មេឃុំមកពីគណបក្ស សម រង្ស៊ី នៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឈ្មោះ ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅព្រឹកថ្ងៃទី២៤ មេសា ទាក់ទងនឹងករណីចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។ គណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួននេះ រឹតតែធ្វើឲ្យស្ថានការណ៍នយោបាយតានតឹង។
គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរ ដោះលែងមន្ត្រីរបស់ខ្លួនឈ្មោះលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងនៅល្ងាចថ្ងៃទី២៤ មេសា ថា ជំហររបស់គណបក្សសង្គ្រោះជាតិ ដែលអំពាវនាវឲ្យដោះលែងលោក ស៊ាង ចែត នេះ គឺដើម្បីបន្ធូរបន្ថយបរិយាកាសតានតឹងផ្នែកនយោបាយ៖ « ព្រោះចាប់មិនទាន់មានមនុស្សចោទប្រកាន់ មិនទាន់ស៊ើបអង្កេតបានត្រឹមត្រូវផង ទៅចាប់មនុស្សភ្លាមៗ ហើយយើងបានបញ្ជាក់ហើយថា ឲ្យដោះលែង ហើយបន្ធូរបន្ថយស្ថានការណ៍នយោបាយ ពីព្រោះពេលហ្នឹងវាធ្វើឲ្យស្ថានការណ៍នយោបាយកាន់តែតានតឹងទៅ។ យើងអត់ចង់ជួបស្ថានការណ៍នយោបាយបែបហ្នឹងទេ ពីព្រោះយើងត្រូវការពេលវេលាគិតគូរដោះស្រាយបញ្ហាជាតិសំខាន់ៗដទៃទៀតច្រើនណាស់ »។
មេឃុំស្រក លោក ស៊ាង ចែត ជាមេឃុំមកពីបក្សប្រឆាំងតែមួយគត់ គឺគណបក្ស សម រង្ស៊ី ដែលឈ្នះឆ្នោតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា វេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៤ មេសា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក ឱម យ៉ិនទៀង ជាអ្នកដឹកនាំកម្លាំងទៅចាប់ខ្លួនលោក ស៊ាង ចែត ដោយផ្ទាល់ នៅសាលាស្រុកកំពង់សៀម ខណៈដែលលោក ស៊ាង ចែត ទៅធ្វើការរដ្ឋបាលនៅទីនោះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនធ្វើអត្ថាធិប្បាយអំពីការចាប់ខ្លួននេះទេនៅថ្ងៃទី២៤ មេសា។
រីឯអធិការស្រុកកំពង់សៀម លោក ជា ធារិទ្ធ មានប្រសាសន៍ថា លោកមិនបានចូលរួមចាប់ខ្លួនលោក ស៊ាង ចែត ទេ ហើយលោកក៏មិនដឹងអំពីហេតុការណ៍ចាប់ខ្លួននេះដែរ៖ « អត់ផង ! មកខាងខ្ញុំ តែខ្ញុំអត់បានចូលរួមផង !»។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមួយថ្ងៃ បន្ទាប់ពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ពិសេសមួយ ថ្កោលទោសដាច់អហង្ការ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យស្រាវជ្រាវ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។ ក្នុងសេចក្ដីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ សរសេរថា លោក ស៊ាង ចែត បានបញ្ចុះបញ្ចូលលួងលោមឲ្យកញ្ញា ស្រីមុំ និយាយកុហកពីការពិតប្រាប់មហាជន សារព័ត៌មាន និងសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស៊ីជម្រៅជាមួយលោក កឹម សុខា។ ការលួងលោមនេះ ដោយសន្យាថា នឹងជួយឲ្យបានទៅរស់នៅក្រៅប្រទេស។
ទាក់ទងនឹងការចាប់ខ្លួនលោក ស៊ាង ចែត នេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ បញ្ជាក់ថា លោកបានទទួលដំណឹងក្រោយពេលដែលមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នាំលោក ស៊ាង ចែត ចេញទៅរាជធានីភ្នំពេញ។ លោកថានឹងស៊ើបអង្កេតបញ្ហានេះបន្ត៖ « ខ្ញុំយល់ឃើញថា ការចាប់ហ្នឹងដូចជាមិនត្រឹមត្រូវទេ ព្រោះគាត់ឋិតនៅក្នុងតំណែងមេឃុំ ហើយត្រូវការស៊ើបអង្កេតល្អិតល្អន់សិនមុននឹងចាប់។ ចាប់នេះ គឺចាប់ទៅតាមសេចក្ដីថ្លែងការណ៍ក្រសួងយុត្តិធម៌ ដែលចាត់វិធានការយ៉ាងម៉ឺងម៉ាត់នោះ ហើយវិធានការហ្នឹង មិនមែនមានតែគាត់ឯណា? មានមន្ត្រីមួយចំនួនទៀតនៅភ្នំពេញហ្នឹង។ យើងមិនដឹងថា គេចាប់ហ្នឹងក្នុងគោលបំណងណាដែរ គ្រាន់តែដឹងថា គោលបំណងដែលចាប់ធំនោះ គឺគេចោទគាត់ពីបទផ្ដល់កំហុស ទម្លាក់កំហុសក្នុងរឿង ខុម ចាន់តារាទី នោះ »។
លោក អេង ឆៃអ៊ាង ថ្កោលទោសចំពោះការចាប់ខ្លួននេះ ពីព្រោះថា ការចាប់ខ្លួនដោយយោងលើការចោទប្រកាន់របស់កញ្ញា ស្រីមុំ នេះ មិនខុសពីសម័យខ្មែរក្រហមនោះឡើយ។ នៅសម័យខ្មែរក្រហម ឲ្យតែអ្នកណាឆ្លើយដាក់អ្នកណាម្នាក់ គឺកម្មាភិបាលខ្មែរក្រហមទៅចាប់ខ្លួនបន្តអ្នកនោះភ្លាម។ លោកអំពាវនាវដល់អាជ្ញាធរ កុំឲ្យយកគំរូតាមរបបខ្មែរក្រហមចំពោះសកម្មភាពបែបនេះតទៅទៀត។
រហូតមកដល់ពេលនេះ ទាំងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅមិនទាន់មានព័ត៌មានច្បាស់លាស់ទេអំពីបទចោទប្រកាន់ និងទីកន្លែងដែលអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនលោក ស៊ាង ចែត ទៅសួរនាំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។