តុលាការ​កំពូល​លើក​ពេល​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប

តុលាការ​កំពូល សម្រេច​លើក​ពេល​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ទៅ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ខាង​មុខ​វិញ បន្ទាប់​ពី​ខកខាន​មិន​បាន​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ។

លោក ហួន ជុនឌី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៥​រូប ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក បញ្ជាក់​ថា មូលហេតុ​លើក​ពេល​សវនាការ​នេះ ដោយសារ​តែ​ការ​ឆ្លើយឆ្លង​លិខិត​រដ្ឋបាល​យឺតយ៉ាវ។ មាន​ន័យ​ថា មន្ត្រី​ពន្ធនាគារ​មិន​បាន​ទទួល​ដីកា​កោះ ហើយ​ក៏​មិន​បាន​នាំ​អ្នក​ទាំង​ប្រាំ​ទៅ​កាន់​តុលាការ​កំពូល​នោះ​ទេ។ លោក​មេធាវី​បន្ត​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​នេះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​របស់​លោក ព្រោះ​ថា​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​ឆាប់​រហ័ស និង​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង ៥​នាក់​ហើយ ដោយ​សំអាង​ហេតុ​ថា បារម្ភ​ខ្លាច​រត់​គេច​ខ្លួន និង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ទោះ​យ៉ាង​ណា លោក​មេធាវី ហួន ជុនឌី អះអាង​ថា ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ គឺ​កូន​ក្តី​របស់​លោក​មាន​ហេតុផល​ច្បាស់លាស់ ដោយ​មិន​ចាំបាច់​បន្ត​ឃុំ​ខ្លួន​ទៀត​នោះ​ទេ។

សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក ទាំង ៤​រូប មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​មន្ត្រី គ.ជ.ប លោក នី ចរិយា ជាប់​ចោទ​ពី​បទ​សម​គំនិត​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦។ អ្នក​ទាំង ៥​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ប្រកាន់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។