សេចក្តីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ មានគោលបំណងលើកកម្ពស់ការបង្ការ និងការពន្លត់អគ្គីភ័យ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ច្បាប់នេះមានគោលដៅកំណត់អំពីការទទួលខុសត្រូវរបស់ជនគ្រប់រូប និងអំពីលក្ខខណ្ឌ វិធានការនានា ដើម្បីបង្ការ និងពន្លត់អគ្គីភ័យ។
សមាជិកសភាចំនួន ៩៤រូប ក្នុងចំណោម ៩៧រូប បានអនុម័តច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងការពារសេចក្តីព្រាងច្បាប់នោះថា ច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យមាន ៨ជំពូក ចែកចេញជា ៣៣មាត្រា។ ច្បាប់នេះបង្កើតឡើងក្នុងបំណងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយអគ្គីភ័យ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានកំណើនគួរឲ្យព្រួយបារម្ភ គំរាមកំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់អាយុជីវិត សុខុមាលភាព និងបំផ្លាញទ្រព្យសម្បត្តិ បរិស្ថាន ជះឥទ្ធិពលធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៖ «ជំពូក៣ ការបង្ការអគ្គីភ័យមាន ៧មាត្រា ចាប់ពីមាត្រាទី១៤ ដល់មាត្រា២០។ ជំពូកនេះចែងអំពីវិធានការនានាក្នុងការបង្ការកុំឲ្យមានអគ្គីភ័យកើតឡើង»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក យឹម សុវណ្ណ ថ្លែងថា មន្ត្រីប៉ូលិសពន្លត់អគ្គីភ័យតែងតែរងនូវការចោទថា បានទារប្រាក់ និងតថ្លៃអ្នកដែលមានផ្ទះ និងសម្ភារៈត្រៀមឆេះមុនសិន មុននឹងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះជាដើម៖ «វាទាល់តែមានការសូកប៉ាន់ បានធ្វើការពន្លត់ និងពន្លឿនការពន្លត់ តែបើមិនមានការសូកប៉ាន់ទេ រេរាធ្វើការពន្លត់អគ្គីភ័យជួយប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ រឿងនេះជារឿងដែលកើតមានឡើងជាក់ស្តែងនៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ»។
លោក ស ខេង បានការពារថា ក្រសួងមហាផ្ទៃ មិនដែលទទួលបានលិខិត ឬពាក្យបណ្ដឹងអំពីបញ្ហាសមត្ថកិច្ចក្រោមឱវាទក្រសួងមហាផ្ទៃ បានយកប្រាក់ពីជនរងគ្រោះភ្លើងឆេះផ្ទះនោះម្តងណាឡើយ៖ «គ្មានពាក្យបណ្ដឹងណាជាក់លាក់ចង្អុលមុខមនុស្សឲ្យជាក់លាក់ ដើម្បីឲ្យយើងធ្វើការបានទេ។ តែយើងបានធ្វើការ ព្រោះឥឡូវនេះនៅក្រសួងមហាផ្ទៃ ក៏មានអគ្គាធិការដ្ឋានធ្វើការត្រួតពិនិត្យអធិការកិច្ច ការគ្រប់គ្រងរដ្ឋបាលទាំងអស់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទាក់ទងនឹងមន្ត្រី ទាំងស៊ីវិល ទាំងនគរបាល។ បើមានពាក្យបណ្ដឹងជាក់លាក់ គឺយើងទៅធ្វើអធិការកិច្ចភ្លាម ទៅស្រាវជ្រាវភ្លាម»។
ចំណែកលោក កែត ឃី តំណាងរាស្ត្របក្សប្រឆាំង ថ្លែងថា ជំពូកទី៦ ទោសបញ្ញត្តិមាត្រា២៧ ច្បាប់នោះមានការដាក់ទោសស្រាលខ្លាំងចំពោះមន្ត្រីប៉ូលិសអគ្គីភ័យ ដែលខ្វះការទទួលខុសត្រូវក្នុងពេលបំពេញភារកិច្ច ឬបំពេញភារកិច្ចដោយមិនត្រឹមត្រូវ ក្នុងការពន្លត់អគ្គីភ័យ គឺមានទោសតែពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។ ផ្ទុយពីមាត្រា២៩ បែរជាដាក់ទោសអ្នកផ្តល់ព័ត៌មានក្លែង ឬអំពើបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឲ្យជឿថាអគ្គីភ័យនឹងកើតឡើង ឬអគ្គីភ័យបានកើតឡើង ដែលត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ២ឆ្នាំ ពិន័យជាប្រាក់ ២លាន ទៅ ៤លានរៀល ដែលសុំឲ្យកែតម្រូវ និងបន្ថែមពាក្យពេចន៍ទៅក្នុងច្បាប់នោះ។
ចំណែកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងថា សុំឲ្យម្ចាស់សណ្ឋាគារ និងម្ចាស់អគារខ្ពស់ៗ និងមានអគារនៅក្រោមដី ហើយនិងរោងចក្រ សហគ្រាសនានា គួរត្រៀមឧបករណ៍ពន្លត់អគ្គីភ័យដោយខ្លួនឯង នៅកន្លែងដែលអគារមានកម្ពស់លើសពី ៣០ ទៅជាង ៤០ជាន់ និងក្រោមដី ដែលមានជម្រៅជ្រៅខ្លាំងជាដើម៖ «អីចឹងទេ យើងមិនទាន់មានឧបករណ៍ដើម្បីទៅពន្លត់អគ្គីភ័យនៅខាងលើជាន់ទី៤២ នោះបានទាន់ពេលវេលានោះទេ។ មួយទៀត ដូចជានៅក្នុងដី ដែលមាន ៥ជាន់នៅក្នុងដីជាដើម។ល។ អីចឹង ទាមទារធ្វើយ៉ាងម៉េចឲ្យអ្នកដែលគូរប្លង់ដំបូង ត្រូវរៀបចំធ្វើម៉េចឲ្យមានការពាក់ព័ន្ធទៅនឹងការការពារ និងការពន្លត់អគ្គីភ័យ»។
ទោះជាមានការពិភាក្សា និងជូនយោបល់ខ្លះពីអ្នកតំណាងរាស្ត្រក៏ដោយ ច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ មិនត្រូវបានកែសម្រួលពីសេចក្ដីព្រាងដើមអ្វីទាំងអស់។
នៅក្នុងការពិភាក្សា និងអនុម័តរបស់រដ្ឋសភា នៅថ្ងៃទី៧ ខែឧសភា នេះដែរ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ១រូប ក៏ត្រូវសមាជិកសភាបោះឆ្នោតជាប់ លោក ពិត តាំងសាង ជំនួសលោក ប៉ែន ថុល ដែលនឹងត្រូវចប់ភារកិច្ចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខ។
រដ្ឋសភាក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រាទី២៨ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
