បុរសជនជាតិដើមភាគតិចព្នង មួយរូបរស់នៅភូមិពីទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ពីការបាញ់ឲ្យរបួសដៃពីសំណាក់ជនជាតិវៀតណាម ម្នាក់ ដែលឆ្លងដែនមកបាញ់សត្វក្នុងដីខេត្តមណ្ឌលគិរី ហើយបាញ់ឲ្យគាត់របួស ដោយសារគាត់បានហៅជនជាតិវៀតណាម ឲ្យឈប់ដើម្បីសាកសួរ។
ជាងមួយខែហើយដែលជនរងគ្រោះដោយសារជនជាតិវៀតណាម ឆ្លងដែនចូលដីខ្មែរដើម្បីបរបាញ់សត្វ បាញ់ឲ្យរបួសដៃ ហើយរត់គេចខ្លួន។ ចំណែកសមត្ថកិច្ចខេត្តមណ្ឌលគិរី មិនទាន់រកឃើញជនប្រព្រឹត្តិល្មើសនោះនៅឡើយ។
ជនជាតិដើមភាគតិចព្នង អាយុ ៣៣ឆ្នាំ លោក នេត សាវី រៀបរាប់ថា ជាគ្រោះថ្នាក់ចៃដន្យបំផុតដែលលោកត្រូវគេបាញ់ធ្លាយដៃខាងឆ្វេងពីម្ខាងទៅម្ខាង ដោយសារគ្រាប់កាំភ្លើងបាញ់សត្វប្រភេទវាំងដឺឡុងមានកែវយឹត។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោងប្រមាណ ២ និង ៣០នាទីរសៀល នេត សាវី ធ្វើដំណើរដោយម៉ូតូចេញពីការដ្ឋានក្រុមហ៊ុនចម្ការកៅស៊ូកូវីហ្វាម៉ា ដែលមានទីតាំងជាប់នឹងព្រំដែនប្រទេសវៀតណាម ចំណុចប៉ុស្តិ៍ការពារព្រំដែនលេខ៧ ក្នុងឃុំប៊ូស្រា បានប្រទះឃើញជនជាតិវៀតណាម ម្នាក់ចេញពីព្រៃចម្ការកៅស៊ូប្រដាប់ដោយអាវុធបាញ់សត្វមួយដើម។ សាវី មិនស្គាល់អត្តសញ្ញាណជនជាតិវៀតណាម នោះទេ ក៏ប៉ុន្តែនៅចងចាំមុខមាត់ជននោះច្បាស់ បន្ទាប់ពីរូបគេប្រទះឃើញបុរសជនជាតិវៀតណាម នោះឆ្លងផ្លូវចម្ការកៅស៊ូ ប៉ុន្តែបានរត់ចូលព្រៃវិញបន្ទាប់ពី សាវី ស្រែកហៅឲ្យឈប់។ ភ្លាមៗបន្ទាប់ពីជនជាតិវៀតណាម រូបនោះព្យាយាមរត់ចូលព្រៃវិញ ស្នូរកាំភ្លើងមួយគ្រាប់ផ្ទុះឡើង សាវី មានអារម្មណ៍ឈឺចាប់ដៃ ទើបដឹងថាដៃខាងឆ្វេងរបស់ខ្លួនត្រូវរបួសដោយសារគ្រាប់កាំភ្លើង៖ « វាបម្រុងឆ្លងផ្លូវ វាអត់ឈប់ទេ វាបកទៅជើងវិញ ហើយវាមកចូលព្រៃវិញ ។ ខ្ញុំបម្រុងបក់ដៃហៅមកបក់ដៃឆ្វេង ដៃស្តាំកាន់ហ្គែម៉ូតូ វាចេញទៅព្រៃប្រហែល ៧០ម៉ែត្រ ស្រាប់តែឮផាំងមកប៉ើងដៃ ស្រាប់តែមើលទៅដៃត្រូវគ្រាប់ហើយ »។
បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់នេះ សាវី ត្រូវបុគ្គលិកពេទ្យក្រុមហ៊ុនបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ។
