សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​លើ​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ពោធិ៍សាត់​ម្នាក់

សាលា​ឧទ្ធរណ៍​បាន​ប្រកាស​រក្សា​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទុក​ជា​បាន​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក្នុង​សំណុំ​រឿង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ម្នាក់ ពី​បទ​ចោទ​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​ក្រគរ ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ។ សាច់​ញាតិ​ជន​ជាប់​ចោទ​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ប្រកាស​សាលដីកា​សាលា​ឧទ្ធរណ៍ ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​ពិត​ប្រាកដ។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បន្ត​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​កូន​ក្ដី។

មេធាវី​ការពារ​ក្ដី​នៃ​អង្គការ​លីកាដូ (LICADHO) អ្នកស្រី សន ស៊ូដាលែន មិន​បកស្រាយ​ចំពោះ​ភស្តុតាង​ដែល​នឹង​បន្ត​ដាក់​ពាក្យ​ជំទាស់​ចំពោះ​សាលដីកា​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ​ទេ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ដាក់​បន្ត​នីតិវិធី​នេះ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​អ្នកស្រី៖ «ខ្ញុំ​កំពុង​រៀបចំ​បណ្ដឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត»

សាលាឧទ្ធរណ៍​បាន​សម្រេច​រក្សា​សាលក្រម​សាលាដំបូង​ខែត្រ​ពោធិ៍សាត់ ដាក់​ទោស​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកគ្រូ សោម សារាវុត នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា នេះ គឺ​តាម​បណ្ដឹង​របស់​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ លោក ប៉ុល ចាន់ថា និង​មេឃុំ​ស្នាអន្សា លោក មោក កោ។

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​លោក សោម សារាវុត ទេ។ ប៉ុន្តែ​មេធាវី​របស់​លោក​ប្រាប់​ថា សាលាឧទ្ធរណ៍​ចេញ​សាលដីកា​រក្សា​សាលក្រម​សាលា​ដំបូង​នេះ គឺ​សាលាឧទ្ធរណ៍​ក៏​ចេញ​ដីកា​ចាប់​ខ្លួន​ដែរ។

បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ដី​ទំហំ ៥០០​ហិកតារ នៅ​ចំណុច​អន្សរក្ដាម ធ្វើ​ជា​ព្រៃ​សហគមន៍ កាល​ពី​ឆ្នាំ​២០១១។

សាច់ញាតិ​លោក សោម សារាវុត គឺ​អ្នកស្រី ហម រ៉ា ថ្លែង​បន្ទាប់​ពី​ស្ដាប់​សវនាការ​ថា ប្អូន​ប្រុស​លោកស្រី​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោកស្រី​បន្ថែម​ថា អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​រំលោភ​យក​ដី​ទំហំ ៦៣​ហិកតារ​របស់​អ្នកភូមិ​សន្សក្ដាម នៃ​ឃុំ​ស្នាអន្សា ចំនួន ២១​គ្រួសារ ទៅ​ធ្វើ​ជា​ព្រៃ​សហគមន៍។ ត្បិត​ដី​នេះ​គ្មាន​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​អ្នក​ភូមិ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨៣ មក បែរ​ជា​នៅ​ឆ្នាំ​២០១៣ អាជ្ញាធរ​បាន​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ដោយ​ចោទ​ថា លោក​បាន​កាប់​រាន​ដី​ព្រៃ​ទៅ​វិញ៖ «បើ​ខ្ញុំ​មាន​ខ្ញុំ​អត់​ចង់​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អត់ អ៊ីចឹង​បាន​ខ្ញុំ​ឆ្អែត។ យុត្តិធម៌​វា​គ្មាន​នៅ​លើ​លោក​នេះ​មែន យុត្តិធម៌​ទៅ​ជា​ខ្ញុំ​ខុស យក​ដី​របស់​ខ្ញុំ​ហើយ ខ្ញុំ​ខុស​ទៀត។ បើ​ខ្ញុំ​យក​របស់​គេ​ខ្ញុំ​ខុស ខ្ញុំ​មិន​ថា ខ្ញុំ​បាន​អី​ចិញ្ចឹម​កូន​ខ្ញុំ។ តាំង​ពី​ឆ្នាំ​១៩៨៣ ខ្ញុំ​កាន់​កាប់​រហេមរហាម​ដែល​មាន​ព្រៃ​អី​កាប់​សូម្បី​តែ​បន្តិច​បើ​សិន​ជា ​មេ​ឃុំ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្ញុំ​អត់​មាន​សោកស្ដាយ​ទេ តែ​នេះ​ម៉ែ​ឪ​ធ្វើ​បាប​កូន​ចៅ​ខ្លួន​ឯង។ ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

