ឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការ​ភ្នំពេញ​ករណី​អ្នកស្រី ទេព វន្នី និង​ស្ត្រី​៣​នាក់​ទៀត

0:00 / 0:00

សកម្មជន​ដីធ្លី​ដែល​លេច​ធ្លោ​ក្នុង​សកម្មភាព​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី រហូត​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​ជាច្រើន​ដង​ផង​នោះ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចៅក្រម​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​ទុក​ជា​បាន​ការ​ចំពោះ​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​រឿង​ជេរ​ប្រមាថ​មន្ត្រី​សាធារណៈ​កាល​ពី ៦​ឆ្នាំ​មុន។ អ្នកស្រី ទេព វន្នី ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោរព​សម្ដី​របស់​ខ្លួន​ថា នឹង​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែង​ទោស​អ្នកស្រី​ឲ្យ​មាន​សេរីភាព។

ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ ស្ត្រី​នៅ​តំបន់​បឹងកក់ ៤​នាក់ សម្រេច​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ តាម​រយៈ​មេធាវី​របស់​ខ្លួន។ ការ​ប្ដឹង​ទាស់​នេះ ត្រូវ​បាន​ចៅក្រម​សាលា​ឧទ្ធរណ៍ លោក ញូង ធុល ច្រាន​ចោល​ចម្លើយ​របស់​ជន​ជាប់​ចោទ​ទាំង ៤​នាក់ ថា​គ្រាន់​តែ​ជា​ការ​ដោះសា ហើយ​ការ​លើក​ឡើង​របស់​មេធាវី ក៏​មិន​អាច​ទទួល​យក​ទៅ​ពិចារណា​បាន។

ក្រោយ​ពី​ចៅក្រម​សម្រេច​ដូច្នេះ អ្នកស្រី ទេព វន្នី ស្ថិត​ក្នុង​សម្លៀកបំពាក់​អ្នក​ទោស​ពណ៌​ក្រហម​ចាស់ ដៃ​ជាប់​ខ្នោះ ស្រែក​ថា ការ​សម្រេច​របស់​តុលាការ​មិន​ដែល​កាត់​ក្ដី​រូប​អ្នកស្រី​ប្រកប​ដោយ​ភាព​សុក្រឹត យុត្តិធម៌​ម្ដង​ណា​នោះ​ទេ គឺ​កាត់​ទោស​ទៅ​តាម​ការ​បញ្ជា « ការ​កាត់​ក្ដី​របស់​លោក​ចៅក្រម​ពី​តុលាការ​ដំបូង​មក​តុលាការ​ឧទ្ធរណ៍​ជា​រៀង​រាល់​ប្រៀប​បាន​ដូចជា​ធ្វើ​ភាព​អាក្រាត​កាយ​មួយ​ឲ្យ​ពិភពលោក​បាន​ដឹង។ តុលាការ​នៅ​ស្រុក​ខ្មែរ គឺ​ជា​តុលាការ​ដែល​ស្អុយ គ្មាន​ប្រសិទ្ធភាព មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ទេ »

ខណៈ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​ខ្លួន​វិញ អ្នកស្រី ទេព វន្នី ស្រែក​ដង្ហោយ​ហៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ការ​ស្នើសុំ​លើកលែង​ពី​ព្រះមហាក្សត្រ « សូម​សម្ដេច​គោរព​តាម​អនុសាសន៍​របស់​សម្ដេច​ដែល​ថា នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​នាង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ជា​ទោស​ដែល​ក្លែងក្លាយ ជា​ទោស​ដែល​ស្ដាប់​បញ្ជា​តាម​ទូរស័ព្ទ »

អ្នកស្រី ទេព វន្នី រួម​នឹង​ស្ត្រី​បឹងកក់ ៣​នាក់​ទៀត មាន​លោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និង​លោកស្រី ហេង ម៉ុំ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ខែ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ពេល​ដែល​ពួក​គេ​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​តំបន់​បឹងកក់ នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១១។

ក្នុង​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ​មិន​អាច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ស្ត្រី​ទាំង​បួន​នាក់​បាន​ទេ ដោយសារ​តែ​សាលក្រម​នោះ​នៅ​មិន​ទាន់​ចូល​ជា​ស្ថាពរ ដោយ​ទុក​ពេល ១​ខែ​ឲ្យ​ជន​ជាប់​ចោទ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍។ ក្នុង​ករណី​ដែល​ស្ត្រី​បឹងកក់​ទាំង​បួន​នាក់​នឹង​ប្ដឹង​សារទុក្ខ​សេចក្ដី​សម្រេច​នេះ​ទៅ​តុលាការ​កំពូល ប្រសិន​បើ​ចៅក្រម​តុលាការ​កំពូល ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​ឧទ្ធរណ៍ នោះ​ពួក​គាត់​នឹង​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន ប៉ុន្តែ​បើ​តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ទៀត នោះ​ពួក​គាត់​នឹង​ប្រឈម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោយ​ពេល​សាល​ដីកា​របស់​តុលាការ​កំពូល​ចូល​ជា​ស្ថាពរ។