សាវី មានឋានៈជាមេការទទួលខុសត្រូវគ្រឿងចក្រធ្វើផ្លូវសម្រាប់ក្រុមហ៊ុនកូវីហ្វាម៉ា រយៈពេលបីឆ្នាំកន្លងទៅ គាត់បានចងចាំមុខមាត់ជនល្មើស និងសង្ស័យថាគេជាជនជាតិវៀតណាម រស់នៅភូមិមួយរបស់វៀតណាម មានភូមិសាស្ត្រជាប់នឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧ និងបានឆ្លងដែនពីទឹកដីវៀតណាម ចូលព្រៃចម្ការកៅស៊ូដើម្បីបរបាញ់សត្វ។
សាវី បានធ្វើកំណត់ហេតុក្រោយពេលមួយថ្ងៃនៃការបាញ់ឲ្យរបួស ខណៈមន្ត្រីប៉ូលិសនៃស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី ចុះស៊ើបអង្កេត និងធ្វើកំណត់ហេតុពាក់ព័ន្ធការបាញ់ឲ្យរបួសនេះ។
សាវី កត់សម្គាល់ថា ដោយសារគេបានឃើញច្បាស់មុខមាត់របស់ជនល្មើសដែលជាខ្មាន់កាំភ្លើង រូបគេបានផ្តល់ព័ត៌មានទៅសាច់ញាតិរស់នៅប្រទេសវៀតណាម ក្នុងភូមិដែលសង្ស័យថាជនល្មើសស្នាក់នៅ និងបានទទួលរូបថតជនសង្ស័យពីសាច់ញាតិវិញបង្ហាញថា រូបថតនោះពិតជាជនដែល សាវី បានជួបនៅថ្ងៃបាញ់គេឲ្យរបួសនោះហើយ៖ « បាន បងប្អូន នៅវៀតណាម ហ្នឹង ជនជាតិព្នង ដូចគ្នា គាត់ផ្ញើរូបថតឲ្យ មើលតើ ! ស្គាល់អត់ ខ្ញុំមើលបានថាម្នាក់ហ្នឹងច្បាស់ មួយរយ ភាគរយ។ ខ្ញុំ មានទាំង រូបថតស្គាល់អាសយដ្ឋានគេ ទៀត »។
រហូតមកទល់នឹងថ្ងៃទី២៣ ខែធ្នូ នេះមានរយៈពេលជាង ១ខែហើយ ដែល សាវី រង់ចាំការស៊ើបអង្កេត និងការស្វែងរកជនជាប់សង្ស័យពាក់ព័ន្ធប្រើអាវុធឆ្លងដែន និងបាញ់ឲ្យ សាវី របួសដៃ។ សាវី និយាយថា រូបគេកំពុងរង់ចាំយុត្តិធម៌ពីក្រុមសមត្ថកិច្ចដែលមានភារៈស៊ើបអង្កេតករណីនេះ៖ « គេ ជាអន្តោប្រវេសន៍ ខុសច្បាប់។ គេមានកាំភ្លើង ហើយគេបាញ់យើងទៀត។ ខ្ញុំឲ្យរកយុត្តិធម៌ ។ វាមក លើដី យើង វា ចូលមក ចម្ការ យើង »។
កាលពីថ្ងៃទី២២ ខែធ្នូ សាវី បានធ្វើដំណើរមកការិយាល័យអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យស្ថាប័នការពារសិទ្ធិមនុស្ស ជួយជំរុញឲ្យសមត្ថកិច្ចបង្កើនការស៊ើបអង្កេតរកជនល្មើសមកទទួលខុសត្រូវលើសកម្មភាពប្រើប្រាស់អាវុធ និងបាញ់ពលរដ្ឋខ្មែរឲ្យរបួសនេះ។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកករណីនេះជាការរំលោភច្បាប់ និងការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋវៀតណាម ដែលប្រើប្រាស់អាវុធបាញ់ពលរដ្ឋខ្មែរឲ្យរបួសថែមទៀត។ លោកថា នឹងធ្វើលិខិតអន្តរាគមន៍ពាក្យប្ដឹងរបស់ជនរងគ្រោះ ជូនអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យពន្លឿនការស៊ើបអង្កេតផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរអ្នករងគ្រោះ៖ « ករណីហ្នឹងជាការប្រើអាវុធខុសច្បាប់ផង និងឆ្លងដែនមកទៀត។ អ៊ីចឹងគឺជាការរំលោភបំពានច្បាប់ទាំងស្រុង »។
ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានព្រំដែនគោកជាប់នឹងខេត្តដាក់ណុង ប្រទេសវៀតណាម ប៉ុន្មានឆ្នាំកន្លងទៅនេះ ជនជាតិវៀតណាម ជាក្រុមបានឆ្លងដែនចូលមកប្រមាញ់សត្វ និងកាប់ឈើក្នុងដីខ្មែរ ដោយប្រើឧបករណ៍កាត់ឈើ និងគ្រឿងចក្រដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម បើទោះបីមានតម្រួតការពារព្រំដែននៅតំបន់នោះក្តី។
សហគមន៍ព្នង ឃុំប៊ូស្រា ចាប់ពីឆ្នាំ២០១៥ រហូតមក បានស្ទាក់ចាប់ជនជាតិវៀតណាម ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ ត្រាក់ទ័រ និងមានអាវុធការពារសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍បានជាច្រើននាក់ ប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ទាក់ទិនការសង្ស័យជនជាតិវៀតណាម បាញ់ សាវី ឲ្យរងរបួសនេះ ស្នងការរងប៉ូលិសខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់ថា សមត្ថកិច្ចប៉ូលិសបានសហការជាមួយប៉ូលិសវៀតណាម ដែលមានភូមិសាស្ត្រជាប់ព្រំដែនឃុំប៊ូស្រា ដើម្បីស្វែងរកជនសង្ស័យ ក៏ប៉ុន្តែរហូតពេលនេះ ប៉ូលិសវៀតណាម មិនទាន់បានឆ្លើយតបលទ្ធផលយ៉ាងណានៅឡើយ។ លោកថា ជាការពិបាក ពីព្រោះអត្តសញ្ញាណជនសង្ស័យមិនមានភស្តុតាងជាក់លាក់ ហេតុនេះប៉ូលិសពិបាកនឹងស៊ើបអង្កេតរកជនសង្ស័យមកទទួលខុសត្រូវក្នុងរឿងនេះ៖ « យើងបានទាក់ទងទៅខាងវៀតណាម ឲ្យស្រាវជ្រាវមុខសញ្ញាហ្នឹងហើយ។ វៀតណាម កំពុងស្រាវ ជ្រាវ តែ រកមុខ សញ្ញាហ្នឹងអត់ឃើញ »។
ទោះបីជាយ៉ាងនេះក៏ដោយ សាវី នៅតែទទូចឲ្យសមត្ថកិច្ចប៉ូលិសខេត្ត យកចិត្តទុកដាក់ស៊ើបអង្កេតករណីជនបរទេសប្រើប្រាស់អាវុធ និងបាញ់ពលរដ្ឋខ្មែរលើទឹកដីខ្មែរ។ ចំពោះ សាវី នៅតែចង់បានយុត្តិធម៌ និងរង់ចាំការផ្តល់យុត្តិធម៌ ថាតើជនជាតិវៀតណាម ដែលប្រើប្រាស់អាវុធបាញ់គាត់ឲ្យរបួស នឹងត្រូវសមត្ថកិច្ចខេត្តមណ្ឌលគិរី និងសមត្ថកិច្ចវៀតណាម រកឃើញឲ្យមកទទួលខុសត្រូវឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