បើ​ខ្ញុំ​មាន ​ខ្ញុំ​អត់​ចង់​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អត់ អ៊ីចឹង​បាន​ខ្ញុំ​ឆ្អែត។ យុត្តិធម៌​វា​គ្មាន​នៅ​លើ​លោក​នេះ​មែន យុត្តិធម៌​ទៅ​ជា​ខ្ញុំ​ខុស យក​ដី​របស់​ខ្ញុំ​ហើយ ខ្ញុំ​ខុស​ទៀត។ បើ​ខ្ញុំ​យក​របស់​គេ​ខ្ញុំ​ខុស ខ្ញុំ​មិន​ថា។

ពលរដ្ឋ​មក​ពី​ភូមិ​ស្វាយស ឃុំ​ស្នាអន្សា ស្រុក​ក្រគរ លោកស្រី ស្វាយ ឌី ថ្លែង​ថា សំណុំ​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ដល់​ទៅ ២១​គ្រួសារ ដែល​មាន​ជីវភាព​ក្រ​លំបាក៖ «ចុះ ​ចំណែក​អ្នក​ទីក្រុង​ ឈ្មោះ លោក សោម ប៊ុនធឿន ក្នុង​ចំណោម​ដី​នោះ​គឺ​មាន​ដី​លោក​មេឃុំ លោក​មេ​ឃុំ ផាន លោក​តា មាន និង​លោក សោម ប៊ុនធឿន គាត់​បាន​លក់​ឲ្យ​អ្នក​ទាំង​អស់​នោះ។ ចំណែក​ដី​ខ្ញុំ​នៅ​ពី​ក្រោយ​គាត់ គាត់​ថា​ដី​សហគមន៍។ ចំណែក​ដី​ដែល​គេ​ឲ្យ​បង្កើត​ធ្វើ​សហគមន៍ គាត់​និយាយ​ថា គាត់​រឹប​អូស​យក​ពី​ចិន។ តែ​ចំណែក​ដី​ចិន នៅ​តែ​ដី​ចិន ត្រង់​ហ្នឹង​ហើយ​ដី​ដែល​គេ​បង្កើត​សហគមន៍​គាត់​លក់​ឲ្យ​គេ​អស់ ទើប​គាត់​មក​រឹប​អូស​យក​ដី​ប្រជាជន​ធ្វើ​ជា​សហគមន៍​វិញ»

តំណាង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ លោក គុជ វេង ដែល​ធ្លាប់​ចុះ​ស្វែង​យល់​ពី​បញ្ហា​នេះ បាន​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​យុត្តិធម៌ ចុះ​សិក្សា​ស្រាវជ្រាវ​មុន​នឹង​ធ្វើការ​កាត់​សេចក្ដី​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ និង​កុំ​រើសអើង​និន្នាការ​បក្ស​នយោបាយ៖ «មុន​ចាត់ ​វិធានការ​សុំ​ឲ្យ​ទៅ​ពិនិត្យ​ភាព​ជាក់ស្ដែង​សិន រក​ហេតុផល​រក​យុត្តិធម៌​ឲ្យ​ច្បាស់លាស់​សិន ចាប់​ដាក់​គុក ឬ​ដាក់​ទោស​ពិន័យ​អី​ក៏​ខ្ញុំ​អាច​ទទួល​យក​បាន​ដែរ ហេតុផល​នេះ​ខ្ញុំ​បាន​ទៅ​ផ្ទាល់ ប៉ុន្តែ​រឿង​នេះ​អយុត្តិធម៌​ទាំង​ស្រុង យក​បង្គោល​ទៅ​បោះ​លើ​ដី​អាស្រ័យ​របស់​ពួកគាត់ ជា​ភូមិ​កំណើត​តាំង​ពី​បរុមបុរាណ​មក មិន​ទំនង​ដក​ដី​ទៅ​ធ្វើ​ដី​សហគមន៍​អ៊ីចឹង​ម៉េច​កើត ដក​ពី​ឯកជន​ទៅ​បម្រើ​ប្រយោជន៍​សាធារណៈ​មាន​តែ​ឲ្យ​បុគ្គល​នោះ​ស្លាប់​បាត់​ ហើយ»

អ្នក​ភូមិ​អះអាង​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍​អយុត្តិធម៌។ ពួកគាត់​នឹង​ហែ​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ទៀត ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​គ្រូបង្រៀន​រូប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។