ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន ដាក់ឯកសារភស្តុតាងបន្ថែមទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិននឹងសំណុំរឿងដែលយុវជនរូបនោះប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាធ្វើអោយបាត់កោះត្រល់ និងតំបន់ដែនសមុទ្រមួយចំនួនទៀតទៅអោយវៀតណាម ដោយខុសច្បាប់។
លោក នាង សុឃុន បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែមីនា ថា តុលាការនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ ប៉ុន្តែលោកសង្ឃឹមថា នឹងមានវិធានការចំពោះសំណុំរឿងនេះ។ ភស្តុតាងនោះ គឺជាឯកសារកិច្ចព្រមព្រៀងចំនួន៣ ដែលពាក់ព័ន្ធដល់ដែនសមុទ្រកម្ពុជា។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានទាមទារអោយដើមបណ្ដឹងដាក់ភស្តុតាងមួយចំនួនបន្ថែមទៀត នៅមុនពេលសម្រេចថានឹងចាត់ការសំណុំរឿងនេះ ឬអត់។
លោក នាង សុឃុន បានដាក់បណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ជាអ្នកបានកាត់កោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម ដោយខុសច្បាប់ក្រោមសន្ធិសញ្ញាឆ្នាំ១៩៨២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
