សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ

ដោយ ម៉ម មុនីរតន៍
2017-03-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Ou Banung
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Ou Banung
RFA/Ou Banung

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹម សុខ ពាក់ព័ន្ធ​នឹង​បណ្ដឹង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី យល់​ឃើញ​ថា សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ងួន អ៊ីម នៅ​ពេល​នេះ ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​សម្រាប់​លោក គឹម សុខ។

ដើម្បី​បញ្ចៀស​ពី​ការ​តាម​ប្រមាញ់​រូបថត និង​សំឡេង​ពី​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​អគារ​សវនាការ ឆ្មាំ​ពន្ធនាគារ​បាន​ត្រៀម​រថយន្ត​ដែល​មាន​សភាព​ចាស់​បន្តិច​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​បរិវេណ​សាលា​ឧទ្ធរណ៍ រួច​រំដោះ​លោក គឹម សុខ តាម​រថយន្ត​នេះ​យ៉ាង​ប្រញាប់ប្រញាល់ រួច​បើក​ចេញ​ទៅ​បាត់ ខណៈ​រថយន្ត​ប្រភេទ ហ្វ័ត (Ford) ដែល​បើក​មក​ចត​នៅ​ខាង​មុខ​អគារ​ក្នុង​ពេល​តែ​មួយ គឺ​ជា​រថយន្ត​សម្រាប់​ដាក់​បញ្ឆោត ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​អ្នក​កាសែត​ពុំ​អាច​ថត​រូប និង​សំឡេង​បាន​ឡើយ។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រៀប​ក្បួន​ដាក់​បញ្ឆោត​ដូច្នេះ គឺ​ដើម្បី​គេច​ចេញ​ពី​ការ​ស្ដី​បន្ទោស​របស់​ថ្នាក់​លើ។

បើ​ទោះ​ជា​បែប​ណា លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​របស់​ខ្លួន​នៅ​ពេល​នេះ។ លោក​បន្ត​ថា មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​លោក ងួន អ៊ីម សម្រេច​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត គឺ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ ដើម្បី​បញ្ចប់​បទល្មើស​ថ្មី​កើត​ឡើង។ លោក ជូង ជូងី យល់​ឃើញ​ថា ការ​សម្រេច​បែប​នេះ គឺ​ស្មើ​នឹង​ការ​សន្មត​ទុក​ជា​មុន​របស់​ចៅក្រម ថា​កូន​ក្ដី​របស់​ខ្លួន​មាន​ទោស​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «តុលាការ​សំអាង ២​ចំណុច។ ទី​១ សំអាង​ថា​ដើម្បី​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី។ ទី​២ រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី។ ហើយ​សម្រាប់​ការ​ពិនិត្យ​របស់​ខ្ញុំ សំអាង​ពីរ​នេះ​គឺ​អត់​ត្រឹមត្រូវ​ទេ។ ការ​ដែល​សំអាង​ថា​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី សំអាង​បែប​នេះ​បាន​ន័យ​ថា តុលាការ​សន្មត​ទុក​ជា​មុន​ថា ពិត​ជា​មាន​បទល្មើស​មែន»

សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា ឆ្មាំ​យាម​ទ្វារ​ចូល​បន្ទប់​សវនាការ ហាម​មិន​ឲ្យ​អ្នក​កាសែត​បាន​ចូល​ស្ដាប់​ការ​ដេញដោល​ឡើយ។ ចំណែក​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន ក៏​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​នេះ​ដែរ ក្រោយ​បញ្ចប់​សវនាការ។

យ៉ាង​ណា សវនាការ​លើក​នេះ សង្កេត​ឃើញ​ថា កម្លាំង​នគរបាល​ត្រូវ​គេ​ដាក់​ពង្រាយ​ជាច្រើន​នាក់​រហូត​មាន​ថ្នាក់​ឧត្តមសេនីយ៍​ផ្កាយ​៣ ចុះ​អង្កេត​ដោយ​ផ្ទាល់​ផង និង​រឹត​បន្តឹង​សន្តិសុខ​ដ៏​តឹងរ៉ឹង​បំផុត។

