សាលាដំបូង​ខេត្ត​សៀមរាប​ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​សមាគម​អាដហុក

0:00 / 0:00

ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ជាមួយ​នឹង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ខ្លះ នៅ​តែ​ឆ្លើយឆ្លង​គ្នា​ចាប់​តាំង​តែ​ពី​អង្គការ​សិទ្ធិមនុស្ស​ធ្វើ​សន្និសីទ​កាសែត​រិះគន់​អំពី​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ២​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ថា​មិន​ត្រឹមត្រូវ​មក។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា កន្លង​ទៅ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​១​ទៀត ដោយ​ចោទ​ប្រកាន់​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​សមាគម​អាដហុក គឺ​ជា​ការ​លាប​ពណ៌​ទៅ​លើ​ស្ថាប័ន​តុលាការ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍​ប្រឆាំង​នឹង​វៀតណាម។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ត្រី​អយ្យការ​បាន​វាយ​បក​មក​លើ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ១​រូប ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ម្ដង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា កន្លង​ទៅ​នោះ។

ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ព្រមាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ឱ្យ​បញ្ឈប់​សកម្មភាព​រិះគន់​ទៅ​លើ​តំណាង​អយ្យការ​ខ្លះ​នៃ​សំណុំ​រឿង​ក្តី​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍ ដោយ​មាន​ជនជាតិ​វៀតណាម ធ្វើ​ការ​ជា​ច្រើន​នាក់​នោះ​ត​ទៅ​ទៀត។

ការ​ព្រមាន​តាម​រយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​បាន​គំរាម​ថា ប្រសិនបើ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​តែ​បន្ត​រិះគន់​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថាប័ន​ជាតិ និង​កិត្តិយស​បុគ្គល​ត​ទៅ​ទៀត គឺ​តុលាការ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ព្រះរាជអាជ្ញា​ដែល​ជា​អ្នក​គ្រប់គ្រង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប គឺ​លោក កើត វណ្ណារ៉េត។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ នៅ​លើ​ទំព័រ​សារព័ត៌មាន គេហទំព័រ​វិទ្យុ ព្រម​ទាំង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ស្ថាប័ន​អយ្យការ​របស់​លោក​ថា បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ជប់រំដេង ទៅ​ឃុំឃាំង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ និង​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​នឹង​សហគមន៍​វៀតណាម ដែល​ជា​ភាគី​ទំនាស់​ជាមួយ​អ្នក​ភូមិ​នោះ​ជាដើម។

លោក កើត វណ្ណារ៉េត បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ ដោយសារ​តែ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ព្រម​ទាំង​មេធាវី​ការពារ​ក្តី គឺ​កញ្ញា ពូក យ៉ារ៉ាន់ អត់​បាន​ទៅ​សិក្សា​ឱ្យ​ស៊ី​ជម្រៅ​អំពី​អង្គហេតុ​និង​អំពី​នីតិវិធី​នៃ​ច្បាប់ ព្រមទាំង​និយាយ​បំផ្លើស​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា កន្លង​ទៅ៖ «គាត់​អត់​ត្រូវ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដែល​មួលបង្កាច់​មក​លើ​ស្ថាប័ន​អយ្យការ​ខ្ញុំ​ទាំង​បំផ្លើស​ការ​ពិត​ទាំង​ស្រុង​អ៊ីចឹង​ទេ។ បើ​គាត់​នៅតែ​ព្យាយាម​ទៀត ខាង​យើង​ខ្ញុំ​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​ហើយ»

​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន ៥​ទំព័រ ដើម្បី​បំភ្លឺ​សាធារណជន​កុំ​ឱ្យ​យល់​ច្រឡំ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​ពន្យល់​ថា បុរស​អ្នក​ភូមិ​ជប់រំដេង ២​នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ឈ្មោះ​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម គឺ​ពិត​ជា​បាន​ទៅ​បំផ្លាញ​ដំណាំ និង​សង់​ខ្ទម​លើ​ដី​សហគមន៍​មែន ទើប​តុលាការ​សម្រេច​ឃុំ​ខ្លួន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ដែរ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ក៏​ចោទ​ប្រកាន់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ថា​បាន​ធ្វើ​សន្និសីទ​កាសែត​និយាយ​បំផ្លើស​ខុស​ពី​ការពិត ព្រម​ទាំង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ផង។

ទោះ​យ៉ាង​ណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នេះ ដោយ​ថា តំណាង​អយ្យការ​កាន់​សំណុំ​រឿង​ក្តី​អ្នក​ភូមិ​ជប់រំដេង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម នោះ កំពុងតែ​ទាញ​យក​ស្ថាប័ន​អយ្យការ​ទាំង​មូល​មក​ដាក់​ភ្ជាប់​ជាមួយ​នឹង​រឿង​របស់​បុគ្គល។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា កន្លង​ទៅ គឺ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មិន​បាន​ចោទ​ស្ថាប័ន​អយ្យកា​រទាំង​មូល​នៃ​សាលាដំបូង​ខេត្ត​សៀមរាប​ទេ គ្រាន់​តែ​រិះគន់​ជា​លក្ខណៈ​បុគ្គល​ទៅ​លើ​ព្រះរាជអាជ្ញា​រង ១​រូប និង​ចៅក្រម​ស៊ើប​អង្កេត ១​រូប នៃ​សំណុំ​រឿង​ក្តី​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ជាមួយ​សហគមន៍​វៀតណាម ថា​ធ្វើ​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ដោយ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

