បេក្ខជនដែលឈរឈ្មោះជាតំណាងរាស្ត្របក្សប្រឆាំង បានចាត់ទុកការបដិសេធរបស់សាលាឧទ្ធរណ៍មិនទទួលបណ្ដឹង ដែលប្ដឹង លោក ហ៊ុន សែន ថាបានបង្ហាញពីប្រព័ន្ធតុលាការនៅកម្ពុជា មានភាពលម្អៀង មិនឯករាជ្យ និងកំពុងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ។
បេក្ខជនដែលឈរជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានថ្លែងនៅថ្ងៃទី១៣ កក្កដា ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកថា ការបដិសេធនេះ សាលាឧទ្ធរណ៍បានអះអាងថា សំណុំរឿងមិនទាន់បញ្ជូនពីសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងនេះក្ដី ក្រឡាបញ្ជីម្នាក់បានទទួលសំណុំរឿងនេះ។
លោក សួង សុភ័ណ្ឌ៖ «ដល់ពេលខ្ញុំទាក់ទងទៅសាលាដំបូង យើងទៅដាក់ គេថាក្រឡាបញ្ជីទទួលពាក្យអត់នៅ វាមានបញ្ហាអ៊ីចឹង។ ហើយខ្ញុំទៅពីរលើក ដូច្នេះខ្ញុំដាក់ពាក្យបណ្ដឹងនេះទុកនៅក្រឡាបញ្ជីសាលាឧទ្ធរណ៍ហើយ តែគេអត់មានស៊ីញេទទួលអីទាំងអស់។ អ្វីដែលសំខាន់ ថាកំហុសរបស់លោក ហ៊ុន សែន ទាក់ទងនឹងរឿងយួនដែលមានលើទឹកដីខ្មែរនេះ គឺមិនអាចប្រកែកបានទេ ហើយយើងមានភស្តុតាងមួយពិតប្រាកដ។ ប៉ុន្តែ ទាក់ទងនឹងតុលាការនៅប្រទេសកម្ពុជា សាលាដំបូងហ្នឹង គឺបង្ហាញពីភាពមិនគោរពច្បាប់ គោរពនូវប្រទេសនីតិរដ្ឋ ដូច្នេះយើងយល់ឃើញថា អ្វីដែលសំខាន់ គឺយើងត្រូវតទៅឧទ្ធរណ៍ទៀត។ ហើយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងរកយុត្តិធម៌ជូនដល់រូបខ្ញុំ ពលរដ្ឋក្នុងប្រទេសទាំងមូល»។
ឆ្លើយតបទៅបញ្ហានេះ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ លោក សុភាព បានថ្លែងថា លោកបានទទួលពាក្យបណ្ដឹងនេះហើយ ប៉ុន្តែពុំទាន់ដឹងថា ព្រះរាជអាជ្ញារូបណាកាន់សំណុំរឿងនេះនៅឡើយទេ៖ «រឿងហ្នឹងមកដល់យូរហើយ អត់ទាន់ដឹងថាយ៉ាងម៉េចទេ ចាំខ្ញុំទៅដល់កន្លែងវិញ ខ្ញុំឆែកមើល តើនៅលោកព្រះរាជអាជ្ញាណា។ រឿងថ្នាក់ដឹកនាំហ្នឹងមាន មានអីឲ្យតំណាងគាត់មកជួបខ្ញុំថ្ងៃច័ន្ទ»។
កាលពីថ្ងៃទី៤ កក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់មិនចាត់ការបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈ ដោយមិនបញ្ជាក់មូលហេតុ។ បណ្ដឹងកាលពីថ្ងៃទី២០ មិថុនា នោះបានចោទលោក ហ៊ុន សែន ថាអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ជាង ៤ម៉ឺននាក់ រស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។
អ្នកសម្របសម្រួលកម្ពុជា បណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម លោក សន ជ័យ បានកត់សម្គាល់ថា នៅពេលមានបណ្ដឹងប្រឆាំងអ្នកនយោបាយ ឬអ្នកមានអំណាច តុលាការតែងបង្ហាញភាពរារែក និងខ្លាចញញើតមិនចាត់ការ ព្រោះតែឥទ្ធិពលអ្នកនយោបាយទៅវិញ៖ «ចំណុចមួយដែលតុលាការកម្ពុជា ត្រូវតែដើរឆ្ពោះទៅមុខ ជាពិសេសដូចជាករណីបណ្ដឹងរបស់ សួង សុភ័ណ្ឌ ហ្នឹងជាដើម គឺតុលាការត្រូវតែអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងឯករាជ្យ វាមិនមានមូលហេតុណាមួយដែលតុលាការត្រូវរារែកក្នុងការទទួលបណ្ដឹងពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងនយោបាយនៃប្រទេសនោះទេ ជាពិសេសបណ្ដឹងប្រឆាំងនឹងវត្តមាន ដូចជាឯកសារដែលពាក់ព័ន្ធនឹងការរស់នៅខុសច្បាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា»។
សាលាដំបូងរាជធានីភ្នំពេញ បានព្យាយាមច្រានចោលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ជាច្រើនលើក។ បន្ទាប់ពីបណ្ដឹងស្រដៀងគ្នានេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ ប្ដឹងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទាក់ទងនឹងការជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ ជាង ៥០០នាក់ នៅថ្ងៃបង្ហើយក្នុងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
