មេធាវីការពារក្ដីឲ្យលោកស្រី ឈិន សុគន្ធារី បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លុបដីកាចាប់ខ្លួនកូនក្ដីរបស់លោកឲ្យផុតពីការតាមចាប់របស់សមត្ថកិច្ច ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ប្រកាសលើកពេលសវនាការដោយគ្មានថ្ងៃកំណត់។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ងួន អ៊ីម បានប្រកាសពន្យារពេលសវនាការ ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែវិច្ឆិកា ទៅថ្ងៃក្រោយវិញ តាមពាក្យស្នើសុំរបស់មេធាវីដើមបណ្ដឹងក្រោមហេតុផលថា គាត់មិនទាន់មានពេលគ្រប់គ្រាន់សិក្សាលើសំណុំរឿងនេះនៅឡើយ ដោយទើបតែទទួលបានសិទ្ធិពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ តែងតាំងជាមេធាវីការពារក្ដី និងម្យ៉ាងទៀត ដោយជាប់មានធុរៈផង។
យ៉ាងណាភ្លាមៗ ក្រោយមានការប្រកាសពន្យារពេលសវនាការមេធាវីការពារក្តីឲ្យលោកស្រី ឈិន សុគន្ធារី គឺលោក សុក សំអឿន បានស្នើសុំចំពោះមុខចៅក្រមជំនុំជម្រះឲ្យលុបដីកាចាប់ខ្លួនកូនក្តីរបស់លោកដោយសំអាងថា ការពន្យារពេលរបស់តុលាការដោយគ្មានថ្ងៃកំណត់នេះ កំពុងធ្វើឲ្យលោកស្រី ឈិន សុគន្ធារី បាត់បង់សិទ្ធិសេរីភាពមិនហ៊ានចូលស្រុក។
លោក សុក សំអឿន៖ «ការពន្យារនេះជាការពន្យាររបស់ភាគីដើមបណ្ដឹង ព្រោះបើអត់ពន្យារថ្ងៃនេះ គឺអាចកាត់ក្ដី ហើយកូនក្ដីខ្ញុំអាចរួចខ្លួន នេះឧទាហរណ៍អ៊ីចឹង បើសិនជាពន្យារអ៊ីចឹង វាធ្វើឲ្យកូនបាត់បង់សិទ្ធិសេរីភាព អត់ហ៊ានចូលស្រុកដោយសារការពន្យារ»។
យ៉ាងណាសំណើសុំរបស់លោក សុក សំអឿន ត្រូវបានចៅក្រមបង្គាប់ឲ្យដាក់លិខិតសុំផ្លូវការទៅតុលាការ ហើយលោកសន្យាថា នឹងដាក់លិខិតនោះក្នុងពេលឆាប់ៗ។
ក្នុងលិខិតផ្ញើមកវិទ្យុអាស៊ីសេរី លោកស្រី សុគន្ធារី បញ្ជាក់ថា លោកស្រីបានទិញដីទំហំជាង ៣៤ហិកតារ នៅសង្កាត់ភ្នំពេញថ្មី តាំងពីឆ្នាំ១៩៩៩ ដោយមានលិខិតផ្ទេរសិទ្ធិ ១៨ច្បាប់ និងមានការទទួលដឹងពីអាជ្ញាធរមូលដ្ឋាន និងបានបង់ពន្ធអាករជូនរដ្ឋរាប់ម៉ឺនដុល្លារកាលពីឆ្នាំ២០១១។
លោកស្រីបញ្ជាក់ក្នុងលិខិតថា សាលារាជធានីភ្នំពេញ ដែលកាលណោះគ្រប់គ្រងដោយលោក កែប ជុតិមា បានរំលោភយកដីរបស់គាត់ទាំងអស់ដាក់ជាសម្បត្តិរដ្ឋតាមអនុក្រឹត្យលេខ ១០១ ចេញកាលពីខែកក្កដា ឆ្នាំ២០១២ ក្រោមលេសថា ទុកធ្វើជាអាងស្តុកទឹកនៅរដូវវស្សា។ ប៉ុន្តែភ្លាមៗក្រោយពីរឹបអូសដីរបស់លោកស្រីរួចហើយនោះ សាលាក្រុងបែរជាស្នើសុំទៅរដ្ឋាភិបាលម្ដងទៀត ដោយអនុបយោគដីនោះពីដីរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋវិញ។ បច្ចុប្បន្នដីមានទំនាស់កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់បុរីពិភពថ្មី ដែលកំពុងសាងសង់ផ្ទះរាប់រយល្វែងសម្រាប់លក់។
លោក សុក សំអឿន មេធាវីការពារក្តីឲ្យលោកស្រី សុគន្ធារី បញ្ជាក់ថា តាមច្បាប់តុលាការមិនត្រូវចោទប្រកាន់គាត់ពីបទព្រហ្មទណ្ឌនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើដីនោះត្រូវបានធ្វើអនុបយោគជាដីឯកជនហើយនោះ ត្រូវប្រគល់ឲ្យម្ចាស់ដើម គឺលោកស្រី ឈិន សុគន្ធារី ដែលគ្រប់គ្រងដីនោះរយៈពេល ១៣ឆ្នាំមកហើយ។
លោក សុក សំអឿន៖ «មិនគួរណាយកបទព្រហ្មទណ្ឌទៅដាក់ទោសគាត់អ៊ីចឹងទេ ហើយម្យ៉ាងទៀត ដីហ្នឹងទៅជាឯកជនរបស់រដ្ឋហើយ ហ្នឹងតាមច្បាប់ត្រូវប្រគល់ឲ្យគាត់វិញ យកដីរបស់គាត់ដាក់រដ្ឋ ដល់ពេលរួចដាក់ឯកជនវិញ អ៊ីចឹងវាគួរតែប្រគល់ឲ្យគាត់វិញបានត្រឹមត្រូវ ដាក់ទោសគាត់ជាអ្នករំលោភ»។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
លោកស្រី ឈិន សុគន្ធារី ត្រូវបានជាប់ងារជាយាយក្រពើ បន្ទាប់ពីលោកស្រីប្រមូលទិញដីពីពលរដ្ឋជាង ៣៤ហិកតារ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រៀមសាងសង់សួនអភិរក្សសត្វក្រពើខ្នាតអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
លោកស្រីកំពុងគេចខ្លួននៅក្រៅប្រទេសពីការតាមចាប់របស់អាជ្ញាធរ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះ ពីបទរំលោភដីសាធារណៈរបស់រដ្ឋ កាលពីខែធ្នូ ឆ្នាំ២០១២ តាមបណ្ដឹងសាលារាជធានីភ្នំពេញ ដែលកាលណោះគ្រប់គ្រងដោយលោក កែប ជុតិមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
