ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ថោង សារ៉ាត់

0:00 / 0:00

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ សម្រេច​បន្ត​ឃុំ​ខ្លួន លោក​ឧកញ៉ា ថោង សារ៉ាត់ ដោយ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។ មេធាវី​ការពារ​ក្តី​របស់ លោក ថោង សារ៉ាត់ ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ ថា​ជា​ការ​សម្រេច​មិន​អាច​ទទួល​យក​បាន ព្រោះ​ជា​សេចក្ដី​សម្រេច​មិន​បាន​ផ្អែក​លើ​អង្គ​ហេតុ និង​ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ពេញលេញ។

មេធាវី​ការពារ​ក្ដី​របស់ លោក​ឧកញ៉ា ថោង សារ៉ាត់ បញ្ជាក់​ថា នឹង​ប្ដឹង​បន្ត​ទៀត​ប្រឆាំង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ ទៅ​តុលាការ​កំពូល បន្ទាប់​ពី​ឯកភាព​គ្នា​រួច​ពី​កូន​ក្ដី​របស់​ខ្លួន។

ការ​ប្រកាស​សាល​ដីកា​ដ៏​ប្រញាប់ ដោយ​ពុំ​បាន​ទុក​ពេល​អ្វី​ច្រើន​សម្រាប់​តតាំង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​នោះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។ ដោយឡែក​បទ​ចោទ​ផ្សេង​ទៀត គឺ​តុលាការ​ពុំ​បាន​លើក​មក​ពិចារណា​ទេ។ នៅ​ក្នុង​អង្គ​សវនាការ ពុំ​មាន​វត្តមាន លោក ថោង សារ៉ាត់ និង​ឪពុក​ម្ដាយ​របស់​លោក​ឡើយ គឺ​តំណាង​ដោយ​មេធាវី​ការពារ​ក្តី​ប៉ុណ្ណោះ។

មេធាវី​ការពារ​ក្ដី​របស់ លោក ថោង សារ៉ាត់ គឺ​លោក ទួត លុច អះអាង​ថា លោក​នឹង​ធ្វើ​បណ្ដឹង​សាទុក្ខ​បន្ត​ទៀត​ទៅ​តុលាការ​កំពូល បន្ទាប់​ពី​សេចក្ដី​សម្រេច​នេះ​ទៅ។ លោក​បន្ត​ថា ការ​ប្រកាស​សាល​ដីកា​ដោយ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នោះ គឺ​ជា​ការ​សម្រេច​ដែល​ពុំ​អាច​ទទួល​បាន​ឡើយ។ លោក​បន្ថែម​ថា សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​មិន​គ្រប់​ជ្រុងជ្រោយ ខ្វះ​ការ​ពិចារណា ជាពិសេស​ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​រក​ឃើញ​ថា លោក ថោង សារ៉ាត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​នេះ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​ការ​សម្រេច ដោយ​មិន​បាន​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ពេញលេញ រាល់​ភស្តុតាង​របស់​ខ្ញុំ និង​កូន​ក្តី​ខ្ញុំ​នៅ​ពេល​សវនាការ។ អ្នក​ទាំងអស់​គ្នា​ពិត​ជា​បាន​ឃើញ និង​ឮ​ដោយ​ផ្ទាល់​ក្នុង​ពេល​សវនាការ គឺ​ពុំ​មាន​ភស្តុតាង​ណា​ដែល​ជា​ភស្តុតាង​ដាក់​បន្ទុក​ទៅ​លើ​ឧកញ៉ា ថោង សារ៉ាត់ ទេ»

លោក​ឧកញ៉ា ថោង សារ៉ាត់ កាល​ពី​ខែ​មិថុនា ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ (២​ឆ្នាំ ៦​ខែ) ពី​បទ​លាក់​ទុក​អាវុធ​ដោយ​ខុស​ច្បាប់។ ចំណែក​ឪពុក​ម្ដាយ​របស់​លោក​វិញ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៦​លាន​រៀល។

បើ​ទោះ​ជា​បែប​ណា ការ​ប្រកាស​សាល​ដីកា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ គឺ​អ្នកស្រី ទិត សុទ្ធីបូរ៉ាលក្ខណ៍ គឺ​អ្នកស្រី​សម្រេច​បដិសេធ​បណ្ដឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារ​ក្ដី លោក ថោង សារ៉ាត់ និង​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ ហើយ​ចុង​ក្រោយ សម្រេច​បន្ត​ឃុំ​ខ្លួន លោក ថោង សារ៉ាត់ និង​ឪពុក​ម្ដាយ​របស់​លោក​បន្ត​ទៀត។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា បញ្ហា​នេះ​នៅ​តែ​មាន​ភាព​ស្មុគស្មាញ ដោយ​ហេតុ​ថា តុលាការ​នៅ​កម្ពុជា អនុវត្ត​នីតិវិធី​របស់​ខ្លួន​ទៅ​តាម​ទំនោរ​នៃ​របត់​នយោបាយ​ច្រើន​ជាង​ជំនាញ​វិជ្ជាជីវៈ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន យល់​ឃើញ​ថា ដោយសារ​តុលាការ​នៅ​កម្ពុជា អនុវត្ត​គោលការណ៍​ដោយ​ពុំ​មាន​ភាព​ឯករាជ្យ និង​ប្រាកដ​និយម ហេតុ​នេះ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​កាន់​តែ​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ម្យ៉ាង​បើ​រក​ឃើញ​ថា លោក ថោង សារ៉ាត់ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន គួរ​អនុវត្ត​តាម​នីតិវិធី ក៏ប៉ុន្តែ​បើ​រក​ឃើញ​ថា ពុំ​មាន​បទល្មើស​ទេ តុលាការ​គួរ​ហ៊ាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​កន្លង​មក ស្ថាប័ន​តុលាការ​តែង​ចាត់​ទុក​ថា​ជា​ស្ថាប័ន​ដែល​ឯករាជ្យ ក៏ប៉ុន្តែ​យើង​មើល​ពី​ដំណើរ​នីតិវិធី​ក្នុង​ការ​អនុវត្ត ហាក់​ដូចជា​ពេល​ខ្លះ​ទៅ​ហាក់​ដូចជា​រឿង​នយោបាយ​ខ្លះ​ទៅ និង​ពេល​ខ្លះ ធ្វើ​តាម​ច្បាប់​ខ្លះ​ទៅ»

លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​បញ្ជា​ឲ្យ​អង្គរក្ស​បាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្បែរ​អាង​ទឹក​អូឡាំពិក។ បទ​ចោទ​តាម​មាត្រា​២៨ នៃ​ក្រម​ព្រហ្មទណ្ឌ លោក ថោង សារ៉ាត់ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ស្ថាន​ទម្ងន់​ទោស​នេះ នៅ​មិន​ទាន់​គិត​ដល់​បទ​ចោទ​សំណុំ​រឿង​ផ្សេង​ទៀត គឺ​ការ​ប្រើប្រាស់​អាវុធ​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​នៅ​ឡើយ​ទៀត​ផង។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក្រុម​គ្រួសារ​របស់ លោក ថោង សារ៉ាត់ ធ្លាប់​បាន​អះអាង​ថា លោក ថោង សារ៉ាត់ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​ទម្លាក់​កំហុស និង​អាច​ជា​ការ​កាច់​កុង​ក្នុង​មុខ​ជំនួញ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។