​លោក នី ចរិយា បង្ហាញ​ជំហរ​ថា បើ​ទោះបីជា​ពេល​នេះ ការ​រិះគន់​របស់​អាដហុក ទៅ​លើ​បុគ្គល ក៏​ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​ទាំង​មូល​ចេញ​សេចក្ដី​ថ្លែងការណ៍​មក​ប្រឈម​ជាមួយ​អាដហុក ក៏ដោយ លោក​មិន​ព្រួយ​បារម្ភ​ទេ គឺ​នៅ​តែ​បន្ត​គម្រោង​ប្ដឹង​ព្រះរាជអាជ្ញា​រង លោក សុខ កែវបណ្ឌិត និង​លោក គី ឫទ្ធី ជា​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​នោះ​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដដែល៖ «អង្គការ​សង្គម​ស៊ីវិល រឿង​គំរាមកំហែង​រឿង​អី​នេះ​គឺ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ជំហរ​របស់​យើង​នៅ​តែ​ប្រកាន់​យក​ការ​បម្រើ​សកម្មភាព​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​មាន​យុត្តិធម៌»

​លោក នី ចរិយា ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​ថា​លោក​បាន​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នោះ គឺ​មិន​ពិត​ទេ ពីព្រោះ​សកម្មភាព​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា កន្លង​ទៅ គឺ​ផ្តោត​សំខាន់​ទៅ​លើ​តែ​រឿង​យុត្តិធម៌​សម្រាប់​មនុស្ស​ជាតិ​ប៉ុណ្ណោះ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​នេះ បាន​កើត​ឡើង​បន្ទាប់ពី​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ២​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ឈ្មោះ​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ហើយ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ទាំង​ពីរ​នាក់ ដោយ​មិន​ព្រម​ដោះលែង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ទេ។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ ឱ្យ​ដឹង​ថា ថ្មីៗ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​ដី​ទំនាស់​នោះ​ទៀត។ ការ​ចុះ​ពិនិត្យ​បាន​មើល​ឃើញ​ថា បន្ទាប់ពី​សាលា​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង​ឱ្យ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ចំនួន ៤១៩​ហិកតារ​ដោយសារ​តែ​សហគមន៍​មិន​ទាន់​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ជា​ម្ចាស់​ដី ឯ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក៏​ធ្លាប់​ចុះ​ទៅ​ចាប់​ត្រាក់ទ័រ ដែល​ឈូស​ឆាយ​ដី​ទី​នោះ​មក គឺ​សហគមន៍ បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។

លោក នូ ពុទ្ធិ ចង់​ពញ្ញាក់​អារម្មណ៍​តុលាការ​ខេត្ត​សៀមរាប ឱ្យ​ពិនិត្យ​មើល​រឿង​ទំនាស់​ដីធ្លី​ទី​នោះ​ឡើង​វិញ ថា​តើ​ការ​សម្រេច​ឃុំ​ខ្លួន​បុរស​អ្នក​ភូមិ​ជប់រំដេង ២​នាក់​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ ឬ​ក៏​ជា​ការ​អនុវត្ត​លំអៀង​ទៅ​តាម​ផលប្រយោជន៍​អ្វី​មួយ?

​ទោះ​យ៉ាង​ណា អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​សៀមរាប ចង់​ឱ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​តុលាការ​គួរ​តែ​រិះរក​វិធី​ដោះស្រាយ​ដើម្បី​បន្ត​ភាព​ជា​ដៃគូ​ដោយ​ធ្វើការ​ជាមួយ​គ្នា​សម្រាប់​យុត្តិធម៌​សង្គម និង​ប្រទេស​ជាតិ​វិញ៖ «អំពាវនាវ​ចុះ​ដើម្បី​កុំ​ឱ្យ​ថា ការ​យក​អង្គការ​សង្គម​ស៊ីវិល​ជា​ឧបសគ្គ ជា​ឆ្អឹង​ទទឹង​ក ធ្វើ​ម៉េច​ឱ្យ​យល់​ថា យើង​រួប​រួម​គ្នា យើង​ធ្វើការ​ដើម្បី​ឱ្យ​សង្គម​យើង​មាន​ការ​ផ្ទៀងផ្ទាត់​ពី​គ្នា​ទៅ​វិញ​ទៅ​មក»

អង្គការ​លីកាដូ​យល់​ថា ទាំង​សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋ ថ្វី​ដ្បិតតែ​ធ្វើ​ការ​តាម​វិធី​ផ្សេង​គ្នា ប៉ុន្តែ​មាន​គោលដៅ​តែមួយ​សម្រាប់​ចូល​រួម​ការ​អភិវឌ្ឍ និង​លើក​ស្ទួយ​ប្រទេស​ជាតិ ព្រមទាំង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ ដូច្នេះ​អ្វី​ដែល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប កំពុង​ប្រទាំង​ប្រទើស​គ្នា​នេះ​គឺ​គ្រាន់តែ​ជា​ការ​មិនទាន់​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ មិន​មែន​ជា​បញ្ហា​ធំដុំ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។