តុលាការកំពូល នឹងប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខប្រឆាំងនឹងការឃុំខ្លួនមន្ត្រីអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ដោយហួសការកំណត់នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ បន្ទាប់ពីបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៦ ខែមីនា។ មន្ត្រីសិទ្ធិមនុស្សទាំងនោះសង្ឃឹមថា តុលាការកំពូល ផ្តល់យុត្តិធម៌ជូនពួកគាត់។
ការបើកសវនាការនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីដាក់បណ្ដឹងសារទុក្ខទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងនឹងសាលដីកាឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ដោយហួសការកំណត់។
បន្ទាប់ពីសួរដេញដោលគ្នានៅក្នុងបន្ទប់សវនាការអស់រយៈពេលប្រមាណជាពីរម៉ោង លោក ឡោ ជុនធី មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង ៦រូប ដែលការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូបផងនោះ មានប្រសាសន៍ថា អង្គជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកានៅថ្ងៃទី១៣ ខែមីនា ខាងមុខ។
លោកមេធាវី ឡោ ជុនធី បន្តថា ការបន្តឃុំខ្លួនក្រោមហេតុផលថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវការពេលវេលាបន្ថែមទៀតក្នុងការស៊ើបអង្កេត គឺបណ្ដាលឲ្យប៉ះពាល់ដល់សិទ្ធិរបស់មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប៖ «បើនិយាយពីការឃុំខ្លួនជាផ្លូវច្បាប់ គឺការឃុំខ្លួនដើម្បីរកអ្វីដែលគេហៅថា យុត្តិធម៌។ តើយុត្តិធម៌នៅកន្លែងណា? រកកំហុសរកអីនៅក្នុងនីតិវិធីហ្នឹង អ៊ីចឹងបើរកមកដល់ពេលនេះ ៦ខែហើយ វាអត់មានការរីកចម្រើន វាចង់ចប់ហើយ ដូចខ្ញុំលើកឡើងអ៊ីចឹងមានការជូនដំណឹងពីការបិទហើយ អ៊ីចឹងអ្វីដែលពន្យារហ្នឹងគ្រាន់តែមុនបន្តិចទេ អ៊ីចឹងមកក្រោយបន្តិចនេះ តើវាមានការរីកចម្រើនអី វាតិចតួចបំផុត។ អ៊ីចឹងផលវិបាកទៅលើកូនក្ដីរបស់ខ្ញុំដែលជាប់ឃុំនេះ ទាំងស្ថានភាពផ្លូវចិត្ត ទាំងផ្លូវកាយ ទាំងសេដ្ឋកិច្ច និងកូនចៅរបស់គាត់នៅតូចៗ»។
សវនាការនេះមិនមានវត្តមានលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គ.ជ.ប ឡើយ មានតែវត្តមានមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប។
មន្ត្រីអាដហុកពីររូប គឺលោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈគេនាំខ្លួនពួកគាត់ទៅកាន់ពន្ធនាគារវិញថា នៅក្នុងសវនាការនោះ ពួកគាត់បានផ្តល់នូវមូលហេតុ និងទឡ្ហីករណ៍ជាច្រើនដើម្បីសុំនៅក្រៅឃុំ ដោយមានលក្ខខណ្ឌត្រឹមត្រូវតាមនីតិវិធី។ ពួកគាត់សង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ជូនពួកគាត់៖
«អ្នកស្រី លឹម មុន្នី៖ ប្រសិនបើតុលាការប្រកាន់នៅភាពយុត្តិធម៌ទៅលើការស៊ើបអង្កេតអោយបានច្បាស់លាស់ និងទៅលើសកម្មភាពផ្សេងៗ តាំងពីកើតហេតុមកដល់ថ្ងៃនេះ តុលាការពិតជាឲ្យពួកខ្ញុំនៅក្រៅឃុំបាន ប្រសិនបើគ្មានអំណាចនយោបាយគាបសង្កត់ទេ។ លោក យី សុខសាន្ត៖ សព្វថ្ងៃនេះ ដោយសារស្ថានភាពតុលាការវាអយុត្តិធម៌ ដែលធ្វើអោយសង្គមយើងបែកបាក់ ហើយខ្ញុំយល់ថា តុលាការដែលចាស់ៗហើយ គួរតែទុកជីវិតចុងក្រោយធ្វើអំពើល្អ ជួយប្រជាពលរដ្ឋយើងដែលរងនូវអំពើអយុត្តិធម៌»>។<p>
ដោយឡែកកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សាលាឧទ្ធរណ៍ ក៏បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំង ៥នាក់ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
មន្ត្រីអាដហុកទាំង ៤រូបរួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នរយៈពេលជាង ១០ខែមកហើយ គិតចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទ «សូកប៉ាន់សាក្សី» និង «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។
កាលពីថ្ងៃទី៥ ខែមីនា ពោលគឺមុនសវនាការនេះមួយថ្ងៃ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំនួន៧៨ ដែលភាគច្រើនមានមូលដ្ឋានក្នុងតំបន់អាស៊ី បានចេញសេចក្តីថ្លែងការណ៍រួមគ្នា «សម្ដែងការមិនពេញចិត្តជាខ្លាំង» ចំពោះការបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សកម្ពុជា ទាំង ៥រូប និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើអំពើហិង្សាលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា ការវាយប្រហារ «ដ៏ឥតអៀនខ្មាស» មកលើសកម្មជនការពារសិទ្ធិមនុស្សកម្ពុជា នៅរយៈពេលចុងក្រោយនេះ ដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្ររៀបចំទុកជាមុន «យ៉ាងច្បាស់លាស់» របស់អាជ្ញាធរកម្ពុជា ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញមតិប្រឆាំង ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងមកដល់ក្នុងរយៈពេល ៤ខែទៀត ហើយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
ពួកគេសង្កត់ធ្ងន់ថា៖ «អ្នកការពារសិទ្ធិមនុស្សមានតួនាទីយ៉ាងសំខាន់ក្នុងការទាមទារឲ្យអ្នកមានអំណាច មានការទទួលខុសត្រូវ។ ការវាយប្រហារមកលើបុគ្គលដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សដោយសន្តិភាព និងត្រឹមត្រូវតាមច្បាប់ គឺជារឿងខុសច្បាប់ ដែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
