ចៅក្រមសាលាឧទ្ធរណ៍សម្រេចដោះលែងលោក ម៉ម សូណង់ដូ និងអ្នកភូមិប្រម៉ា ២នាក់ទៀត ឲ្យមានសេរីភាព តាមរយៈការសម្រាលឲ្យអនុវត្តទោសក្នុងពន្ធនាគារពី ៨ ទៅ ១០ខែ ពោលគឺកាត់តម្រឹមអោយស្មើនឹងរយៈពេលដែលពួកគាត់ត្រូវចាប់ និងឃុំខ្លួនរួចមកហើយ។
ក្នុងពេលប្រកាសសាលដីកានៅចំពោះមុខលោក ម៉ម សូណង់ដូ និងអ្នកភូមិប្រម៉ា ២នាក់ទៀត លោកចៅក្រម ឃុន លាងម៉េង បានប្រកាសថា សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងទុកជាបានការ ប៉ុន្តែបានកែប្រែចំណុចមួយចំនួនត្រង់ការផ្ដន្ទាទោស។
ក្នុងនោះក៏បានសម្រេច បន្ថយទោសឲ្យលោក ម៉ម សូណង់ដូ ពី ២០ឆ្នាំ មកនៅត្រឹម ៥ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារ ៨ខែ ឯទោសដែលនៅសល់ត្រូវព្យួរ។ ចំណែកអ្នកភូមិប្រម៉ា ២នាក់ ក៏ត្រូវបន្ធូរបន្ថយទោសឲ្យជាប់ក្នុងពន្ធនាគារត្រឹម ១០ខែ។
ទោះយ៉ាងណា លោក ម៉ម សូណង់ដូ និងអ្នកភូមិត្រូវអនុវត្តតាមលក្ខខណ្ឌឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រួមមានត្រូវមានវត្តមាននៅរាល់ពេលមានការកោះហៅ និងមិនអាចចាកចេញពីប្រទេសដោយពុំមានការអនុញ្ញាតពីតុលាការជាដើម។
លោកចៅក្រម ឃុន លាងម៉េង មានប្រសាសន៍ថា លោក ម៉ម សូណង់ដូ ដែលមានវ័យចាស់ និងអ្នកភូមិ ២នាក់ ដែលពុំសូវមានចំណេះដឹង និងមិនធ្លាប់មានទោសត្រូវទទួលបានការសម្រាលទោស។ លោកបន្តថា បទចោទលើលោក ម៉ម សូណង់ដូ ចុងក្រោយ គឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៖ «មិនមែនពាក់ព័ន្ធនឹងកុបកម្ម តែជាការផ្ដើមគំនិតក្នុងការកាប់រានដីព្រៃរបស់រដ្ឋ»។
ចៅក្រមសាលាឧទ្ធរណ៍បានរកឃើញថា លោក ម៉ម សូណង់ដូ បានផ្ដើមគំនិតឲ្យមានបទល្មើសព្រៃឈើតាមមាត្រា ៩៧ ចំណុចទី ៦ នៃច្បាប់ព្រៃឈើ និងផ្ដើមគំនិតជ្រៀតជ្រែកមុខងាររាជការសាធារណៈ មានស្ថានទម្ងន់ទោសតាមមាត្រា ២៨ ៥០៤ និង ៦០៩ នៃក្រមព្រហ្មទណ្ឌ។
គិតពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគារគម្រប់ ៨ខែ នៅថ្ងៃទី១៥ ខែមីនា។ ដូចគ្នានេះដែរអ្នកភូមិប្រម៉ា ២នាក់ ក៏នឹងបានជាប់ឃុំរយៈពេល ១០ខែ បើគិតត្រឹមថ្ងៃទី១៦ ខែមីនា។
ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលត្រូវអនុរក្សពន្ធនាគារនាំឡើងឡានឲ្យត្រឡប់ទៅពន្ធនាគារព្រៃសវិញ ដើម្បីរង់ចាំការដោះលែង បានថ្លែងអំណរគុណអ្នកដែលគាំទ្រលោក៖ «ខ្មែរទាំងអស់គ្នា និងបរទេសទាំងអស់គ្នា ដែលបានគាំទ្រ និងរកយុត្តិធម៌អោយបង!»។
សហមេធាវីការពារលោក ម៉ម សូណង់ដូ លោក ស សូវាន មានប្រសាសន៍ថា ជាការប្រសើរដែលកូនក្ដីរបស់ត្រូវរួចខ្លួន ប៉ុន្តែលោកនឹងពិចារណាប្ដឹងទៅសាលាកំពូលទៀត ដ្បិតកូនក្ដីរបស់លោកពុំមានកំហុសដូចការចោទប្រកាន់ឡើយ៖ «ព្រះរាជអាជ្ញាលើកឡើងចុងក្រោយបំផុត ដោយប្ដូរបទចោទ ការចោទប្រកាន់។ រួចព្រៃឈើហ្នឹងមានឯណា? វាជាដីសម្បទានសេដ្ឋកិច្ច ខុសគ្នានឹងព្រៃឈើ ដូច្នេះខ្ញុំបើចៅក្រមបើកសិទ្ធិទៅសាលាកំពូលយើងនឹងប្ដឹង»។
បើទោះជាយ៉ាងណា ការដោះលែងឲ្យលោក ម៉ម សូណង់ដូ និងអ្នកភូមិបានរួចពីពន្ធនាគារបានទទួលការសាទរពីក្រុមអ្នកឃ្លាំមើល និងអង្គការមិនមែនរដ្ឋាភិបាល។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកបានមើលឃើញពីចំណុចវិជ្ជមានមួយចំនួនចំពោះការកាត់សេចក្ដីដោយសាលាឧទ្ធរណ៍។ យ៉ាងនេះក្ដីលោកថា លោក ម៉ម សូណង់ដូ គឺពុំមានទោសទេប្រសិនបើតុលាការពិចារណាចំពោះសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន។
លោក អ៊ូ វីរៈ៖ «លោក ម៉ម សូណង់ដូ ជាអ្នកដែលគ្មានទោសទាល់តែសោះ ជាអ្នកស្អាតស្អំ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមើលទៅប្រជាពលរដ្ឋអ្នកសង្កេតការណ៍ទាំងអស់ មន្ត្រីភាគច្រើនក៏ឃើញថា រឿងក្ដីនេះមិនសមស្របដែរ។ ខ្ញុំមើលទៅមតិភាគច្រើន ទាំងសហគមន៍ជាតិ អន្តរជាតិ ដល់ប្រជាពលរដ្ឋ គឺសុទ្ធតែយល់ថា រឿងក្ដីនេះកឺមិនត្រឹមត្រូវទេ»។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលមានវ័យ ៧២ឆ្នាំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។
នៅខាងក្រៅសាលាឧទ្ធរណ៍ អ្នកគាំទ្រ លោក ម៉ម សូណង់ដូ ដែលភាគច្រើនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណ ៥០០នាក់ បានស្រែកហ៊ោកញ្ជ្រៀវសាទរចំពោះការដោះលែងលោក ម៉ម សូណង់ដូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
