អាដហុក​ប្ដឹង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប

0:00 / 0:00

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​២០ ឧសភា សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ប្រព័ន្ធ​យុត្តិធម៌​ថ្នាក់​លើ​ប្រឆាំង​ព្រះរាជអាជ្ញា​រង​ម្នាក់ និង​ចៅ​ក្រម​ស៊ើប​សួរ​ម្នាក់​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ទាក់ទង​នឹង​រឿង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ពីរ​រូប​ក្នុង​រឿង​ជម្លោះ​ដីធ្លី។

យ៉ាង​ហោច​ណាស់​មាន​ស្ថាប័ន​យុត្តិធម៌​ចំនួន ២ ដែល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ព្រះរាជអាជ្ញា និង​ចៅក្រម​នៃ​តុលាការ​ខេត្ត​សៀមរាប នោះ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​គ្រប់គ្រង​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា ពាក្យ​បណ្ដឹង​របស់​លោក ដែល​ប្ដឹង​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើប​សួរ លោក គី ឫទ្ធី នៃ​សាលាដំបូង​ខេត្ត​សៀមរាប​នោះ គឺ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល​បាន​ទទួល​ហើយ៖ «មាន​ត្រា​គេ​វាយ​នៅ​លើ​ពាក្យ​បណ្ដឹង​របស់​យើង។ មក​ដល់​ថ្មើរ​ហ្នឹង យើង​ដាក់​បាន​ពីរ​ស្ថាប័ន គឺ​បាន​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល។ នៅ​អគ្គ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ នៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ព្រោះ​បិទ​ទ្វារ​អស់​យើង​ទៅ​អត់​ទាន់ ចេញ​ពី​ធ្វើ​ការ​អស់»

លោក នី ចរិយា មាន​ប្រសាសន៍​បន្ថែម​ថា លោក​នឹង​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ពីរ​ទៀត គឺ​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ និង​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ ២​នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដោយ​អះអាង​ថា ស្រប​តាម​នីតិវិធី ដែល​ច្បាប់​ដោយ​កំណត់ គឺ​ផ្អែក​លើ​គតិ​ច្បាប់​សុទ្ធសាធ។

លោក នី ចរិយា ថ្លែង​ថា ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ទាំង​នេះ គឺ​ខុស​នីតិវិធី និង​រំលោភ​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មិន​អាច​ទទួល​យក​បាន។

ដោយ​ឡែក មេធាវី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​សៀមរាប ដែល​ការពារ​ក្ដី​ឱ្យ​អ្នក​ភូមិ​ទាំង​ពីរ​នាក់ គឺ​អ្នកស្រី ពូក យ៉ារ៉ាន់ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​២០ ឧសភា ថា ការ​ចាប់​ខ្លួន​កូន​ក្ដី​របស់​អ្នកស្រី គឺ​មិន​ត្រឹមត្រូវ​តាម​មូលដ្ឋាន​ច្បាប់​ទេ៖ «គេ​ចោទ​ប្រកាន់​គាត់​ពី​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​កាន់​កាប់​ថ្មី​លើ​អចលនវត្ថុ​របស់​បុគ្គល​ឯកជន ដោយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់។ ខ្ញុំ​យល់​ថា គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ក្នុង​ការ​ចោទ​ប្រកាន់​កូន​ក្ដី​ខ្ញុំ ទី​មួយ។ ទី​ពីរ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា កូន​ក្ដី​របស់​នាង​ខ្ញុំ បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ព្រះរាជអាជ្ញា សុក កែវបណ្ឌិត និង​លោក​ចៅក្រម គី ឫទ្ធី ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ប្ដឹងផ្ដល់​នេះ​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា។ ទោះ​ជា​ដូច្នេះ​ក្ដី កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ​ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក នី ចរិយា និង​មេធាវី ពូក យ៉ារ៉ាន់ ដែល​មន្ត្រី​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក។ ស្ថាប័ន​អយ្យការ​ដដែល ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា ជា​ការ​បំផ្លើស ញុះញង់។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ចៅក្រម​ស៊ើប​សួរ លោក គី ឫទ្ធី ថ្លែង​ថា ព្រះរាជអាជ្ញា​ដែល​ដឹកនាំ​ប៉ូលិស​ចុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ គឺ​ឈ្មោះ សុក បឿន និង វ៉ែន ឡន ដោយសារ​តែ​ពួក​គាត់​ទៅ​កាប់​បំផ្លាញ​ដំឡូងមី​របស់​ក្រុមហ៊ុន ហើយ​ចូល​ទៅ​សង់​ខ្ទម​លើ​ដី​របស់​គេ។ ពេល​នោះ គឺ​ប៉ូលិស​បាន​បង្ក្រាប​លើ​បទល្មើស​ជាក់ស្ដែង ទើប​តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ទាំង ២ ជា​បណ្ដោះ​អាសន្ន។ មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ការ​ចាប់​ខ្លួន​ថា​ខុស​ច្បាប់ ព្រោះ​នៅ​ខុស​ទីតាំង​ដី​មាន​ជម្លោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។