វើឲ្យអ្នកមានទ្រព្យធន និងមានអំណាចផ្សេងទៀត មានការភ័យខ្លាច ដែលមិនគោរពច្បាប់។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ម៉ាន់ សឹង មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ឧសភា ថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចអនុវត្តតាមដីកាចាប់ខ្លួនរបស់ចៅក្រមអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីឆបោកកាលឆ្នាំ២០០៤ ប៉ុន្តែលោកពុំបានបញ្ជាក់ថា ការឆបោកនោះជាករណីអ្វីនោះទេ។
លោកអះអាងថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ គឺលោក តួ ធានទឺ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៨កន្លះព្រឹកថ្ងៃទី១៦ ឧសភា នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៖ « បាទ ! យើង អនុវត្តទៅតាម ដីកា ចាប់ខ្លួន របស់តុលាការ។ ហើយ នៅពេល ចាប់ខ្លួន នោះ គាត់យល់ព្រម ឡើងឡាន តាមសម្រួល ដោយ ពុំមាន ការដាក់ ខ្នោះដៃ នោះទេ »។
លោក តួ ធានទឺ កាលពីឆ្នាំ២០០៣ ជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ កូតាគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែក្រោយមកលោកបានប្ដូរមកចូលជាមួយគណបក្សប្រជាជនកម្ពុជា វិញ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសាច់ញាតិលោក តួ ធានទឺ ដើម្បីសុំការអត្ថាធិប្បាយជុំវិញពីការចាប់ខ្លួននេះបានទេ នៅថ្ងៃទី១៦ ឧសភា។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា តុលាការចាប់ខ្លួនលោក តួ ធានទឺ អ្នកមានទ្រព្យធន និងមានអំណាច ដែលកន្លងមកតែងអះអាងថា ខ្លួនជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងនោះ គឺជារឿងល្អមួយរបស់ស្ថាប័នតុលាការ ដើម្បីផ្ញើសារទៅដល់ជនដទៃទៀតឲ្យមានការក្រែងរអាចំពោះការប្រព្រឹត្តខុសច្បាប់។
លោកអះអាងថា លោកជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រីរូបនេះ កន្លងមកតែងតែយកអំណាចរបស់ខ្លួនអុកឡុកបង្កការលំបាកដល់ពលរដ្ឋជាច្រើនករណី មានជាអាទិ៍ រឿងទំនាស់ដីជាង ៣ពាន់ហិកតារនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងរឿងការជីកដីភ្នំរំលោភលើដីពលរដ្ឋ ភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាដើម៖ « កន្លងមក យើង ឃើញថា លោក តួ ធានទឺ ដូចអត់មានការអភិវឌ្ឍឲ្យមានរីកចម្រើននៅក្នុងខេត្តបន្ទាយមានជ័យ ទេ ។ ផ្ទុយទៅវិញ គឺគាត់ធ្វើដើម្បី ផលប្រយោជន៍ របស់ខ្លួន បង្កការក្ដ ៅ ក្រហាយរបស់ ប្រជាពលរដ្ឋ ដូចជា ការដឹក អាចម៍ដី ធ្លាក់តាម ដងផ្លូវ ជាដើម »។
នៅរសៀលថ្ងៃទី១៦ ឧសភា ដដែល សមត្ថកិច្ចបានបញ្ជូនលោក តួ ធានទឺ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យតុលាការស៊ើបអង្កេតបន្តតាមនីតិវិធី។ ទោះបីជាយ៉ាងនេះក្ដី មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ពុំដឹងថា តុលាការនឹងបញ្ជូនលោក តួ ធានទឺ ទៅឃុំខ្លួននៅពន្ធនាគារពេលណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
