ជនជាតិដើមភាគតិចរស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ជាង ៦០នាក់ មកប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តរតនគិរី ដើម្បីលើកទឹកចិត្តសកម្មជនសិទ្ធិមនុស្ស ខណៈមន្ត្រីស្ថាប័នអយ្យការសាលាដំបូងខេត្តនេះបានកោះហៅមន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្ត មកសាកសួរក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងប្រធានគណៈកម្មការគ្រប់គ្រងព្រៃសហគមន៍ប្ដឹងសមាជិកសហគមន៍ពីបទបរិហារកេរ្តិ៍។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បានចូលខ្លួនបំភ្លឺនៅមុខមន្ត្រីអយ្យការតុលាការសាលាដំបូងខេត្តរួចហើយ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ដោយមិនមានហេតុអាក្រក់កើតទេ។
ព្រះរាជអាជ្ញារងអមតុលាការសាលាដំបូងខេត្តរតនគិរី លោក ម៉ម វណ្ណដា បានចេញដីកាកោះហៅលោក ឆាយ ធី ក្នុងនាមជាសាក្សីឲ្យចូលទៅឆ្លើយបំភ្លឺរឿងក្ដីប្រធានសហគមន៍គ្រប់គ្រងព្រៃការពារភូមិប៉ក់ធំ គឺលោក ប៉ួយ ព្លីន បានដាក់ពាក្យប្ដឹងសមាជិករបស់ខ្លួនពីបទបរិហារកេរ្តិ៍បន្ទាប់ពីសមាជិកសហគមន៍ជាង ២០០នាក់ បានដាក់ពាក្យប្ដឹងលោកថា បានលួចដីចំការ ដីព្រៃ និងបឹងធម្មជាតិលក់ដូរខុសច្បាប់។
លោក ឆាយ ធី មានប្រសាសន៍ក្រោយពេលចាកចេញពីការបំភ្លឺជូនមន្ត្រីអយ្យការថា ដោយសារតែសហគមន៍ធ្លាប់បានដាក់ពាក្យប្ដឹងលោក ប៉ួយ ព្លីន ទាក់ទិនការចោទប្រកាន់លួចលក់ដីចម្ការ ដីព្រៃឈើ និងបឹងធម្មជាតិ ទើបមន្ត្រីអយ្យការកោះហៅលោកជាសាក្សីបញ្ជាក់ពីរឿងនេះ។ លោកបន្តថា អ្នកភូមិពិតជាបានដាក់ពាក្យប្ដឹង លោក ប៉ួយ ព្លីន ហើយលោកក៏បានអន្តរាគមន៍ពាក្យប្ដឹងជូនអាជ្ញាធរខេត្តអ្នកតំណាងរាស្ត្របន្តដោះស្រាយបញ្ហាជូនពលរដ្ឋ៖ «យើងបានបកស្រាយជូនតុលាការហើយ យើងបានបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមក្នុងខ្លឹមសារទាំងស្រុងដែលជាដើមបណ្ដឹងប្រជាពលរដ្ឋនៅភូមិប៉ក់ធំ»។
ទាក់ទិនការកោះហៅសកម្មជនសិទ្ធិមនុស្សមកសាកសួរនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា មានប្រសាសន៍ថា។ ការឆ្លើយបំភ្លឺរបស់លោក ឆាយ ធី គឺជាជំហានមួយសម្រាប់លោកបន្តនីតិវិធីស៊ើបសួររឿងក្ដីចោទប្រកាន់អ្នកភូមិ។ លោកថា ជាគោលការណ៍ច្បាប់មិនមានការឃាត់ខ្លួនសាក្សីបំភ្លឺនោះទេ៖ «វាទាក់ទងការប្ដឹងបរិហារកេរ្តិ៍ ឬបង្កាច់កេរ្តិ៍តែប៉ុណ្ណឹងទេ។ យើងគ្រាន់តែស៊ើបមើលតើដើមបណ្ដឹងប្ដឹងគាត់តើពិតឬអត់? អ៊ីចឹងយើងបន្តនីតិវិធី»។
នៅឯក្រៅបរិវេណតុលាការសាលាដំបូងខេត្ត ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ៧០នាក់ បានរង់ចាំស្វាគមន៍លោក ឆាយ ធី ខណៈលោកចូលទៅបំភ្លឺតាមការកោះហៅរបស់មន្ត្រីអយ្យការរហូតពេលវិលត្រឡប់ចេញទៅវិញ ដើម្បីលើកទឹកចិត្តអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ អ្នកភូមិចាត់ទុករឿងក្ដីនេះជារឿងក្ដីអ្នកភូមិ ហេតុនេះពួកគេបារម្ភខ្លាចតុលាការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សទើបនាំគ្នាមកលើកទឹកចិត្ត។
អ្នកភូមិមួយរូប គឺលោក ប៉ូយ ធ្វី ថ្លែងបញ្ជាក់ថា អ្នកភូមិគឺជាអ្នករងគ្រោះដោយការរំលោភសិទ្ធិរស់នៅ ជាពិសេសការរំលោភឈូសឆាយដីចម្ការដីព្រៃ និងបឹងធម្មជាតិដែលអ្នកភូមិអាស្រ័យផលពីសំណាក់ប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារ ក៏ប៉ុន្តែរឿងនេះបែរជាអ្នកភូមិត្រូវប្រធានគណៈកម្មការចោទពីបទបរិហារកេរ្តិ៍ទៅវិញ។ លោកថា អ្នកភូមិទាមទារឲ្យតុលាការស៊ើបអង្កេតរឿងក្តីទាំងពីរនេះដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ៖ «ឆ្នាំ២០១៦ ថាទៅដោះស្រាយក៏មិនដោះស្រាយ។ លើកទីមួយថា ដោះស្រាយចាំមួយអាទិត្យ រហូតបីខែនៅតែមិនដោះស្រាយ»។
ដូចគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលចូលរួមសង្កេតការណ៍ករណីនេះកត់សំគាល់ថា រឿងកោះហៅសកម្មជនសិទ្ធិមនុស្សគឺជាប់ទាក់ទិនជារឿងក្ដីរវាងអ្នកភូមិ និងប្រធានសហគមន៍ ហេតុនេះការប្រមូលផ្ដុំរបស់អ្នកភូមិនៅមុខតុលាការបង្ហាញថា អ្នកភូមិចង់ឲ្យតុលាការស៊ើបអង្កេតផ្ដល់យុត្តិធម៌ក្នុងរឿងក្ដីនេះ៖ «ជាទូទៅយើងសុំឲ្យតុលាការឈរលើភាពឯករាជ្យ ធ្វើម៉េចកុំឲ្យមានច្បាប់មួយមានស្តង់ដារពីរ អនុវត្តស្តង់ដារតែមួយដូចគ្នា»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ប្រជាពលរដ្ឋភូមិប៉ក់ធំ ១១នាក់ តំណាងឲ្យអ្នកភូមិជាង ២០០នាក់ បានដាក់ពាក្យប្ដឹងប្រធានគណៈកម្មការសហគមន៍មកស្ថាប័នអយ្យការរួចហើយ។ មន្ត្រីអយ្យការឲ្យដឹងថា កំពុងចាត់នីតិវិធីលើបណ្ដឹងអ្នកភូមិនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