លោក គឹម សុខ ត្រូវ​បាន​កម្លាំង​នគរបាល​ទាំងនោះ​បិទ​មុខ​បិទ​ក្រោយ សូម្បី​ថត​រូប​មួយ​សន្លឹក​ពុំ​អាច​ផង។ ជាង​នេះ​ទៀត ការ​នាំ​ខ្លួន​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ​មក​កាន់​តុលាការ គឺ​លឿន​ខុស​ពី​ធម្មតា ដែល​ពុំ​ធ្លាប់​មាន។

ជុំវិញ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា សាលា​ឧទ្ធរណ៍ បាន​ច្រាន​ចោល​ម្ដង​រួច​មក​ហើយ​អំពី​ដីកា​ឃុំ​ខ្លួន​លោក គឹម សុខ ដែល​មេធាវី​ចាត់​ទុក​ថា ដីកា​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង​ដ៏​ប្រញាប់។ លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ ថ្លែង​ដោយ​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ជា​ញឹកញាប់ តុលាការ​កម្រ​ឲ្យ​ក្រុម​អ្នក​តស៊ូ​មតិ អង្គការ សមាគម និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ឈ្នះ​ក្ដី​ណាស់។ លោក​បន្ត​ថា បញ្ហា​នេះ​អាច​ចាត់​ទុក​ថា ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​នៅ​កម្ពុជា សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា «តុលាការ​គាត់​លើក​ឡើង​អំពី​ហេតុផល​ផ្សេងៗ​ដើម្បី​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ។ បើ​យើង​សង្កេត​វា​ជា​វប្បធម៌​ជា​ហូរហែ​មក​អ៊ីចឹង»

ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​តុលាការ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ប្ដឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ ២​ឆ្នាំ។ បើ​ទោះ​ជា​បែប​ណា លោក ជូង ជូងី អះអាង​ថា លោក​នឹង​រៀបចំ​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត ប្រឆាំង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ បើ​ទោះ​ជា​ដឹង​ថា ពុំ​មាន​សង្ឃឹម​ឈ្នះ​ក្ដី​យ៉ាង​ណា​ក៏ដោយ​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តុលាការទីងមោង គ្មានសិទ្ធអីទាំង អស់លុះត្រាតែមានបញ្ជា។

Mar 22, 2017 05:53 AM

ហានិភ័យ

ពី តាកែវ

សូមកោតសរសើរនូវសេចក្តីក្លាហានចំពោះលោកគឹមសុខ អ្នកដែលចោទគាត់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម គឺអ្នកនោះទៅវិញទេដែលកំពុងតែភ័យខ្លាចស្រមោលខ្លួនឯងក៏តាំងរករឿងបំបិទមាត់អ្នកដែលហ៊ាននិយាយការពិត។លោកគឹមសុខគាត់គ្រាន់តែជាអ្នកវិភាគសង្គម គាត់វិភាគទៅតាមអង្គហេតុ ការលាក់កាមេរ៉ាសុវត្តិភាព
ការសើុបអង្គេតរបស់អាជ្ញាធរ មានភាពស្ពឹកស្រពន់របៀបលាក់លៀម ការពារអ្នកនៅពីក្រោយឃាតករ។គាត់វិភាគទៅយល់ឃើញថាគណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី។ ដូច្នេះគាត់ត្រូវតែនិយាយអញ្ចឹង តែបើគាត់និយាយខុសពីហ្នឹង បានន័យថាគាត់អន់ជាងពលរដ្ឋទៅទៀត ព្រោះពលរដ្ឋរាប់លាននាក់គេយល់ដឹងថាអ្នកណាជាឃាតករ។មិនខុសពីចោររត់ចូលទៅក្នុងផ្ទះ ហើយម្ចាស់ផ្ទះបានការពារចោរនោះមិនឲ្យគេចូលទៅឆែកឬចាប់ ដូច្នេះលោកគឹមសុខត្រូវតែវិភាគថាម្ចាស់ផ្ទះនោះជាអ្នករួមគំនិតជាមួយចោរ ។

Mar 22, 2017 03:36 AM

គេហទំព័រ​ទាំងមូល