សាលាឧទ្ធរណ៍​បើក​សវនាការ​ករណី​លោក ឈូក បណ្ឌិត

សាលា​ឧទ្ធរណ៍​បើក​សវនាការ​បណ្ដឹង​ដំណោះស្រាយ​ចំពោះ​ដីកា​លើកលែង​បទ​ចោទ​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដែល​បាន​ប្ដឹង​ទាស់​ដោយ​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​ស្វាយរៀង និង​ក្រុម​កម្មការិនី​រងគ្រោះ។
ដោយ សុ ជីវី
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈូក បណ្ឌិត ៣០៥
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច​ផ្អាក​សវនាការ​អសាធារណៈ​សាកសួរ​លើ​សំណុំ​រឿង​បាញ់​បាញ់​រះ​លើ​កម្មករ​ក្រុង​បាវិត និង​បាន​កំណត់​យក​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ដើម្បី​បន្ត​ការ​សាកសួរ។

ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក​ចៅក្រម ឃុន ម៉េងលាង មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្អាក​សវនាការ​បណ្ដោះ​អាសន្ន​ ក៏​ដោយសារ​តែ​សំណុំ​រឿង​នេះ​មាន​ភាព​ស្មុគស្មាញ ទាមទារ​ពេល​វេលា​អោយ​មាន​ការពិចារណា និង​ស៊ើបអង្កេត​បន្ថែម។

អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​ករណី​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់​នៅ​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​នៃ​សភា​ស៊ើប​សួរ។

បន្ទាប់​ពី​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​សាកសួរ លោក ឈូក បណ្ឌិត ត្រូវ​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​វិញ។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន លោក ឈូក បណ្ឌិត បាន​បដិសេធ​មិន​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ នៅ​ពេល​ត្រូវ​ចោទ​សួរ​ថា តើ​លោក​បាន​បាញ់​កម្មករ​អោយ​រង​របួស​ដែរ​ឬទេ?

លោក ឈូក បណ្ឌិត៖ «ចាំ​មើល​តិច​ទៀត គេ​ចេញ​មក​ហើយ សវនាការ​គេ​ចេញ​យ៉ាង​ម៉េច យើង​ចាំ​មើល​អ៊ីចឹង​ទៅ»

នៅ​ក្នុង​សវនាការ​សភា​ស៊ើបសួរ​ក៏​ឃើញ​មាន​វត្តមាន​ជន​រងគ្រោះ​ដែល​ជា​កម្មការិនី​ទាំង ៣​នាក់ និង​សាក្សី​ជាង ២០​នាក់។ សាក្សី​ទាំង​អស់​គឺ​ពុំ​មាន​សាក្សី​ខាង​ដើម​ចោទ ឬ​ខាង​កម្មករ​រង​គ្រោះ​ឡើយ ប៉ុន្តែ​ជា​សាក្សី​ឃើញ​ហេតុការណ៍​ និង​ដោះ​បន្ទុក​ឲ្យ​លោក សរ ចន្ថា ជា​នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត គឺ​​តុលាការ​ខេត្ត​ស្វាយរៀង ចាត់​ទុក​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ។

ជន​រង​គ្រោះ​ម្នាក់ កញ្ញា កែវ នា មាន​ប្រសាសន៍​ថា ពួក​នាង​ពុំ​មាន​សាក្សី​គឺ​ដោយសារ​តែ​​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​មាន​ការ​ភ័យខ្លាច។

នៅ​ក្នុង​សវនាការ​សាក​សួរ លោក ឈូក បណ្ឌិត បាន​អះអាង​ថា បាន​ប្រើ​កាំភ្លើង​ក្នុង​ពេល​កើត​ហេតុ ប៉ុន្តែ​បាន​បាញ់​ទៅ​លើ និង​បាន​ចោទ​ប្រកាន់​ក្រុម​កម្មករ​ថា បាន​ប្រទាញ​ប្រទង់​ជា​មួយ​គាត់​នៅ​ពេល​មាន​ការ​តវ៉ា​នៅ​រោងចក្រ​កៅវ៉េ​នោះ៖ «គម្រោង​ថានឹង​បាញ់ ប៉ុន្តែ​មិន​បាញ់​រះ​មក​ពួក​ខ្ញុំ​ទេ គាត់​ថា បាញ់​ឡើង​ទៅ​លើ​ដល់​ហើយ ទទួល​កាំភ្លើង​ជាប់​អី​ទេ ខ្ញុំ​មិន​សូវ​ដឹង​ដែរ»

ចំណែក​កម្មការិនី​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ នុត សាខន បាន​លើក​ឡើង​ដោយ​ខ្លី​ ក្នុង​នាម​ជា​អ្នក​រង​របួស​ថា គឺ​ជា​រឿង​អយុត្តិធម៌ នៅ​ពេល​ដែល​ជន​សង្ស័យ​នៅ​តែ​បន្ត​បដិសេធ​ទង្វើ​របស់​ខ្លួន៖ «បើ​មិន​បាញ់​មិន​មែន​គ្រាប់​កាំភ្លើង​ណា​មក​ជាប់​ដៃ​ខ្ញុំ​ហើយ​ហ្នឹង មក​ប្រកែក​ថា មិន​បាញ់​ម៉េច​កើត»

នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍​ក្រុម​កម្មករ អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ អ្នក​សហគមន៍​មាន​ទំនាស់​ដី​ធ្លី និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល សរុប​ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ស្រែក​តវ៉ា និង​បាន​លើក​បដា សុំ​ឲ្យ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់​កម្មការិនី​រង​គ្រោះ និង​ត្រូវ​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត៖ «តុលាការ​មិន​ត្រូវ​កាត់​ទោស​លំអៀង​តែ​ទៅ​លើប្រាក់​នោះ​ទេ។ យុត្តិធម៌ ឈូក បណ្ឌិត ត្រូវ​តែ​ជាប់​គុក»

ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ បាន​សម្រេច​ទម្លាក់​បទ​ចោទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​លើ​លោក ​ឈូក បណ្ឌិត ដែល​បាន​ចោទ​ប្រកាន់​ដោយ​ព្រះ​រាជអាជ្ញា​ខេត្ត​នេះ។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ លោក សរ ចន្ថា ជា​នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ និង​ដាក់​ឲ្យ​ស្ថិត​​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ​ក្នុង​សំណុំ​រឿង​បាញ់​ប្រហារ​កម្មករ។

សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ជាង ២០​នាក់ ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​នគរបាល បាន​អះអាង​ថា នៅ​ថ្ងៃ​កើត​ហេតុ​គឺ​មាន​តែ​លោក ឈូក បណ្ឌិត ម្នាក់​គត់​ដែល​មាន​កាន់​កាំភ្លើង​ខ្លី​តម្រង់​ឆ្ពោះ​ទៅ​រក​ក្រុម​កម្មករ៖ «បាញ់​ហ្នឹង​ខ្ញុំ​ក៏​មិន​ទាន់​ឃើញ​ច្បាស់​ដែរ ព្រោះ​ខ្ញុំ​នៅ​ក្នុង​រោងចក្រ ពេល​ឮ​សំឡេង កាំភ្លើង​ខ្ញុំ​ចេញ​មក​បាន​ឃើញ​គាត់ (លោក ឈូក បណ្ឌិត) បាញ់​ត្រង់​ទៅ​មុខ ងាក​មក​ឆ្វេង​ឃើញ​ក្មេង​ដួល។ សំណួរ៖ សន្និដ្ឋាន​ថា ឈូក បណ្ឌិត ជា​អ្នក​បាញ់? ចម្លើយ៖ បាទ! សំណួរ៖ ប៉ូលិស​ផ្សេង​ទៀត​គ្មាន​កាំភ្លើង​ទេ? ចម្លើយ៖ បាទ​គ្មាន​ទេ ហ្នឹង​កាំភ្លើង​ខ្លី»

កម្មការិនី ៣​នាក់ ដែល​រងគ្រោះ​ដោយ​ការ​បាញ់​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​កញ្ញា ប៊ុន ចិន្តា រង​របួស​ខាង​លើ​ដោះ​ឆ្វេង ធ្លាយ​ទៅ​ខ្នង នុត សុខន របួស​ខ្នង និង​កញ្ញា កែវ នា របួស​ដៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (20)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

កាំភ្លើងបាញ់ឡើងលើ ប៉ុន្តែខ្យល់បក់គ្រាប់ទាំងនោះ ឲ្យប៉ើងមកត្រូវមនុស្សទៅវិញ។

Mar 02, 2013 12:39 AM

KONE KHMER

ពី PHNOM PENH

THERE IS NO QUESTION AND NO DOUBT. CHHOUK BANDITH IS A CREMINAL. THE COURT DOES NOT CHARGE THIS CHHOUK BANDITH AS A CREMINAL, IT MEANS THAT CAMBODIA HAS NO LAW. CAMBODIA HAS THE COMMAND AND ORDER FROM HUN SEN ONLY. TO HELP CAMBODIA TO RESTORE LAW, ALL CAMBODIAN MUST STAND UP AND ELIMINATE HUN SEN. ALL KHMER MUST KEEP UP AND STAND UP AGAINST HUN SEN. IT IS THE TIME FOR US TO DO IT NOW.

Mar 02, 2013 12:39 AM

អ្នក​អាន​អនាមិក

go to the hell!!!

Feb 28, 2013 05:25 AM

ស្ទឹងសង្កែ

ពី បាត់ដំបង

មានអំណាចហើយមានច្បាប់ឯណាហ៊ានដាក់ទោស ព្រោះសង្គមខ្មែរអ្នកមានអំណាច និងលុយនៅលើច្បាប់ មនុស្សឈួក បណ្ឌិតនេះមានខ្នងក្រាស់ណាស់ មិនងាយច្បាប់ណាហ៊ានប៉ះទេ ។

Feb 28, 2013 04:40 AM

អ្នក​អាន​អនាមិក

Every thing we will waiting 30 years more for balance thing.

Feb 28, 2013 04:31 AM

មើល​មតិ​ទាំង​អស់.