ចំពោះ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​នេះ គឺ​សំណុំ​រឿង​ដាច់​ដោយឡែក​មួយ​ទៀត។ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ អ្នកស្រី ទេព វន្នី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​សរុប ១៤​លាន​រៀល ក្រោម​បទ​ចោទ​ថា​ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​ចូល​ក្នុង​បន្ទប់​សវនាការ​នៅ​ព្រឹក​នេះ លោកស្រី បូ ឆវី យល់​ថា ការ​សម្រេច​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​​នេះ មិន​ឈរ​លើ​គោលការណ៍​យុត្តិធម៌​នោះ​ទេ « ភាព​អយុត្តិធម៌​នៅ​តុលាការ​ស្រុក​ខ្មែរ​យើង​នេះ គឺ​ខ្ញុំ​អត់​មាន​ជំនឿ​លើ​តុលាការ​ស្រុក​ខ្មែរ​ទេ គឺ​មិន​មែន​តុលាការ​កាត់​ក្ដី​ដោយ​ឆន្ទៈ​របស់​ខ្លួន កាត់​ដោយ​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ។ តុលាការ​ស្រុក​ខ្មែរ គឺ​តុលាការ​តេឡេ »

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ដែល​តាមដាន​រឿង​នេះ លោក អំ សំអាត ថា​ការ​ប្រើ​រូបភាព​ដោយ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប អស់​ជាច្រើន​ខែ​មក​នេះ មិន​បាន​ផ្ដល់​ផល​ចំណេញ​សម្រាប់​កម្ពុជា លើ​ឆាក​អន្តរជាតិ​នោះ​ទេ ដោយសារ​តែ​មាន​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ « ការ​ចាប់​អ្នក​ទាំងអស់​នោះ ដូច​ខ្ញុំ​លើក​ឡើង​ដូច​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី គឺ​ជា​សកម្មជន គឺ​ជន​សកម្ម​តវ៉ា និង​ធ្វើ​បាតុកម្ម ហើយ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​ជា​អ្នក​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​សហគមន៍​នានា។ នេះ​ខ្ញុំ​គិត​ថា​ការ​ឃុំ​ខ្លួន គឺ​វា​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ហើយ​អ្វី​ដែល​សំខាន់​គេ​គិត​ថា បើ​សិន​ជា​ពលរដ្ឋ​គាត់​មាន​ការ​ផុលផុស​ច្រើន​ហ្នឹង វា​ប៉ះពាល់ »

ចំណែក​ក្រុម​ស្ត្រី​បឹងកក់ និង​បុរីកីឡា ដែល​តែងតែ​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ឧទ្ធរណ៍ ដោយ​ស្រែក​ថា មន្ត្រី​ដែល​បម្រើ​ការ​ឲ្យ​ស្ថាប័ន​តុលាការ មិន​មែន​ជា​របស់​រដ្ឋ គឺ​ជា​របស់​ឯកជន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​រង​អយុត្តិធម៌​ជា​បន្តបន្ទាប់ « តុលាការ​នេះ​ក៏​មិន​មែន​ជា​របស់​រដ្ឋ​នោះ​ដែរ គឺ​ជា​របស់​ឯកជន របស់​បុគ្គល អ៊ីចឹង​ពួក​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់។ ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​គាត់​ដឹង​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ជួយ​អន្តរាគមន៍ បែរ​ជា​ប្រើ​ប្រព័ន្ធ​តុលាការ​ហ្នឹង​មក​គាប​សង្កត់​ប្រជាពលរដ្ឋ​ឯង​ទៅ​វិញ។ ចង់​បញ្ជាក់​ដែរ​ថា តុលាការ​ហ្នឹង​មិន​មែន​ជា​របស់​រដ្ឋ គឺ​ជា​របស់​ឯកជន ចង់​ឲ្យ​គាត់​ទាំងអស់​គ្នា​ដឹង​ឲ្យ​ច្បាស់​ផង »

ក្រៅ​ពី​នេះ ក្រុម​អ្នក​បឹងកក់ និង​បុរីកីឡា ក៏​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ចំពោះ​ចៅក្រម​រូប​ណា​ដែល​កាត់​ក្ដី​មិន​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ជា​អ្នក​រងគ្រោះ​ពី​ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ហើយ​ប្រែ​ក្រឡាស់​ពួក​គាត់​ទៅ​ជា​អ្នក​ប្រើ​ហិង្សា​ទៅ​វិញ « សូម​ឲ្យ​តុលាការ​ហ្នឹង​កាត់​ក្ដី​ឲ្យ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ បើ​តុលាការ​ណា​កាត់​ក្ដី​ដោយ​មិន​យុត្តិធម៌ សូម​ឲ្យ​ព្រះ​ដងកើ​ស័ក្ដិសិទ្ធិ​វាយ​បំបាក់​ក​តុលាការ​ហ្នឹង នៅ​លើ​កៅអី​កាត់​ក្ដី​ហ្នឹង ឲ្យ​ប្រជាជន​គេ​មើល​ឃើញ​ឲ្យ​ជាក់ស្ដែង »

ទោះ​បី​ជា​គ្មាន​ក្ដី​សង្ឃឹម​លើ​ប្រព័ន្ធ​តុលាការ​ថា​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន​យ៉ាង​ណា​ក្ដី ក្រុម​ស្ត្រី​បឹងកក់​នឹង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​សារទុក្ខ​លើ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ទៅ​តុលាការ​កំពូល បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។