សាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកាលើសំណុំរឿងសកម្មជនបក្សសង្គ្រោះជាតិម្នាក់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ក្រោមបទចោទកាប់រុករានដីព្រៃរបស់រដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ មេធាវី និងជនជាប់ចោទសង្ឃឹមថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅឧទ្ធរណ៍ នឹងផ្ដល់យុត្តិធម៌ជូនអ្នករងគ្រោះក្នុងរឿងដីធ្លីពិតប្រាកដ មិនដូចការសម្រេចនៅសាលាដំបូងនោះទេ។
ក្រុមពលរដ្ឋមានបញ្ហាដីធ្លី តំណាងពលរដ្ឋដែលជាជនជាប់ចោទ និងមេធាវី ទន្ទឹងរង់ចាំការសម្រេចរបស់ចៅក្រម បន្ទាប់ពីសវនាការដេញដោលឡើងវិញនៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៦ ខែមេសា។
គ្រូបង្រៀនក្រីក្រម្នាក់ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកក្រគរ គណបក្សសង្គ្រោះជាតិ លោក សោម សារាវុត ថ្លែងនៅថ្ងៃទី១៣ ខែឧសភា ថា បើសាលដីការបស់ចៅក្រមសាលាឧទ្ធរណ៍អយុត្តិធម៌ ឬតម្កល់សាលក្រមរបស់សាលាដំបូងខេត្តពោធិ៍សាត់ ទុកជាបានការ ដែលតម្រូវលោកជាប់គុក ៥ឆ្នាំវិញនោះ អ្នកភូមិ ២៥នាក់ នឹងហែញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ «វាមិនទាន់ច្បាស់ថ្ងៃណានៅឡើយទេ? ប៉ុន្តែនៅថ្ងៃប្រកាសសាលដីកាពួកគាត់ត្រូវឡើងទៅស្ដាប់ទទួលយក ឬយ៉ាងណា? គាត់នឹងរៀបចំក្បួនតវ៉ាជាបន្តទៀត។ អ៊ីចឹងបើទោះជាខ្ញុំត្រូវមានទោស ពួកគាត់នៅតែតវ៉ាជាបន្តទៅទៀត។ ខ្ញុំសំណូមពរឲ្យអង្គការក្រៅរដ្ឋាភិបាលនានា អាចជួយឃ្លាំមើលក្នុងការប្រកាសសាលដីកា ជាពិសេសទាក់ទងនឹងតាតភាពពិតលើដីធ្លីពលរដ្ឋ»។
លោក សោម សារាវុត បញ្ជាក់ថា អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើបានរំលោភយកដីទំហំ ៦៣ហិកតារ របស់អ្នកភូមិសន្សក្ដាម នៃឃុំស្នាអន្សា ចំនួន ២១គ្រួសារ ទៅធ្វើជាព្រៃសហគមន៍។ ត្បិតដីនេះគ្មានប្លង់កម្មសិទ្ធិ ប៉ុន្តែលោក និងអ្នកភូមិបានកាន់កាប់ និងអាស្រ័យផលតាំងពីដូនតាមក បែរជានៅឆ្នាំ២០១៣ អាជ្ញាធរបានប្ដឹងរូបលោកទៅតុលាការដោយចោទថា លោកបានកាប់រានដីព្រៃទៅវិញ។
មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ គឺអ្នកស្រី សន ស៊ូដាឡែន ថាអ្នកស្រីនឹងពិភាក្សាជាមួយកូនក្ដីដើម្បីប្ដឹងទៅកំពូលទៀត ក្នុងករណីដែលសាលដីកាមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីអ្នកស្រីទៀត៖ «ក្នុងរឿងនេះមុនថ្ងៃទី១៧ មុនពេលប្រកាសសាលដីកា គឺខ្ញុំបានដាក់បញ្ចូលនូវភស្តុតាងមួយចំនួនទៀត និងខ្ញុំបានបញ្ជូនសេចក្ដីសន្និដ្ឋានការពារក្ដី ហើយរឿងនេះខ្ញុំសង្ឃឹមថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងផ្ដល់យុត្ដិធម៌មកលើកូនក្ដី ខ្ញុំ ព្រោះកូនក្ដីគឺជាជនដែលមិនបានប្រព្រឹត្តដូចការចោទប្រកាន់»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងចៅក្រមនៃសាលាឧទ្ធរណ៍ និងតំណាងដើមបណ្ដឹងក្នុងសំណុំរឿងនេះ ដើម្បីសុំការការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
យ៉ាងណានាយផ្នែករដ្ឋបាលព្រៃឈើក្រគរ លោក ប៉ុល ចាន់ថា និងមេឃុំស្នាអន្សា លោក មោក កោ ដែលជាតំណាងដើមបណ្ដឹងក្នុងសំណុំរឿងនេះធ្លាប់បញ្ជាក់ស្រដៀងគ្នាថា អាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យគ្រប់លទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ តែលោក សោម សារាវុត នៅតែមិនព្រមទទួលយកការដោះស្រាយ ហើយបានបំបែកចំនួនគ្រួសារពី ៦ ទៅជា ២១គ្រួសារទៀតផង ដើម្បីតវ៉ាទាមទារយកដីសម្បូរព្រៃ និងបានកំណត់ជាដីព្រៃសហគមន៍កាលពីឆ្នាំ២០១២ រួចទៅហើយនោះ។
ប្រភពពីពលរដ្ឋនៅឃុំស្នាអន្សា ឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ បានបោះបង្គោលថ្មកំណត់ព្រំប្រទល់ដីសហគមន៍ បណ្ដាលឲ្យប៉ះពាល់លើដីមានប្លង់រឹងរបស់ពលរដ្ឋពីរគ្រួសារផ្សេងទៀត គឺឈ្មោះ ទុយ មឿន និង កែវ រឹម ខណៈលោក សោម សារាវុត ដែលធ្លាប់ជាតំណាងពលរដ្ឋតវ៉ារឿងដីធ្លីនៅតំបន់អន្សក្ដាម នៃឃុំស្នាអន្សា នោះជាប់បណ្ដឹងនៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
