សាលាឧទ្ធរណ៍​បើក​សវនាការ​ករណី​លោក ម៉ម សូណង់ដូ

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា បើក​សវនាការ​សំណុំ​រឿង​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ប្ដឹង​ទាស់​ដោយ​ជន​ជាប់​ចោទ ៣​នាក់ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស។

0:00 / 0:00

ជន​ជាប់​ចោទ​ទាំង​បី​រូប​នោះ​មាន​លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​ត្រូវ​កាត់​អោយ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​កសិករ ២​នាក់​ទៀត​ដែល​ត្រូវ​កាត់​អោយ​មាន​ទោស​ពី ៣ ទៅ ៥​ឆ្នាំ។

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​សវនាការ​លើ​រឿង​ក្ដី​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ជា​បណ្ដោះ​អាសន្ន ដោយ​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា។

បន្ទាប់​ពី​បាន​សាកសួរ​ជន​ជាប់​ចោទ​ទាំង ៣​នាក់ គឺ​លោក ម៉ម សូណង់ដូ អ្នក​ភូមិ​ប្រម៉ា ២​នាក់ គឺ​លោក ទូច រាម និង​លោក កាន់ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក​ចៅក្រម ឃុន លាងម៉េង បាន​សម្រេច​ផ្អាក​សវនាការ​រង់ចាំ​ជំនុំ​ជម្រះ​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

អង្គ​សវនាការ​ពេញ​មួយ​ព្រឹក​ចៅ​ក្រម​បាន​សាកសួរ​លោក ម៉ម សូណង់ដូ ពី​រឿង​រ៉ាវ​ដែល​ទាក់​ទង​ដល់​រឿង​ក្ដី ដើម្បី​បញ្ជាក់​បន្ថែម​លើ​ចម្លើយ​ដែល​បាន​ចង​ក្រង​ទុក​ដោយ​សាលា​ដំបូង។ លោក ម៉ម សូណង់ដូ ដែល​កាត់​សក់​ខ្លី ពាក់​អាវ​ស​ដៃ​ខ្លី មាន​ដាក់​ក្រវាត់ក ឈរ​ក្នុង​រង្វង់​ក្រចក​សេះ នៅ​តែ​អះអាង​ថា លោក​ពុំ​បាន​បង្កើត​ក្រុម​មនុស្ស ដើម្បី​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

នៅ​ក្រៅ​សវនាការ គឺ​នៅ​ពេល​ដែល​ត្រូវ​នាំ​ឡើង​ឡាន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ លោក ម៉ម សូណង់ដូ នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សវនាការ​សាលាឧទ្ធរណ៍​នៅ​ឡើយ ដោយ​លោក​រង់ចាំ​សេចក្ដី​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍ ស្រប​គ្នា​នេះ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​រូប​លោក។

នៅ​មុន​ពេល​សវនាការ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា មេធាវី​ការពារ​អោយ​លោក ម៉ម សូណង់ដូ គឺ​លោក ស សូវាន និង​លោក សំ សុខគង់ បាន​ស្នើ​ចៅក្រម​ពិចារណា​ពន្យារពេល​ការ​ជំនុំ​ជម្រះ ដោយ​សំអាង​ថា ជន​ជាប់​ចោទ​ចំនួន ៧​រូប​ផ្សេង​ទៀត ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​ជា​សាក្សី​ដាក់​បន្ទុក លោក ម៉ម សូណង់ដូ នោះ​ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​ដើម្បី​តតាំង​ក្ដី។ ប៉ុន្តែ​ត្រូវ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ជំទាស់ និង​បាន​អះអាង​ថា សាលា​ឧទ្ធរណ៍​បាន​កោះ​ហៅ​សាក្សី​ទាំង ៧​នាក់ ដែល​ជា​អ្នក​ភូមិ​ប្រម៉ា នោះ​ដែរ ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​មិន​ចូល​រួម។

លោក​មេធាវី ស សូវាន មាន​ប្រសាសន៍​ថា សាក្សី​ដាក់​បន្ទុក​លោក ម៉ម សូណង់ដូ ទាំង​៧ នាក់​គឺ​មាន​សារៈសំខាន់ ដើម្បី​មក​តតាំង​គ្នា។ លោក​មាន​ចម្ងល់​ថា​ហេតុ​អ្វី​ចៅ​ក្រម​កោះហៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ពុំ​មាន​សារសំខាន់​អ្វី​ក្នុង​រឿង​ក្ដី​នេះ​ទៅ​វិញ ខណៈ​ដែល​ចៅក្រម​មាន​សិទ្ធិ​អំណាច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​កោះ​ហៅ​សាក្សី និង​នាំ​ខ្លួន​មក​កាន់​តុលាការ។

នៅ​ខាង​ក្រៅ​របង​សាលា​ឧទ្ធរណ៍​សវនាការ ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា លើក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារ​អោយ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ពួក​គេ​ប្រកាស​ប្រាប់​សាលា​ឧទ្ធរណ៍​ថា លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ គឺ​ពុំ​មាន​ទោស។

លោក ម៉ម សូណង់ដូ ដែល​មាន​វ័យ ៧១​ឆ្នាំ បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧​ខែ​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​ជាប់​ចោទ​ពី​បទ​មេ​គំនិត​បង្កើត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ។ ហើយ​លោក​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។ ចំណែក​អ្នក​ភូមិ​ប្រមា លោក ទូច រាម ត្រូវ​កាត់​អោយ​មាន​ទោស ៥​ឆ្នាំ និង​លោក កាន់ សុវណ្ណ មាន​ទោស ៣​ឆ្នាំ។ ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ត្រូវ​សហគមន៍​អន្តរជាតិ​រិះ​គន់​ថា មាន​សភាព​ចម្លែក ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។